ប្រទេសកម្ពុជា ជាប្រទេសទីមួយ ក្នុងតំបន់អាស៊ីអាគ្នេយ៍ គាំទ្រយុទ្ធនាការ «ផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ ២០៥០»

📍ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ) ☎️012 296 494

ភ្នំពេញ៖ ប្រទេសកម្ពុជា បានបង្ហាញការគាំទ្រ និងចូលរួមយុទ្ធនាការ « ផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ ២០៥០»។ យុទ្ធនាការនេះ បាននឹងកំពុងដើរតួជាវេទិកាមួយ ដែលប្រមូលផ្តុំរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល យុវជននិងវិស័យសាធារណៈ ដើម្បីបង្កើន និងកសាងការយល់ដឹង​ជាសាធារណៈ​អំពីការបំពុលខ្យល់ និងលើកកម្ពស់ការប្តេជ្ញាចិត្តរបស់កម្ពុជា អំពី អព្យាក្រឹតកាបូន។

 

 

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសចាប់ផ្តើមយុទ្ធនាការ ផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ ២០៥០ នៅកម្ពុជា ដែលនេះ មានន័យថា កម្ពុជាជាប្រទេសទីមួយ ពីតំបន់អាស៊ីអាគ្នេយ៍ នៃបណ្តាប្រទេសជាសមាជិក វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ដែលគាំទ្រយុទ្ធនា​ការសកលមួយនេះ។

យុទ្ធនាការដែលជាគំនិតផ្តួចផ្តើមជារបស់ GGGI មានគោលបំណង ចូលរួមលើក កម្ពស់ការយល់ដឹងអំពី សកម្មភាពអាកាសធាតុ របស់ប្រទេសកម្ពុជា និងប្រមូលផ្ដុំនូវ ការគាំទ្របន្ថែមទៀត ដើម្បីចូលរួមសម្រេចបាន នូវគោលដៅ នៃការបញ្ចេញឧស្ម័ន សូន្យសុទ្ធ នៅឆ្នាំ ២០៥០។

ក្នុងពិធីសម្ពោធ ដែលមានការគាំទ្រពី ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងអង្គការ អុកស្វាម លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «យុទ្ធនាការនេះ ជាវេទិកាដ៏ពិសេសមួយ ដែលបង្កើតឱ្យមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ រួមមានទាំងយុវជនផងដែរ ដើម្បីចូលរួមលើកកម្ពស់​ការយល់ដឹងអំពី​ការប្រែប្រួលអាកាសធាតុ និងការកសាងភាពធន់របស់កម្ពុជា។ ខ្ញុំប្តេជ្ញាលើកកម្ពស់ ការអភិវឌ្ឍស្អាត បៃតង និងប្រកបដោយចីរភាព នៅកម្ពុជា។ លើសពីនេះ យុទ្ធនាការ​នេះក៏មានទិសដៅស្របទៅនឹងចក្ខុវិស័យរបស់ប្រទេសកម្ពុជាផងដែរ»។

ប្រធានបទសំខាន់ៗជាច្រើន ត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចសន្ទនាជាមួយមន្រ្តី ជាន់ខ្ពស់ និងវេទិកានិស្សិត ជជែកពិភាក្សា ដែលប្រព្រឹត្តទៅនៅសាលប្រជុំ ម៉ុក ម៉ារ៉េត នៃក្រសួងបរិស្ថាន។ នេះក៏រួមបញ្ចូលផងដែរ អំពីការយល់ដឹងពីតម្រូវការបន្ទាន់នានា ដើម្បីបង្ហាញពីការផ្លាស់ប្តូរចាំបាច់ នៅក្នុងវិស័យដឹកជញ្ជូន និងឧស្សាហកម្មរបស់កម្ពុជា ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ទៅលើគុណភាពខ្យល់ ក៏ដូចជាតម្រូវការសម្រាប់ ការវិនិយោគ និងការវិវត្តនៃវិស័យហិរញ្ញវត្ថុបៃតងនៅក្នុងប្រទេស។ កិច្ចពិភាក្សា​ទាំង​នេះ ក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការផ្លាស់ប្តូរដើម្បីឆ្ពោះទៅរកការអនុវត្ត និងបច្ចេក វិទ្យាប្រកបដោយចីរភាព ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួល​អាកាសធាតុ​នៅកម្ពុជា។

