
ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
តារាសម្តែងស្រីមានរហស្សនាមតារាទឹកភ្នែក នី មុនីនាថ ។ រូបថត ហុង មិនា, តារាសម្តែងស្រី នី មុន្នីនាថ បង្ហោះសារហាក់ចង់បង្ហើបរឿងខ្លួនមានសម្ព័ន្ធស្នេហ៍ថ្មី។ ថ្មីៗនេះ តារាសម្តែងស្រីមានរហស្សនាមថា «តារាសម្តែងសម្រក់ទឹកភ្នែក» កញ្ញា នី មុនីនាថ បង្កើតភាពភ្ញាក់ផ្អើលសាជាថ្មី តាមរយៈបង្ហើរសារក្នុងបណ្តាញសង្គមហាក់ចង់ប្រាប់ថា ខ្លួនកំពុងតែមានម្ចាស់ចិត្តថ្មីមកស្អំបេះដូង។
ទើបតែបកស្រាយរឿងផ្ទុះការសង្ស័យលើការកែសម្ផស្សមុននេះសោះ ស្រាប់តែកញ្ញា នី មុនីនាថ បង្ហើរសារមួយឃ្លាបង្ហើបថា ហាក់ដូចខ្លួនកំពុងមានម្ចាស់ស្នេហ៍ថ្មី មកស្អំបេះដូងនឹងចំណងស្នេហ៍ខ្សែក ១ ខ្សែជូនមកខ្លួន ដោយនាងបានសរសេរថា៖ «អរគុណណាដែលនៅក្នុង ជីវិតរបស់ខ្ញុំ គ្រប់ពេលវេលា! នេះហើយគឺជាសេចក្តីសុខ សម្រាប់ជីវិត» និងសារថា៖ «ម្ចាស់ខ្សែក នេះហើយគឺជាម្ចាស់បេះដូង ជាកែវភ្នែករបស់ខ្ញុំ»។
សារអមនឹងរូបថតឈរពាក់ខ្សែកមួយខ្សែនោះត្រូវតាមដានជីវិតឯកជនកញ្ញា នី មុនីនាថ ក៏បង្កើតបានជាចម្ងល់ពីមហាជនលើកឡើងមួយរំពេចថា៖ «អីយ៉ា! កញ្ញា នី មុនីនាថ មានអ្នកថ្មីមកស្អំបេះដូងហើយទេតើហ្នក្រោយពីចែកផ្លូវគ្នានឹងអតីតម្ចាស់ចិត្តជាអាណិកជនអាមេរិកនោះ! តើបុរសថ្មីនេះ ជាអ្នកណាដែរ មានសំណាងមកស្អំបេះដូងស្រីស្រស់រូបនេះ?»។
ដោយឡែកតារាស្រីកញ្ញា នី មុនីនាថ ក៏នៅមិនទាន់សារភាពច្បាស់លាស់ឡើយថា តើម្ចាស់ខ្សែកដែលជាម្ចាស់បេះដូង និងកែវភ្នែករបស់នាងមែនឬអត់? ខណៈភ្នំពេញប៉ុស្តិ៍គ្រាន់តែទទួលបានការបកស្រាយពីនាងបែបពង្វាងដានយ៉ាងដូច្នេះផងដែរថា៖ «សារនោះ គឺគ្រាន់តែជាប៉ារ៉ូលកុនប៉ុណ្ណោះ ហើយខ្ញុំក៏តែងតែបង្ហោះលេងក្រោយពេលថតរូបបង្ហោះតាមហេ្វសប៊ុកដែរ។ សព្វថ្ងៃនេះ ចំពោះរូបនាងខ្ញុំអ្នកតាមស្រឡាញ់នោះ គឺថាមានច្រើនណាស់ គ្រាន់តែថាខ្ញុំមិនទាន់សម្រេចទទួលយកស្នេហាពីអ្នកណាម្នាក់នៅឡើយទេ។»
កន្លងមកនេះដែរ បើតាមអ្នកស្រី សុភាលី ត្រូវជាម្តាយបង្កើតរបស់កញ្ញា នី មុនីនាថ នោះធ្លាប់បានប្រាប់អ្នកកាសែតថា៖ កូនមីង អត់ទាន់មានអ្នកណាថ្មីនោះទេ! ហើយរីឯសារនាងនិយាយរឿងខ្សែក នោះគឺគ្រាន់តែនាងបានសរសេរលេងទេក្មួយ!»។
ជុំវិញរឿងការងារសិល្បៈវិញនោះគឺ កញ្ញា នី មុនីនាថ មិនត្រឹមតែមិនរងផលប៉ះពាល់ ឬជួបវិបត្ដិដោយកូវីដ ១៩ ប៉ុណ្ណោះទេ ថែមទាំងជាប់រវល់គួរសមក្នុងការថតកុនពីមួយរឿងទៅមួយរឿងទៀតផង។
កញ្ញា នី មុនីនាថ បញ្ជាក់ថា៖ «សម្រាប់នាងខ្ញុំ ទើបតែថតកុនចប់ថ្មីៗនេះ ហើយការថតកុននោះយើងតែងតែគោរពទៅតាមគោលការណ៍ក្រសួងណែនាំដែរ ដោយយើងតែងរក្សាអនាម័យគ្រប់ពេល និងមិនមានការជួបជុំគ្នាច្រើននោះឡើយ»៕