📍ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ) ☎️012 296 494
ស្ទឹងត្រែង៖អភិបាលខត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ឈប់ដេញដោលរឿងគប់គិតគ្នាកឹបកេងថវិការដ្ឋជាង៦០០លានរៀល ក្នុងការដេញថ្លៃនៅឃុំចំនួន២ក្នុងស្រុកសៀមប៉ាង តទៅទៀត ព្រោះបើបន្តដេញដោលតទៅទៀត អាចមានការពាក់ព័ន្ធច្រើនមិនត្រឹមតែគម្រោងទាំងពីឃុំនេះទេ ថែមទាំងគម្រោងដេញថ្លៃកន្លងមកផងដែរ។
នេះបើយោងតាម អ្នកពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង បានប្រាប់អ្នកសារព័ត៌មានប្រចាំខេត្តស្ទឹងត្រែង កាលល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ អ្នកនាំពាក្យសាលាខេត្តរូបនេះបញ្ជាក់ថា អភិបាលខេត្តបានប្រាប់ទៅកិច្ចក្រុមប្រឹក្សខេត្តថា ចំពោះការដេញថ្លៃនៅពេលខាងមុខត្រូវតែអនុវត្តន៍ឲ្យត្រឹមត្រូវតាមនីតិវិធីតាមសៀវភៅ Peam បើមន្រ្តីណាដែលអនុវត្តន៍ត្រឹមត្រូវទទួលខុសត្រូវដោយខ្លួនឯង។
ទោះបីយ៉ាងណា ចំពោះវិធានការនៅពេលខាងមុខលើមន្រ្តីពាក់ព័ន្ធក្នុងការកឹបកេងថវិការដ្ឋជាង៦០០លានរៀលយ៉ាងណានោះទេ ដោយលោក ម៉ែន គុង បញ្ជាក់ថា «នេះជាសិទ្ធិសម្រេចរបស់លោក(អភិបាលខេត្ត)»។
ប្រភពមួយទៀតឲ្យដឹងថា សមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានសួរលោកអភិបាលខេត្តស្ទឹងត្រែង ស្វាយ សំអ៊ាង ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត បន្ទាប់ពីមានព័ត៌មានករណីមន្រ្តីការិយាល័យទីចាត់ការផែនការនិងវិនិយោគ ឃុបឃិតជាមួយក្រុមហ៊ុនម៉ៅការធ្វើផ្លូវ
សុធិរាជ្យខន់ស្ត្រាក់សិន បានស៊ីលុយរដ្ឋអស់ជាង៦រយលានរៀល ក្នុងការសាងសង់ផ្លូវលំនៅឃុំស្រែសំបូរ និងឃុំសេកុង កន្លងទៅថ្មីៗក្នុងឆ្នាំ២០២៣នេះ ។
សូមរំឭកថា កាលថ្ងៃទី៦ ខែមិថុនាឆ្នាំ២០២៣ ក្រុមហ៊ុនម៉ៅការធ្វើផ្លូវចំនួន៤នៅខេត្តស្ទឹងត្រែង បានឯកភាពគ្នាដាក់លិខិតប្តឹងទៅអភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង ស្នើសុំចុះធ្វើអធិការកិច្ចចំពោះករណីមិនប្រក្រតីឃុបឃិតគ្នាធ្វើឱ្យបាត់លុយរដ្ឋជាង ៦រយលានរៀល ក្នុងគ្រាដែលជួសជុលផ្លូវលំឃុំស្រែសំបូរ និងធ្វើផ្លូវលំឃុំសេកុង នៃស្រុកសៀមប៉ាង ។ ក្នុងលិខិតខាងលើបានបង្ហាញថា ការដែលបាត់លុយរដ្ឋជាង៦រយលានរៀលនេះ គឺដោយសារតែមេឃុំសេកុង ឈ្មោះ ចាន់ សយ និងមេឃុំស្រែសំបូរឈ្មោះ សុឹង ម៉ាន់ និងឈ្មោះ កាន់ សាវុធ នាយករងទីចាត់ការផែនការនិងវិនិយោគ និងជាអ្នកសម្របសម្រួលបច្ចេកទេស បានរួមគំនិតជាមួយក្រុមហ៊ុនម៉ៅការធ្វើផ្លូវឈ្មោះ សុធិរាជ្យខន់ស្ត្រាក់សិន របស់លោក ម៉ៅ អេងជឺ បានលួចបន្តចុះកិច្ចសន្យាធ្វើផ្លូវបន្ថែមទៀត ក្នុងតម្លៃខ្ពស់កប់ពពក គឺ១គ.ម ជួសជុលអស់ ៤០លានរៀល ។
