វិញ្ញាសាប្រឡងបាក់ឌុបទាំងអស់ ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ នេះជាប្រសាសន៏រដ្ឋមន្រ្តីក្រសួងអប់រំ

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឬហៅថា បាក់ឌុប ក្នុងនេះ វិញ្ញាសាទាំងអស់ ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រង ដោយក្រសួងអប់រំ យុវជន និងកីឡា។

ថ្លែងក្នុងសន្និសីទ្ធសារព័ត៌មាន នៅរសៀលថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២៣ នាទីស្តីការ ក្រសួងអប់រំ លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬហៅថា

បាក់ឌុប សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ ។ ចំពោះវិញ្ញាសាប្រឡង ត្រូវបានកំណត់ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយក្នុងថ្នាក់នីមួយៗ មាន ៧ មុខវិជ្ជា។ ទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសា ចម្លងដាក់លើ ក្តារខៀន និងទម្រង់វិញ្ញាសា ដែលត្រូវចែកជូន បេក្ខជន។

ទាក់ទិនក្នុងការប្រឡងបាក់ឌុបនេះដែរ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់បន្ថែមថា ”ចំពោះដំណើរការ សំណេរ ប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ០៦ និងថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដំណើរការកំណែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ០៩

ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ដំណើរការស្រង់បូកពិន្ទុ ដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជាមួយគ្នានេះ ក្រសួងនឹងកំណត់យកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡង នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងៗ នៅទូទាំងប្រទេស”។

លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា ​ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០១៣ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ចំនួន ១៣៧.៤១២ នាក់ (ស្រី ៧៣.២៧៨ នាក់) ក្នុងនោះ បេក្ខជនថ្នាក់ វិទ្យាសាស្ត្រ មានចំនួន ៤១.៣៧៩ នាក់ (ស្រី ២៤.៧៨៩ នាក់) បេក្ខជនថ្នាក់វិទ្យា សាស្ត្រសង្គម មានចំនួន ៩៦.០៣៣ នាក់ (ស្រី ៤៨.៤៨៩ នាក់)។ បេក្ខជន ត្រូវបាន

រៀបចំចំនួន ២៥ នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរ នីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជន មកពីវិទ្យាល័យអប់រំ ពិសេស។

លោក បានថ្លែងដែរថា មណ្ឌលសំណេរ មានចំនួនសរុប ២២៧ មណ្ឌល ត្រូវជា ៥.៥៤៣ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧២ មណ្ឌល ត្រូវជា១.៦៨២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៥ មណ្ឌល ត្រូវជា ៣.៨៦១ បន្ទប់។ មណ្ឌលកំណែ សម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល នៅរាជធានី ភ្នំពេញ។ គណៈមេប្រយោត និងគណៈកម្មការផ្សេងៗ

ដែលត្រូវចូលរួម ក្នុងដំណើរការប្រឡង នៅគ្រប់ដំណាក់កាល មានចំនួនសរុប ២៩.៥២៥ នាក់ ក្នុងនោះ មកពីថ្នាក់ក្រសួង ចំនួន ៤.១២៦ នាក់ និងមកពីថ្នាក់ រាជធានី ខេត្ត ចំនួន ២៥.៣៩៩ នាក់ ។

ជាមួយគ្នានេះ ចំពោះដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ នឹងត្រូវប្រព្រឹត្ត ទៅ ដោយគោរពតាមគោលការណ៍ទាំង ៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួល យកបាន ពោលគឺ “អ្នកចេះជាប់” ។ ក្នុងគោលបំណងរក្សាឱ្យបាន នូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ តាមមណ្ឌលប្រឡង និងធានាឱ្យបានសុខភាព សម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជន ក្រសួងអប់រំ យុវជន និងកីឡា បន្តពង្រឹងកិច្ចសហការ យ៉ាងស្អិតល្មួត ជាមួយក្រសួង ស្ថាប័នចំនួន ៦ រួមមាន

ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា។

លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើង ដោយបញ្ជាក់បន្ថែមថា ”ក្រសួង នឹងបិទផ្សាយបញ្ជីឈ្មោះ បេក្ខជនប្រឡង នៅតាមរាជធានី ខេត្ត ចំនួនពីរដង គឺលើកទី១ នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣ ដើម្បីឱ្យបេក្ខជន បានពិនិត្យ និងរកមើលឈ្មោះ តាមមណ្ឌលប្រឡង និងលើកទី២ នៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីពិនិត្យមើល និងបញ្ជាក់ ម្តងទៀត អំពីមណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ” ។

លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់ បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡង ឱ្យបានល្អប្រសើរ ជាពិសេស មិនត្រូវលាក់ទុក ជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡង ជាដាច់ខាត។ បេក្ខជន នឹងត្រូវបាន កំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាព ផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News