
📍ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ) ☎️012 296 494
បន្ទាយមានជ័យៈ ច្រកទ្វារតំបន់ព្រំដែនកម្ពុជា-ថៃ រវាងខេត្តស្រះកែវ ទល់មុខខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង នឹងអនុញ្ញាតឱ្យប្រើប័ណ្ណព្រំដែន (Border Pass) សម្រាប់ឆ្លងដែន បានដូចឆ្លងកាត់ច្រកព្រំដែនអន្តរជាតិ (ភាគីថៃ ហៅច្រកព្រំដែនអចិន្ត្រៃយ៍ ឬស្ថាពរ) ដែរ ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានស្រង់សំដីលោក ប៉ៈរិញ៉ា ពោធិសាត អភិបាលខេត្តស្រះកែវ អះអាងប្រាប់លោក ហើុលោកយកប្រាប់ដូច្នេះ កាលពីពេលកន្លង មកនេះ ក្នុងការទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងរដ្ឋបាលខេត្ត បន្ទាយមានជ័យ ដែលលោកដឹកនាំ និងលោក វិណៃ តូចារើន (HE Vinai Tojareun ) អគ្គនាយកនៃអគ្គាធិការកិច្ច ក្រសួងមហាផ្ទៃថៃ រួមនឹងប្រតិភូដែលមាន អភិបាលរងខេត្ត ស្រុក មន្ត្រី និងមេឃុំ មេភូមិសរុប ៤៣ នាក់នៃខេត្ត ៧ ជាប់ព្រំដែនកម្ពុជា ដែលមកបំពេញទស្សនកិច្ច។
លោកស្រី ជាមន្ត្រីសម្របសម្រួលដំណើរទស្សនកិច្ចនោះ បានថ្លែងថា បំណងនៃដំណើរ ទស្សនកិច្ច ដោយប្រតិភូក្រសួងមហាផ្ទៃថៃ ដូចសមាសភាពខាងលើ គឺគាំទ្រកិច្ចសហ ប្រតិបត្តិការ មិត្តភាព សន្តិភាព អភិវឌ្ឍន៍ ទំនាក់ទំនង និងការងារទប់ស្កាត់ បង្ក្រាបបទ ល្មើសឆ្លងដែន ក្នុងក្របខ័ណ្ឌមហាអនុតំបន់មេគង្គ (Greater Mekong Sub region: GMS) ក្រោមការឧបត្ថម្ភគាំទ្រពីស្មារតី នៃកិច្ចប្រជុំកំពូលសហប្រតិបត្តិការ សាធារណរដ្ឋកូរ៉េ-មេគង្គ ។
ក្នុងកិច្ចពិភាក្សា នាសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ កាលពីថ្មីៗនេះ លោក វិណៃ តូចារើន អគ្គនាយកនៃអគ្គាធិការកិច្ច ក្រសួងមហាផ្ទៃថៃ បានថ្លែងថា ការដែល ក្រសួងមហាផ្ទៃថៃ រៀបចំប្រតិភូ ដែលមានសមាសភាព ជាអភិបាលរងខេត្ត ស្រុក មន្ត្រី និងមេឃុំ មេភូមិ នៃខេត្ត ៧ ជាប់ព្រំដែនកម្ពុជា (ខេត្តអ៊ូប៊ុនរាជធានី ស៊ីសាកេត សុរិន្ទ បូរីរ៉ាំ ស្រះកែវ ច័ន្ទបូរី និង ត្រាត ទល់មុខខាងកម្ពុជា ៦ ខេត្ត គឺខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិសាត់) ដែលមកបំពេញទស្សនកិច្ចនេះ គឺដើម្បីអនុវត្តគម្រោងទំនងទំនង “ប្រជាជន និងប្រជាជន: People to People ផង និងកម្មវិធីមានស្រាប់ ដែលអាជ្ញាធរមានសមត្ថកិច្ចថៃ កម្ពុជា នៅមូលដ្ឋាន រហូតដល់ ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល បានអនុវត្តរួចមកហើយ លើច្រើនវិស័យ ។ ពិសេស គឺអនុវត្តនូវខ្លឹមសារ នៃស្មារតី ដូចគោលបំណងខាងលើ ។
ចំណែកម្ចាស់ផ្ទះ គឺលោក អ៊ុំ រាត្រី បានធ្វើបទបង្ហាញដ៏វែង ស្តីពីសក្តានុពល ខេត្តបន្ទាយមានជ័យ ជូនភ្ញៀវសណ្តាប់ និងបានមគ្គុទេសក័ខ្លីថា ព័ត៌មាន និងទិន្នន័យ ទាំងអស់របស់ខេត្ត ពិសេសឱកាសវិយោគ គឺអាចស្កែននៅក្នុងសន្លឹកប័ណ្ណព័ត៌មាន (Fleet Chart)
របស់រដ្ឋបាលខេត្ត ៕