សូមបញ្ជាក់បន្ថែមថា កាលពីខែមីនា ឆ្នាំ២០២៣ ឃុំសេកុង បានប្រកាសដាក់ដេញថ្លៃជាសាធារណៈ ដើម្បីធ្វើផ្លូវដីសប្រវែង៤គ.ម អស់ទឹកប្រាក់៣៤លានរៀល គ្មានលូ, ស្ពាន, ស្លាកសញ្ញា ដោយក្រុមហ៊ុនសុធិរាជ្យខន់ស្ត្រាក់សិនជាអ្នកទទួលសាងសង់ គិតជាមធ្យម១ គីឡូ ម៉ែត្រតម្លៃ៨លាន៥សែនរៀល តែប៉ុណ្ណោះ ។ ស្រាប់តែក្រោយមកលោកមេឃុំ ចាន់ សយ និងលោក កាន់ សាវុធ បានរួមគំនិតជាមួយក្រុមហ៊ុនសុធិរាជ្យ ខន់ស្ត្រាក់សិន ដដែលលួចបន្តគម្រោងដោយពុំមានការដេញថ្លៃធ្វើផ្លូវប្រវែង១១គីឡូម៉ែត្រ១ខ្សែទៀតមានតម្លៃរហូតដល់ ៣៧លានរៀលក្នុង១គីឡូម៉ែត្រ ដែលខ្ពស់ជាងតម្លៃដេញថ្លៃជាសាធារណៈដែលមានតម្លៃត្រឹមតែ៨លាន ៥សែនរៀល តែប៉ុណ្ណោះ។
ចំណែកឃុំស្រែសំបូរ វិញមានលោក ស៊ឹង ម៉ាន់ ជាមេឃុំ ក្នុងកំឡុងខែ ឆ្នាំ ដដែល បានដាក់ប្រកាសដេញថ្លៃជាសាធារណៈ ជួសជុលផ្លូវលំប្រវែង២គីឡូម៉ែត្រកន្លះ និងលូកាត់ផ្លូវ១កន្លែង អស់លុយ៣៧លាន៥សែនរៀល គិតជាមធ្យម១គីឡូម៉ែត្រ តម្លៃ ១៥លានរៀល ។ ក្រោយមកលោកមេឃុំស្រែសំបូរ ស៊ឹង ម៉ាន់ និងលោក កាន់ សាវុធ ទីចាត់ការផែនការវិនិយោគសាលាខេត្តស្ទឹងត្រែង បានរួមគំនិតជាមួយក្រុមហ៊ុនសុធិរាជ្យខន់ស្ត្រាក់សិន របស់លោក ម៉ៅ អេងជឺ លួចធ្វើផ្លូវប្រវែង៧,៥គីឡូម៉ែត្រ ១ ខ្សែទៀតដោយមិនប្រកាសដាក់ឱ្យដេញថ្លៃជាសាធារណៈ ដដែល ក្នុងតម្លៃទឹកប្រាក់៤០៧លានរៀល ជាតម្លៃខ្ពស់ជាងតម្លៃដាក់ឱ្យដេញថ្លៃជាសាធារណៈកប់ពពក គិតជាមធ្យមក្នុង១គីឡូម៉ែត្ររហូលដល់ ៤១ លានរៀល ដែលខ្ពស់ជាងតម្លៃដេញថ្លៃជាសាធាណៈមានតម្លៃត្រឹមតែ ១៥លានរៀលក្នុង១គីឡូម៉ែត្រ តែប៉ុណ្ណោះ ។
ដោយសារការឃុបឃិតជាប្រព័ន្ធកិបកេងសុីលុយរដ្ឋអស់សន្ធឹកសន្ធាប់បែបនេះហើយ ទើបក្រុមហ៊ុនក្នុងខេត្តស្ទឹងត្រែង ចំនួន៤ មានក្រុមហ៊ុនផនប៊ុនថុង ក្រុមហ៊ុនទ្រីវន្ថា ក្រុមហ៊ុនទូចសុខា និងក្រុមហ៊ុនម៉ាត់ហាសាន់ ឯកភាពល្អដាក់ពាក្យប្តឹងទៅអភិបាលខេត្តលោក ស្វាយ សំអ៊ាង ជួយស្វែងរកភាពត្រឹមត្រូវនិងយុត្តធម៌ ជូនប្រជាជននិងសង្គមជាតិ។ ចំពោះដំណោះស្រាយស្រាយរបស់លោក ស្វាយ សំអ៊ាង អភិបាលខេត្ត ដោះស្រាយនូវរឿងរ៉ាវខាងលើ ដោយវិធីត្រជាក់ដូចទឹកអម្រឹតបែបនេះនោះ ធ្វើឲ្យក្រុមហ៊ុនទាំង៤ មានការខកចិត្តយ៉ាងខ្លាំង ដោយសារតែការកឹបកេងថវិការដ្ឋរាប់រយលានរៀល មានភស្តុតាងបញ្ជាក់ច្បាស់បែរជាឱ្យរួចខ្លួន៕