តើ​លោក​ម្ចាស់​រូបណាជា​កម្មសិទ្ធិ​សំណង់​ដ៏​ធំ​មហិមាសង់​ចូល​ទន្លេបាសាក់ ក្រុងតាខ្មៅ

📍គេហទំព័រ ផែនដីថ្មី PDT (បុគ្គលិកប្រចាំការ) ☎️012 296 494

កណ្តាល ៖ តាមសេចក្ដីរាយការណ៏ពីប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចុង​កោះ ស្ថិត​ក្នុងសង្កាត់​កោះអន្លង់ចិន​​-​ក្រុង​តា​ខ្មៅ បាន​ខ្សឹប​ប្រាប់​ក្រុមអ្នកកាសែត​ឱ្យ​ដឹង​ថា បច្ចុប្បន្ននៅភូមិគាត់ មានសំណង់​ដ៏ធំមួយបាន​សង់​រំ​លោ​.​ភយ​ក​ដី​ទន្លេបាសាក់ ចំនួន​រាប់​សិប​ម៉ែត្រ​យ៉ាង​រំភើយ។ ហើយ​អត់​មាន​អ្នក​ណា​ហ៊ាន​ក្អក​ដាក់​ម្ចាស់សំណង់មហិមានេះដែរ។ ចំពោះ​ម្ចាស់​សំណង់ ​ដ៏​ធំ​មហិមា​នេះ មិនត្រូវគេស្គាល់នោះ​ទេ តែ​ពួក​គាត់​បាន​ត្រឹមតែ​ដឹង​ថា សំណង់​នេះ​សង់​រំ​លោ​.​ភយ​ក​ដី​ទន្លេបាសាក់​រាប់​សិប​ម៉ែត្រ​យ៉ាង​រំភើយ​អត់​មាន​អ្នក​ណា​ហ៊ាន​ក្អក​ដាក់តែប៉ុណ្ណោះ​។


ពលរដ្ឋបាន​ប្រាប់​ឱ្យ​ដឹងតទៀត​ថា ការដ្ឋានសំណង់​រឹង​មាំ​ខាងលើ​នេះ គឺបាន​សាងសង់​រាប់​ខែ​មក​ហើយ គេ​ពុំដែល​ឃើញ​មាន​ក្រុម​អាជ្ញាធរ​ពាក់ព័ន្ធ​ណា​ ចុះ​មក​ត្រួតពិនិត្យ​នោះ​ទេ។ បើ​​ពួក​គាត់​ជា​រាស្ត្រ​តូចតាច​វិញ ហ៊ាន​តែ​សង់​អី​ប្លែក​បន្តិច គឺ​មាន​ក្រុម​មន្ត្រី​ពាក់ព័ន្ធ​ចុះ​មក​ត្រួតពិនិត្យ និង​សូត្រ​ច្បាប់​អោយ​ស្ដាប់​យ៉ាង​ស្ទាត់ជំនាញ ព្រមទាំង​ដេញ​ឱ្យ​រុះរើ​យ៉ាង​តក់ក្រហល់​។

លោក ឃឹម សំភារ អភិបាលក្រុង​តា​ខ្មៅ ក៏​បាន​ប្រាប់​អ្នកកាសែតអោយ​ដឹង​ដែរ​ថា «​ពាក់ព័ន្ធ​សំណង់​ធំ​ៗ​អ៊ីចឹង ម្ចាស់​សំណង់​គេ​មិន​ដែល​រត់​មក​សុំ​ច្បាប់​ពី​គាត់​ទេ គឺ​គេរ​ត់ទៅ​សុំ​ខាង​ខេត្ត​» គឺ​ និយាយ​កំ​បុ​.​ត​ខ្លី​មាន​ន័យ​អស់ទាស់​។

ទាក់ទងពាក់ព័ន្ធ​ករណី​ខាងលើ​នេះ គេហទំព័រ ផែនដីថ្មី បានព្យាយាមរក​​អត្តសញ្ញាណ​ម្ចាស់​សំណង់​នេះពីមន្ត្រីអាជ្ញាធរ ប៉ុន្តែមន្ត្រីក្រុម​អាជ្ញាធរ​មូលដ្ឋានព្យាយាម​លាក់បាំង​។ ហើយ គេហទំព័រ ផែនដីថ្មី និងបន្តព្យាយាម​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​អ្នក​ពាក់ព័ន្ធ​បន្ត​នៅ​ពេល​ក្រោយ​ទៀត។ ព្រោះ​ចង់​ដឹង​ថា តើ​លោក​ម្ចាស់​ណា​អី​ក៏​មាន​អំណាច​ម្ល៉េះ សង់​លយ​ចូល​ទន្លេ​៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News