ជួយមើលផង៖ឈ្មួញឈ្មោះ សៀក និងឈ្មោះ ស៊ី​ នៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ យ៉ាងរលូន

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន១៨០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។
ព្រះវិហារ៖រភពពីប្រជាពលរដ្ឋក្នុងភូមិរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានឲ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះវិហារ នៅតែបណ្តោយឲ្យឈ្មួញឈ្មោះ សៀក និងឈ្មោះ ស៊ី ដែលជាបងប្អូននឹងគ្នាធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចេញទៅខេត្តកំពត យ៉ាងពេញបន្ទុក។
ប្រភពបានឲ្យដឹងទៀតថា ឈ្មួញឈ្មោះ សៀក និងឈ្មោះ ស៊ី តែង​ដឹកជញ្ជូនឈើចេញពីព្រៃព្រះរកា ដោយប្រើគោយន្តកន្ត្រៃ ហើយលើកដាក់លើរថយន្តធុនធំប្រភេទវ៉េអង នៅចំណុចភូមិរំដោះស្រែ ស្រុកជាំក្សាន្ត តាមអំពើចិត្ត។ បន្ទាប់មកឈ្មួញទាំង២នាក់នេះដឹកជញ្ជូនឈើចេញពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទៅដល់ខេត្តកំពត ព្រោះមានការសម្រួលពីមន្ត្រីជំនាញនិងសមត្ថកិច្ចតាមដងផ្លូវ​ជាប្រចាំ។

ប្រភពខ្លះបានលើកឡើងថា​ ឈ្មួញឈ្មោះ សៀក និងឈ្មោះ ស៊ី​ មានខ្នងបង្អែករឹងមាំទើបអាចធ្វើសកម្មភាពដឹកជញ្ជូនឈើតាមរថយន្តធុនធំពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទៅដល់ខេត្តកំពត ជាច្រើនឆ្នាំមកហើយ។ ជាក់ស្តែងលោក​ នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ និងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលឈ្មួញឈ្មោះ សៀក និងឈ្មោះ ស៊ី ដឹកជញ្ជូនឈើចេញពីស្រុកជាំក្សាន្ត យ៉ាងគឃ្លើន។ សូម្បីតែលោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងលោក សួស​ សុខដារ៉ា​ ស្នងការនគរបាលខេត្តព្រះវិហារ ក៏មិនហ៊ានប៉ះពាល់ឈ្មួញ២នាក់បងប្អូនគឺឈ្មួញឈ្មោះ សៀក និងឈ្មោះ ស៊ី នោះដែរ។

ប្រជាពលរដ្ឋក្នុងស្រុកជាំក្សាន្ត បានរិះគន់ថា នៅពេលពួកគាត់ដឹមកជញ្ជូនឈើបន្តិចបន្តួចសម្រាប់សាងសង់ផ្ទះជាទីជម្រកតែងត្រូវមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាប​យ៉ាងកំរោល។ ចំណែកឈ្មួញឈ្មោះ សៀក និងឈ្មោះ ស៊ី កាប់ឈើ ដឹកជញ្ជូនឈើចេញពីតំបន់ព្រៃព្រះរកា ស្រុកជាំក្សាន្ត ទៅដល់ខេត្តកំពត ដោយប្រើប្រាស់រថយន្តធុនធំ ធ្វើឲ្យខូចផ្លូវខូចស្ពាន ជាបន្តបន្ទាប់មិនដែលឃើញមានមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការបង្ក្រាបទាល់តែសោះ។ ​ហេតុនេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម គួរពិនិត្យឡើងវិញខ្លះផង ព្រោះបច្ចុប្បន្នឈ្មួញឈ្មោះ សៀក និងឈ្មោះ ស៊ី នៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ យ៉ាងគគ្រឹកគគ្រេង៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News