នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ប្ដីប្រពន្ធ បន្ទាប់ពីសម្លាប់បុរសម្នាក់កាលជាង១ខែមុន

📍ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ) ☎️012 296 494 អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន

 

ភ្នំពេញ៖ ជនសង្ស័យ២នាក់ប្ដីប្រពន្ធ ពាក់ព័ន្ធករណីឃាតកម្មលើបុរសម្នាក់បណ្ដាលឲ្យស្លាប់ កាលជាង១ខែមុន ចុងឆ្នាំ២០២២ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្លូវ១៣០ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងទទួលផែនយុត្តិធម៌ និងបញ្ជាដឹកនាំដោយ លោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌយ៉ាងយកចិត្តទុកដាក់ ។ ក្រោយពីទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយលោក វរសេនីយ៍ឯក អេង សោភា ប្រធានការិយាល័យនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមូលដ្ឋានខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការកំណត់មុខសញ្ញានិងឃាត់ខ្លួនបានសម្រេច។

ជនសង្ស័យទាំង២នាក់ ទី១ មានឈ្មោះ ពេជ្រ ជីវ័ន្ត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ជាប្ដី និងស្រ្តីសង្ស័យមានឈ្មោះ ដា យ៉ា អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ជាប្រពន្ធ ។

មន្រ្តីជំនាញបានឲ្យដឹងថា ក្រោយពីធ្វើការសាកសួរ ជនសង្ស័យឈ្មោះ ពេជ្រ ជីវ័ន្ត បានសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះដាច់ក្បាលពិតមែន ដោយសារតែ ការប្រចណ្ឌ ព្រោះមានការទំនាក់ទំនងគ្នាជាមួយ ជនរងគ្រោះដែលខ្លួនកាប់សម្លាប់ ដូច្នេះក៏រៀបគម្រាងសម្លាប់តែម្ដង។

គួរបញ្ជាក់ផងដែរ កាលពីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ មានករណីប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមក្នុងកន្លែងលាងរថយន្តមួយកន្លែង ស្ថិតនៅជិតច្រកចូលផ្សារទំនើបជីប ម៉ុង ៥០ម៉ែត្រ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។

សមត្ថកិច្ចជំនាញបានបញ្ជាក់ថា សពជនរងគ្រោះជាអំពើឃាតកម្មដោយជនសង្ស័យកាប់ចំកំភួនជើង ខាងស្តាំ និងក្បាលពីលើ ហើយកាប់ចំកបណ្តាលឲ្យដាច់ សពជនរងគ្រោះខាងលើ សមត្ថកិច្ចបានយកទៅតម្កល់ទុកនៅវត្តឬស្សីសាញ់ ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើឃាត់ខ្លួន រួចប្រគល់ជូនទៅកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សួរនាំដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News