
ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន១៨០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។
កណ្ដាល៖គម្រោងស្ដារអភិវឌ្ឍន៍ផង និងលក់អាចម៍ដី (បឹងបែកក្អម) ដែលមានទំហំ៥៤ហិកតា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំបូល ខេត្តកណ្ដាលផង ពោល គឺ ព្រួញមួយបាញ់បានសត្វពីរ ដោយទទួលបានថវិកាជាតិផង និងការឃុបឃិតគ្នាលក់អាចម៍ដីក្នុង១ហិកតាតម្លៃ៣០.០០០$ គឺលក់អាចម៍ដី ក្រោមលេសស្ដារអភិវឌ្ឍន៍ ស្ដារបឹងអូរ ធម្មជាតិ«ដីបឹងបែកក្អម»ផង។ គម្រោងស្ដារអភិវឌ្ឍន៍ បឹងអូរ ធម្មជាតិ ចំនួន២២កន្លែង នៅស្រុកមុខកំពូល ខេត្តកណ្ដាល ជាហេតុនាំឱ្យអាជ្ញាធរមូលដ្ឋាន រួមនិងមន្ត្រីមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកណ្ដាល ដែលមានលោក អ៊ុក វណ្ណា ប្រធានមន្ទីរបានសំងំប្រមូលលុយ និងកើបលុយ បានរាប់សិបម៉ឺនដុល្លារ យ៉ាងស្ងៀមស្ងាត់ ។
ប្រភពបានអះអាងថា៖ ដីបឹងបែកក្អម មន្ត្រីធនធានទឹកខេត្តកណ្ដាល បានកំណត់លក់អាចម៍ដីឱ្យឈ្មួញ ក្នុង១ហិកតា តម្លៃ៣០.០០០$ អញ្ចឹង ដីបឹងបែកក្អម ទំហំ ៥៤ហិកតាគិតជាទឹកប្រាក់ ស្មើនឹង ១.៦២០.០០០$(មួយលានហុកសិបពីរម៉ឺនដុល្លារ ខណៈបច្ចប្បន្ន៖ ឈ្មួញជាថៅកែគ្រឿងចក្រនិមួយៗ កំពុងដណ្ដើមគ្នាទិញស្ដារអាចម៍ដី បឹងបែកក្អម យ៉ាងគគ្រឹកគគ្រេង ដោយប្រើគ្រឿងចក្រខ្នាតធំ សុទ្ធតែប្រភេទកង់១០ យីឌុប រាប់សិបគ្រឿងដឹកជញ្ជូនមកចាក់ដីឡូត៍ឯកជន គ្មានឈប់ឈរ ដើម្បីកាយយកអាចម៍ដី បឹងបែកក្អម ទៅចាក់តាមដីឡូត៍ និងបុរីនានា តាមទីផ្សារនិងតម្រូវការអតិថិជន នៅតំបន់នោះ។ នេះបើយោងតាមប្រភពពីពលរដ្ឋនិងថៅកែគ្រឿងចក្រ ដែលបានទិញអាចម៍ដីនៅទីនោះ។
ជាក់ស្ដែង៖ ថៅកែអ្នកម៉ៅការ ចាក់ដីឡូត៍ម្នាក់បានអះអាងថ្មីនេះថា៖ ខ្លួនពិតជាបានទិញអាចម៍ដីពី ដីបឹងបែកក្អម ពីមន្ត្រីធនធានទឹកខេត្តកណ្ដាលឈ្មោះ ឡេង ប្រាកដមែន ដោយក្នុង១ហិកតាតម្លៃ៣០.០០០$ជាកំហិត។ ហើយក្នុងនោះរូបគាត់បានទិញចំនួន៤ហិកតារួចមកហើយ ស្មើនឹង១២ម៉ឺនដុល្លារ នឹងបានប្រគល់លុយឱ្យគេរួចរាល់ហើយដែរ ខណៈពេលនេះ លោកកំពុងដាក់គ្រឿងចក្រជាច្រើនគ្រឿង ដើម្បីស្ដារជីកដីបឹងបែកក្អម យកអាចម៍ដី មកចាក់ឱ្យដីឡូត៍ជាបន្តបន្ទាប់។
តាមការលើកឡើងរបស់ថៅកែគ្រឿងចក្រខ្នាតយក្ស រូបនោះ គឺបច្ចុប្បន្ន ខ្លួនកំពុងចរចាទិញអាចម៍ដី បឹងបែកក្អមចំនួន២ហិកតាបន្ថែមទៀត ដើម្បីកាយដឹកមកចាក់បំពេញតម្រូវការដីឡូត៍។ ជាមួយគ្នានោះ តៃកុងរថយន្តយីឌុបម្នាក់ បានបញ្ជាក់ថា៖ ដីបឹងបែកក្អម ទំហំជាង៥០ហិកតា គឺត្រូវបានមន្ត្រីធនធានទឹក ខេត្តកណ្ដាលដាក់ថ្លៃកំណត់លក់ អាចម៍ដីឱ្យថៅកែៗគ្រឿងចក្រ ប្រមាណជា៥ក្រុម!។ ចំពោះក្រុមខ្លះទិញបាន៣ហិកតា ក្រុមខ្លះ បាមទិញ១០ហិកតា និងខ្លះទៀតទិញបាន២០ហិកតាក៍មាន! ។ ហើយខណៈនេះ ថៅកែគ្រឿងចក្រ និមួយៗកំពុងសម្រុក ជីកកកាយដឹកជញ្ជូនដីបឹងបែកក្អម ដើម្បីចាក់នៅតាមដីឡូត៍និងបុរីនានា។ ព្រោះតែទិញអាចម៍ដី អស់លុយច្រើន ទើបម្ចាស់គ្រឿងចក្រនិមួយៗ បង្ខំដាក់គ្រឿងចក្រ ជីកស្ដារឱ្យបានមុនរដូវភ្លៀង មុនទឹកហូរចូលរណ្ដៅ ។
