គេហទំព័រ ផែនដីថ្មី PDT (បុគ្គលិកប្រចាំការ) ☎️012 296 494
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅទីស្តីការក្រសួង នារសៀលថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោកបណ្ឌិត Seong Yong Han អនុប្រធានសាជីវកម្មទឹកកូរ៉េ (K-Water) ដឹកនាំគណៈប្រតិភូកូរ៉េចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូសាជីវកម្មទឹកកូរ៉េ (K-Water) និងសហការី ដែលបានឆ្លៀតពេលដ៏មានតម្លៃ ដើម្បីជួបពិភាក្សាការងារកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកនិងឧតុនិយម។ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងបានទទួលស្គាល់នូវភាពជាដៃគូដ៏សំខាន់រវាងក្រសួងធនធានទឹក និងឧតុនិយម និងសាជីវកម្មទឹកកូរ៉េ (K-Water) ក្នុងការកសាង និងការអភិវឌ្ឍវិស័យធនធានទឹកនៅកម្ពុជា។
ក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់គណៈប្រតិភូសាជីវកម្មកូរ៉េ(K-Water) ថា ក្រសួងធនធានទឹក និងឧតុនិយមនៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសុវត្ថិភាពទឹក ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងអំពីផែនការរបស់ក្រសួងដែលបាននឹងកំពុងរៀបចំផែនការយុទ្ធសាស្ត្រក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ក្នុងរយៈពេល ៥ឆ្នាំខាងមុខផងដែរ។
លោករដ្ឋមន្រ្តីបានស្នើឱ្យ K-Water ជួយពិចារណាផ្តល់ជំនួយបន្ថែមលើវិស័យឧតុនិយម ជាពិសេសជួយទាំងបច្ចេកទេស ការជួសជុល និងការដំឡើងស្ថានីយរ៉ាដា Doppler បន្ថែមយ៉ាងហោចណាស់ ៤-៥ នៅទូទាំងប្រទេស ដើម្បីធានាប្រសិទ្ធភាពការព្យាករ និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ។
សូមជម្រាបថា ចាប់ពីឆ្នាំ១៩៩៩មក ក្រោមកិច្ចសហប្រតិបត្តិការជាមួយសាជីវកម្មទឹកកូរ៉េ (K-Water) ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តគម្រោងជាច្រើនមាន គម្រោងសិក្សាសមិទ្ធិលទ្ធភាព គម្រោងសិក្សាផែនការមេ និងជាទីប្រឹក្សាបច្ចេកទេសនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនានា។
ជាមួយគ្នានេះដែរ តាមរយៈ K-Water ក្រសួងធនធានទឹក និងឧតុនិយមបាននិងកំពុងសិក្សា ១)គម្រោងគ្រប់គ្រងទឹកអាងដៃនៃទន្លេមេគង្គចំនួន៤ (ព្រែកព្រះ ព្រែកគ្រាង ព្រែកកាំពី និង ព្រែកទេ) ២)ផែនការមេស្រុកគងពិសី ដែលជាផ្នែកមួយនៃស្ទឹងព្រែកត្នោត ក្នុងខេត្តកំពង់ស្ពឺ (Master Plan for Kong Pisey District in Kampong Speu on part of Preak Thot River) ៣)គម្រោងគ្រប់គ្រងធនធានទឹកចម្រុះស្ទឹងសង្កែ(Sangke River IRWM Project) និង ៤)គម្រោងប្រព័ន្ធព្រមាននិងព្យាករណ៍ទឹកជំនន់ស្ទឹងសែន ( Sen River Flood forecasting and Warning System)។
លោកបណ្ឌិតអនុប្រធានសាជីវកម្មទឹកកូរ៉េ (K-Water) បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូសាជីវកម្មទឹកកូរ៉េបានជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីបន្តរួមចំណែកជួយដល់រាជរដ្ឋាភិបាល ក្នុងការជំរុញកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យមានសន្ទុះឈានឡើងប្រកបដោយចីរភាព។
លោកអនុប្រធានបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ក្រសួងធនធានទឹក និងឧតុនិយម និងបានគូសបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជួយដល់ការអភិវឌ្ឍវិស័យធនធានទឹកនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារបានបញ្ចប់ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល ព្រមទាំងបង្ហាញនូវសុច្ឆន្ទៈក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការនានា ដើម្បីជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា៕