

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានឱ្យដឹងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នេះថា៖ កម្លាំងសមត្ថកិច្ចជំនាញ បានចុះស្រាវជ្រាវរហូតឈាន ដល់ការបង្រ្កាប និងឃាត់ខ្លួនជនជាតិវៀតណាម ប្រុសស្រី ចំនួន ១១នាក់ ពាក់ព័ន្ធនឹងការ បាញ់សម្លាប់ជនជាតិវៀតណាមម្នាក់ នៅក្នុងខណ្ឌបឹងកេងកង។
គួរបញ្ជាក់ថា កម្លាំងសមត្ថកិច្ច បានឡោមព័ន្ធចាប់ក្រុមជនសង្ស័យ ដែលបាញ់សម្លាប់ ជនជាតិវៀតណាម កាលពីថ្ងៃទី២៩ ខែកក្កដា នៅសណ្ឋាគារ សូផៃ ស្ថិតនៅផ្លូវលេខ ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។
សូមជម្រាបជូនថា មានករណីបាញ់ប្រហារមួយ ទាំងកណ្ដាលថ្ងៃត្រង់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បណ្ដាលឱ្យជនជាតិវៀតណាមម្នាក់ ស្លាប់យ៉ាងអាណោចអាធ័មនៅលេីដងផ្លូវ ហេីយ ក្រុមជនសង្ស័យនាំគ្នាជិះរថយន្តរត់គេចខ្លួនបាត់តែម្ដង។
សមត្ថកិច្ច នៅមិនទាន់បញ្ជាក់ឱ្យដឹងថាៈ ករណីបាញ់សម្លាប់មនុស្ស ខាងលើនេះ ផ្ដើម ចេញ ដោយសារមូលហេតុអ្វីនោះទេ ។ បច្ចុប្បន្ន កម្លាំងជំនាញ កំពុងសួរចម្លើយទៅលើ ជនជាតិវៀតណាម ដែលបានឃាត់ខ្លួនទាំង ១១នាក់ ដេីម្បីអនុវត្តបន្ត តាមនីតិវិធី៕