ទាក់ទងព័ត៌មាននេះ គេហទំព័រ ផែនដីថ្មី ពុំអាចសុំការបំភ្លឺពីលោក អ៊ុក វណ្ណា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកណ្ដាល បានទេនៅរសៀលថ្ងៃទី០២ខែនេះ។ បើយោងតាមបណ្ដាញព័ត៌មានមួយ គឺលោក អ៊ុក វណ្ណា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកណ្ដាល បានបដិសេធថា៖ មិនមានការលក់ដូរអាចម៍ដីបឹងបែកក្អមឡើយ។ ដោយលោកបន្តថា ខ្ញុំទទួលតែសមិទ្ធផលប៉ុណ្ណោះ រឿងលក់រឿងដូរលោកមិនដឹងទេ។
ឆ្លើយតបនិងការលើកឡើងខាងលើលោក តុង ស៊ីវមី អភិបាលស្រុកមុខកំពូល បានប្រាប់ថា៖ ការស្ដារដីបឹងបែកក្អម ជាគម្រោងថ្នាក់ជាតិ ចំណាយលុយជាតិ! ប៉ុន្តែចំណាយអស់ប៉ុន្មាននោះលោកមិនដឹងទេ។ ចំពោះសំនួររឿងលុយលក់អាចម៍ដី ១ហិកតាតម្លៃ៣០.០០០$ តើយកលុយទៅណា? ។ លោកអភិបាលឆ្លើយថា៖ មិនពិតទេ បើលុយថ្លៃកាហ្វេបន្តិចបន្តួចទើបមាន។
ចំណែកលោក ជា សារិទ្ធ ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តកណ្ដាល បានថ្លែងថា៖គម្រោងស្ដារ ដីបឹងបែកក្អម មានច្បាប់អាជីវកម្ម គឺជាគម្រោងខាងក្រសួងធនធានទឹក ដែលចំណាយថវិកាជាតិ។


បើទោះបីជាមន្ត្រីពាក់ព័ន្ធបានបដិសេធថា៖មិនបានលក់ដូរអាចម៍ដី យ៉ាងណាក្ដី ប៉ុន្តែថៅកែគ្រឿងចក្រ បានអះអាងថា ពួកខ្លួនពិតជាបានទិញដីបឹងបែកក្អម ប្រាកដមែន គឺ ក្នុង១ ហិកតា តម្លៃ ៣០.០០០$ ជាកំហិត ។ ប្រសិនជាពួកគាត់មិនទិញទេ គឺមិនអាចដាក់គ្រឿងចក្រចូលកាយយកអាចម៍ដីមកចាក់ឱ្យដីឡូត៍បានឡើយ។
យោងតាមការលើកឡើងរបស់មន្ត្រីពាក់ព័ន្ធ សបញ្ជាក់ឱ្យឃើញថា៖ ការស្ដារដីបឹងខាងលើរាល់ការចំណាយ គឺជាថវិការបស់ជាតិ!។ ប៉ុន្តែជាក់ស្ដែង៖ មន្ត្រីជំនាញ លក់អាចម៍ដីឱ្យឈ្មួញ បានលុយមួយជាន់! ទទួលគម្រោងស្ដារ បានលុយពីជាតិមួយជាន់ទៀត «គ្រប់ទឹកតែម្ដង។
ករណីនេះ សូមលោករដ្ឋមន្ត្រីធនធានទឹក និងឧត្តុនិយម លោកទេសរដ្ឋមន្ត្រី ឱម យិន ទៀង អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងពាក់ព័ន្ធ គួរពិនិតផង។ ព្រោះតម្រូវការនៃការផ្គត់ផ្គងអាចម៍ដីនៅជុំវិញរាជធានីភ្នំពេញ និងខេត្តកណ្ដាល គឺតម្រូវខ្លាំងណាស់។ ហើយតម្លៃលក់អាចម៍ដីអោយឈ្មួញក៏មានតម្លៃខ្ពស់ដែរ មិនម៉ែនឈ្មួញអាចធ្វើសកម្មភាពមកកាយយកអាចម៍ដីទៅលក់អោយទទេៗ បានទេ បើមិនទិញពីមន្ត្រីជំនាញ និងអាជ្ញាធរដែលគ្រប់គ្រង «ដីបឹងបែកក្អម»នោះ៕












