នាយក​រដ្ឋមន្ត្រី សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុង​សារលិខិតផ្ញើ​ជូន​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា លើក​ទី​២០ ចាត់​ទុក​អ្នក​សារព័ត៌មាន ជា​ដៃគូ​មួយ ដែល​មិន​អាច​ខ្វះ​បាន ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា

📍គេហទំព័រ ផែនដីថ្មី PDT (បុគ្គលិកប្រចាំការ) ☎️012 296 494

ភ្នំពេញ ៖ សម្តេច​ធិ​បតី ក្នុង​សារលិខិតខាងលើ​នេះដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ នា​ថ្ងៃ​ទី​២០​ធ្នូ ផ្ញើ​ជូន​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា លើក​ទី​២០ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៣ ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ចាត់​ទុក​អ្នក​សារព័ត៌មាន ជា​ដៃគូ​មួយ ដែល​មិន​អាច​ខ្វះ​បាន ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ។

ការ​លើក​ឡើង​របស់​សម្តេច​ធិ​បតី បាន​លើក​ឡើង​ថា «​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ “​ក្រម​សីលធម៌ និង​វិជ្ជាជីវៈសារព័ត៌មាន​” ពិតជា​មាន​សារៈសំខាន់​បំផុត ខណៈ​ដែល​ការ​អនុវត្ត​ក្រមសីលធម៌ វិជ្ជាជីវៈ​របស់​អ្នក​សារព័ត៌មាន មួយ​ចំនួន​នៅ​មាន​កម្រិត ជា​ពិសេស​អ្នក​សារព័ត៌មាន តាម​ប្រព័ន្ធ​អន​ឡាញ ដែល​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​ពង្រឹង​ការ​អនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ការ​បណ្តុះបណ្តាល​ជំនាញ ដើម្បី​បង្កើន​សមត្ថភាពរបស់​អ្នក​សារព័ត៌មាន និង​បង្កើន​ទំនុកចិត្ត ដល់​សាធារណជន​»​ ។

ក្នុង​ឱកាស​នេះ សម្តេច​នាយក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​កោតសរសើរចំពោះ​ស្ថាប័ន​សារព័ត៌មាន និង​អ្នក​សារព័ត៌មាន​ទាំងអស់ ដែល​បាន​គាំទ្រ​គោលនយោបាយរបស់​រាជរដ្ឋាភិបាល នា​ពេល​កន្លង​មក ក៏​ដូច​ជា​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​ នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែល​នេះ​ជា​កម្លាំង​ច​លករ ក្នុង​ការ​ចូលរួម​ចំណែក ថែរក្សា​សុខ​សន្តិភាព និង​ការ​កសាង​ប្រទេស ឱ្យ​មានការ​រីក​ចម្រើន ប្រកបដោយ​ចីរភាព ដោយ​សម្លឹងឆ្ពោះទៅ​បង្គោល​ចរ «​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០»​ ។

ទន្ទឹម​នេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ​ចំពោះ​សា្ថ​ប័នសារព័ត៌មាន និង​អ្នក​សារព័ត៌មាន ដែល​បាន​ចុះ​យក​ព័ត៌មាន ការ​ចែករំលែក​ព័ត៌មាន ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បាន​រហ័សទាន់សភាពការណ៍ និង​ទូលំទូលាយ​ទាំង​នៅ​ក្នុង​ក្រប​ខណ្ឌ​ជាតិ អន្តរជាតិ ដើម្បី​ស្វែង​យល់​អំពី​សភាពការណ៍​ពិតនៅ​កម្ពុជា ពិសេស​ព្រឹត្តិការណ៍​ធំ​ៗ​ជា​ប្រវត្តិសាស្ត្រ នា​ពេល​កន្លង​មក ។

សម្តេច ​បាន​គូសបញ្ជាក់​ថា “​ស​មិ​ទ្ធ័​ផល​ដ៏​ធំធេង និង​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ដែល​ទទួល​បាន នា​ពេល​កន្លង​មក គឺ​មានការ​ចូលរួម យ៉ាង​សកម្ម​ពី​ស្ថាប័ន​សារព័ត៌មាន និង​បងប្អូន​អ្នក​សារព័ត៌មាន​។ នេះ​បង្ហាញ​ពី​ភាព​ជា​ដៃគូ ដែល​មិន​អាច​ខ្វះ​បាន រវាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​ស្ថាប័ន​សារព័ត៌មាន​”​ ។

សម្តេច​ធិ​បតី បញ្ជាក់​ថា “​រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់​លើកកម្ពស់ សេរីភាព ​នៃ​ការ​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន និង​ជំរុញ​ឱ្យ​មានការ​បណ្តុះបណ្ដាល​ផ្នែក​សារព័ត៌មាន និង​បច្ចេកវិទ្យា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប ក៏​ដូច​ជា​ពង្រឹង​ការ​អនុវត្ត​ក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បី​ឱ្យ​អ្នក​សារព័ត៌មាន បំពេញភារកិច្ច​ប្រកបដោយ​វិជ្ជាជីវៈ និង​ការ​ទទួលខុសត្រូវ​” ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News