លោកស្រី សាន់ឌ្រីន ប៊ូឈ័រ (Sandrine Boucher) នាយិកាប្រចាំកម្ពុជា នៃទីភ្នាក់ងារបារាំង (AFD) បានលើកឡើងថា៖ «ជាមួយនឹងបទពិសោធន៍ជាច្រើន​ឆ្នាំក្នុងវិស័យ​គុណភាពខ្យល់ និងបានមើលឃើញពីផលប៉ះពាល់ ជាសកលនៃការបំពុល បរិយាកាស AFD ប្តេជ្ញាចែករំលែកជំនាញបច្ចេកទេសរបស់ខ្លួន ជាមួយប្រទេសកម្ពុជា ដើម្បីជួយកម្ពុជា​ក្នុងការឆ្លើយតបទៅនឹងភាពអវិជ្ជមាន កាន់តែខ្លាំងឡើង ដែលកើតឡើង មកពីការបំពុលខ្យល់»។ លោកស្រី បានបន្តថា៖«យើងមានក្តីរំភើបដែលបាន​ឃើញគំនិតផ្តួចផ្តើមនេះ ត្រូវបានចាប់ផ្តើម នៅប្រទេសកម្ពុជា»។

កញ្ញា គីម សូមី( Shomi Kim) តំណាង GGGI ប្រចាំកម្ពុជា បានមានប្រសាសន៍ ថា៖ «យើងមានសេចក្តីសោមនស្សរីករាយ ដែលបានឃើញនូវភាពសាទរ ពីភាគីពាក់ព័ន្ធ រួមមាន រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងយុវជន ដែលបានចូលរួមគ្នា នៅកន្លែងតែមួយ ដើម្បីពិភាក្សា និងជជែកវែកញែក ជាមួយគ្នាអំពី វឌ្ឍនភាព និងការឆ្លុះ បញ្ចាំង នៃដំណើររបស់កម្ពុជា ឆ្ពោះទៅរកទិសដៅ នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ស្មើសូន្យ ២០៥០»។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានមានប្រសាសន៍ថា “យើងអប អរសាទរចំពោះ ការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះយុទ្ធនាការ ​“ផ្ទៃមេឃព៌ណខៀវ និងការ​បញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ ត្រឹមឆ្នាំ ២០៥០”។ តាមរយៈការគាំទ្រគំនិតផ្តួចផ្តើមជាសកលនេះ កម្ពុជាកំពុងបោះជំហានដ៏សំខាន់មួយ​ឆ្ពោះទៅរកដំណោះស្រាយ​ការប្រែ​ប្រួលអាកាសធាតុ និងការកសាងអនាគត ប្រកបដោយចីរភាព។ ការប្តេជ្ញាចិត្តនេះអាចសម្រេចបាន​លុះត្រាតែការខិតខំប្រឹងប្រែង រួមគ្នាពីគ្រប់តួអង្គ និងការចូលរួម​របស់សហគមន៍ ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយការប្រែប្រួលអាកាសធាតុ និងយុវជនក្នុងដំណោះស្រាយ។ យើងមានមោទកភាព ដែលបានរួមចំណែក​ក្នុងយុទ្ធនាការនេះ ​ហើយយើងនឹងសហការជាមួយអ្នកពាក់ព័ន្ធ នានា ដើម្បីលើកកម្ពស់សកម្មភាពអាកាសធាតុ ប្រកបដោយបរិយាបន្ន និងសមធម៌ ជាពិសេសនៅសហគមន៍​ងាយរងគ្រោះ​»។

ការពិភាក្សាបន្ថែម បានស្វែងយល់ពីការចូលរួម ជាយុទ្ធសាស្ត្ររបស់វិស័យឯកជន ហើយគំនិតផ្តួចផ្តើម ដែលដឹកនាំដោយយុវជន ផ្តោតលើនិរន្តរភាព។ យុទ្ធនាការ «ផ្ទៃមេឃ​ពណ៌ខៀវ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ ២០៥០ នៅកម្ពុជា» មានគោលបំណងលើកកម្ពស់ ការយល់ដឹង អំពីសកម្មភាពអាកាសធាតុ ដែលស្របតាម អាទិភាព​របស់រាជរដ្ឋាភិបាលកម្ពុជា ដូចដែលត្រូវបានកំណត់ នៅក្នុងការចូលរួម ចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្ដីពីការប្រែប្រួល អាកាសធាតុ (NDCs) និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ រយៈពេលវែងប្រកបដោយ អព្យាក្រឹតកាបូន (LTS4CN) និងគោលនយោបាយជាតិ និងគោលដៅផ្សេងទៀត។

យុទ្ធនាការ «ផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ ២០៥០» បានចាប់ផ្តើមឡើងដំបូង នៅឆ្នាំ២០២០ ក្រោមការផ្តួចផ្តើមរបស់ GGGI និងមជ្ឈមណ្ឌល​ការប្រែប្រួលអាកាសធាតុ (សាធារណរដ្ឋកូរ៉េ) ។ យុទ្ធនាការនេះ បាននឹងកំពុងដើរតួជាវេទិកាមួយ ដែលប្រមូលផ្តុំរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល យុវជន និងវិស័យសាធារណៈ ដើម្បីបង្កើននិងកសាងការយល់ដឹង​ជាសាធារណៈ អំពីការបំពុលខ្យល់ និងលើកកម្ពស់ការប្តេជ្ញាចិត្តរបស់កម្ពុជា អំពីអព្យាក្រឹតកាបូន៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News