📍ការិយាល័យគ្រប់គ្រង(បុគ្គលិកប្រចាំការ) ☎️012 296 494
អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន
កោះកុង៖ បើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃអាទិត្យទី០៩ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកោះកុង នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដឹកនាំដោយលោកវរសេនីយ៍ឯក ឆឹង វាសនា ស្នងការរង ទទួលការិយាល័យព្រហ្មទណ្ឌកម្រិិតធ្ងន់ សហការជាមួយកម្លាំងនគរបាលខេត្តកំពត បានឃាត់ខ្លួនជនសង្ស័យ ២នាក់ (ម្នាក់ជាប្រពន្ធជនរងគ្រោះ) ពាក់ព័ន្ធករណីប្លន់សម្លាប់បុរសម្នាក់ឈ្មោះ ហុក សាង (ហៅ ម៉ៅ) នៅចំណុចជិតវត្តខ្សាច់ស ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២។
លោកវរសេនីយ៍ឯក ឆឹង វាសនា បានឱ្យដឹងនៅព្រឹកថ្ងៃអាទិត្យទី០៩ ខែតុលានេះថា៖ តាមការបំភ្លឺរបស់សាក្សី ២នាក់ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ ៖
ទី១-ឈ្មោះ សុខ សារិន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរចាំចម្ការ ស្នាក់នៅបណ្តោះអាសន្ន ភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
ទី២-ឈ្មោះ តែម សុវណ្ណ ភេទស្រី អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុនរបរចាំចម្ការ ស្នាក់នៅបណ្តោះអាសន្ន ភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង (ជាប្រពន្ធជនរងគ្រោះ)។
ដោយឡែកវត្ថុុតាងដកហូតបានម៉ូតូ ចំនួន ៣គ្រឿងរួមមាន៖
១-ម៉ាក Suzuki ពណ៌ក្រហម ស្លាកលេខភ្នំពេញ 1E-7117
២-ម៉ាក Scoopi ពណ៌ក្រហម ស្លាកលេខកំពង់ចាម 1Z-0003
៣-ម៉ាកហុងដា Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២២ ស្លាកលេខកំពត 1T-6423
*ទូរស័ព្ទចំនួន ៣គ្រឿង ៖
១-ម៉ាក SumSung ពណ៌ខ្មៅ ១គ្រឿង
២-ម៉ាក Realme ពណ៌ខៀវ ១គ្រឿង
៣-ម៉ាក Oppo ពណ៌ខ្មៅ ១គ្រឿង
ដោយឡែកសម្ភារៈដែលកម្លាំងជំនាញដកហូតពីសាក្សីប្រគល់ឱ្យម្ចាស់វិញរួមមាន ៖
-រថយន្ត ឡិចសុីស RX300 ពណ៌កាម៉ៃ ស្លាកលេខព្រះសីហនុ 2C-1222
-ទូរស័ព្ទម៉ាក Oppo ២គ្រឿង ពណ៌ទឹកប្រាក់ ១គ្រឿង និងពណ៌ទឹកមាស ១គ្រឿង។
លោកវរសេនីយ៍ឯក ឆឹង វាសនា ស្នងការរងខេត្តកោះកុង បានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័ងទាំង ២នាក់ និងវត្ថុតាងខាងលើ នៅព្រឹកថ្ងៃទី០៩ ខែតុលានេះ កម្លាំងការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកោះកុង ដើម្បីចាត់ការតាមនីតិវិធី។
គួររំលឹកថា៖ នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋានបានទទួលព័ត៌មានពី លោក ហុង ប្រុស អភិបាលរងស្រុកស្រែអំបិលថា មានមនុស្សស្លាប់នៅលើផ្លូវលំចូលចម្ការ ចំណុចខ្សាច់សរ ភូមិអូរជ្រៅ ឃុំបឹងព្រាវ ។
ក្រោយទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ឯក ហួន នុន អធិការស្រុក បានបញ្ជាមកកម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញពិនិត្យវិភាគ កម្លាំងប៉ុស្តិ៍រដ្ឋបាលបឹងព្រាវ និងគ្រូពេទ្យបង្អែកស្រុក។
ក្នុងកិច្ចប្រតិបត្តិការ នៅជុំវិញទីកន្លែងកើតហេតុ កម្លាំងប៉ុស្តិ៍បានធ្វើការព័ទ្ធជុំវិញទីកន្លែងកើតហេតុ នៃសាកសព បានឃើញសាកសព ឈ្មោះ ហុក សាង (ហៅ ម៉ៅ) ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរជាអ្នកចាំចម្ការ ស្បែកជើង ១គូរ របស់ជនរងគ្រោះ ។
តាមការពិនិត្យសាកសពមានស្នាមបែកផុងលលាដ៏ក្បាល ចំនួន ១កន្លែងខាងក្រោយ បែកថ្ពាល់ឆ្វេង ១កន្លែង,និងរយះដៃឆ្វេងប្រវែង ៥សម ជម្រៅ០,៥សម។
តាមការសន្និដ្ឋានជាការប្លន់យកម៉ូតូ និងសម្ភារៈដោយវាយជាមួយវត្ថុរឹង។ សម្ភារៈបាត់បងរួមមាន៖ ម៉ូតូ ១គ្រឿង (ម៉ាកហុងដាឌ្រីម សេ ១២៥ )ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ កំពត 1T- 6423 និងកាបូបដាក់លុយចំនួនមួយ ៕