
📍ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ) ☎️012 296 494 អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន
រដ្ឋមន្ត្រីក្រសួងធនធានទឹក ជួបពិភាក្សាការងារលើវិស័យទឹក ជាមួយនាយិកាធនាគារអភិវឌ្ឍន៍អាស៊ី
ភ្នំពេញ៖ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានជួបពិភាក្សាការងារ លើវិស័យធនធានទឹក ជាមួយនាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ដោយនៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី ឱ្យពិចារណាពង្រីកទុនវិនិយោគបន្ថែមទៀត លើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយម និងជំរុញឱ្យបង្កើនកិច្ចសហប្រតិបត្តិការកែលម្អផែនការ រយៈពេលវែង លើកិច្ចការវិនិយោគ ក្នុងវិស័យធនធានទឹក និងឧតុនិយម ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៩ ដើម្បីឈានទៅកាត់បន្ថយឱ្យបានជាអតិបរមា នូវជំនន់គ្រប់ប្រភេទ និងហានិភ័យនៃគ្រោះរាំងស្ងួត និងបង្កើនជាអតិបរមា នូវបរិស្ថានបៃតង និងអេកូទេសចរណ៍។
ឯកឧត្តមរដ្ឋមន្ត្រី នៅក្នុងជំនួបខាងលើ បានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ដែលដឹកនាំដោយលោកស្រី Jyotsana Varma នាយិកាស្ថានតំណាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា ដែលបានឆ្លៀតពេល ចូលរួមពិភាក្សាការងារវិស័យធនធានទឹក ជាការឆ្លើយតបទៅ នឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី ឱ្យពិចារណាពង្រីកទុនវិនិយោគបន្ថែមទៀត លើវិស័យគ្រប់គ្រងធនធានទឹកនិងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យ នៃគ្រោះធម្មជាតិនានា និងបានជំរុញឱ្យបង្កើនកិច្ចសហប្រតិបត្តិការ ធ្វើការកែលម្អផែនការ រយៈពេលវែង លើកិច្ចការវិនិយោគ ក្នុងវិស័យធនធានទឹកនិងឧតុនិយម ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៩ ឈានទៅកាត់បន្ថយបានជាអតិបរមា នូវជំនន់គ្រប់ប្រភេទ និងហានិភ័យ នៃគ្រោះរាំងស្ងួត បង្កើនជាអតិបរមា នូវបរិស្ថានបៃតង និងអេកូទេសចរណ៍។
លោកស្រី Jyotsana Varma នាយិកាស្ថានតំណាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា ក្រៅពីការថ្លែងអរគុណ ដល់លោករដ្ឋមន្ត្រី គឺបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ នាពេលកន្លងមក និងសន្យាបន្ថែមទុនវិនិយោគ ជាមួយក្រសួងធនធានទឹកនិងឧតុនិយម ជាពិសេសទុនវិនិយោគ លើការងារជួសជុលថែទាំប្រព័ន្ធធារាសាស្ត្រ ដើម្បីរួមចំណែកទ្រទ្រង់ដល់ ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ធនាគារអភិវឌ្ឍន៍អាស៊ី កន្លងទៅនេះ បានធ្វើការវិនិយោគជាបន្តបន្ទាប់ តាមរយៈក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើទំនើបកម្ម លើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រង វិស័យធនធានទឹកនិងឧតុនិយម ចាប់ពីខ្នាតមធ្យម ដល់ខ្នាតធំ ក្នុងនោះ គម្រោងកំពុងដំណើរការ មានចំនួនពីរគឺគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (IAIP) និង គម្រោងខ្សែច្រវាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន (CFACVS) ហើយនឹងគម្រោងកំពុងសិក្សា មានចំនួនពីរ គឺគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) និងគម្រោងធារាសាស្ត្រធន់អាកាសធាតុ និងកសិកម្ម ដែលមានភាពធន់ និងមាននិរន្តរភាព (CAISAR)៕