បញ្ចប់ជីវិត ព្រោះម្ដាយ ឪពុកអូន ទាថ្លៃទឹកដោះអូន១ម៉ឺនដុល្លារ

📍គេហទំព័រ ផែនដីថ្មី PDT (បុគ្គលិកប្រចាំការ) ☎️012 296 494

បាត់ដំបង ៖ បុរសម្នាក់ បានចាប់ចិត្តស្រលាញ់កូនក្រមុំគេ ម្នាក់អស់រយៈពេលជាច្រើនខែមកហើយ រហូតដល់ដាច់ចិត្តអង្វរឪពុកឱ្យចូលស្តីដណ្តឹង ស្រាប់តែត្រូវម្តាយខាងស្រីបង្គាប់ថ្លៃទឹកដោះ (បណ្ណាការ) ១ម៉ឺនដុល្លារ ធ្វើឱ្យខាងប្រុសគ្មានលទ្ធផល តូចចិត្តមិនបាស្រីថ្លៃមកធ្វើជាប្រពន្ធ ក៏បញ្ចប់ជីវិតខ្លួនឯង ដោយចងកសម្លាប់ខ្លួន។

ករណីចងកសម្លាប់ខ្លួននេះ បានកើតឡើង កាលពីវែលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចក្រុមទី៧ ភូមិវត្តកណ្តាល ឃុំរាំងកេសី ស្រុកសង្កែ។បុរសដែលចងកធ្វើអត្តឃាត មានឈ្មោះវុទ្ធី គឹមថុល ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិវត្តកណ្តាល ឃុំរាំងកេសី ស្រុកសង្កែ។

តាមការបង្ហើបប្រាប់ពីសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា កន្លងមក ជនរងគ្រោះ បានចាប់ចិត្តស្រលាញ់ កូនក្រមុំគេម្នាក់ អស់ជាច្រើនខែមកហើយ លុះក្រោយមកបានអង្វរឪពុកឱ្យចូលទៅស្តីដណ្តឹងនារីម្នាក់នោះ មកធ្វើជាគូអនាគត ស្រាប់តែពេលឪពុកចូលស្តីដណ្តឹង ម្តាយខាងស្រី បានបង្គាប់ថ្លៃទឹកដោះ ចំនួន១ម៉ឺនដុល្លារ ធ្វើឱ្យឪពុកខាងប្រុសអត់លទ្ធភាព ក៏ប្រញាប់ដកថយវិញ។

ប្រភពដដែល បន្តថា តាំងពីដណ្តឹងកូនក្រមុំគេមិនបាន ដោយសារថ្លៃបណ្ណាការខ្ពស់ពេក ទើបធ្វើឱ្យជនរងគ្រោះ ឈឺចិត្តស្អិតទ្រូង បានផឹកស្រាជាប្រចាំ ហើយមានវិបត្តិផ្លូវចិត្ត រហូតដល់ចុងក្រោយបានសម្រេចចិត្តបញ្ចប់ជីវិត ដោយចងកសម្លាប់ខ្លួនតែម្តង។

ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុកសង្កែ សហការជាមួយ លោកគ្រូពេទ្យជំ នាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុ ព្រមទាំងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរង គ្រោះពិតជាចងកសម្លាប់ខ្លួនប្រាកដមែន ដោយបានយកខ្សែគោ ចងកជាប់នឹងសំយាបមុខផ្ទះ។ មូលហេតុ ដោយសារតូចចិត្តដណ្តឹងកូនក្រមុំគេមកធ្វើជាប្រពន្ធមិនបាន ព្រោះតែថ្លៃទឹកដោះខ្ពស់ពេក ឈោងមិនដល់។សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News