📍គេហទំព័រ ផែនដីថ្មី PDT (បុគ្គលិកប្រចាំការ) ☎️012 296 494
ភ្នំពេញ៖ រឿងគ្រូបារមី គ្រូអូមអាមផ្សេងៗ ក្រសួងធម្មការ និងសាសនា ក៏បានប្រកាសអំពាវនាវដល់មហាជន ដែលប្រើប្រាស់បណ្តាញសង្គមទាំងអស់ សូមឈប់បង្ហោះវីដេអូចាស់ៗ កន្លងទៅ ឬវីដេអូថ្មីៗ ពាក់ព័ន្ធនឹងគ្រូបារមី គ្រូអូមអាមផ្សេងៗ ប្រសិនបើមិនបញ្ឈប់ទេ សាមីខ្លួន នឹងត្រូវទទួលវិធានការតាមផ្លូវច្បាប់ជាធរមាន។ គ្រូបារមី គ្រូអូមអាមផ្សេងៗ ចំនួន9នាក់ ក្រសួងធម្មការ និងសាសនា បានប្រកាសនៅយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះ នូវកំណត់ហេតុ ស្តីពី ការចុះកិច្ចសន្យារបស់លោក ស សង្ហា ជាមួយមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះ។
កិច្ចសន្យា សរសេរអក្សរដោយដៃ ឈ្មោះ ស សង្ហា ដែលជាគ្រូបារមី កើតនៅឆ្នាំ១៩៨៩ មានទីលំនៅក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានសន្យា ២ចំណុច៖
ទី១-សន្យាលុបរូបភាព និងវិដេអូ ដែលមានពីមុន ហើយប៉ះពាល់ដល់សណ្តាប់ធ្នាប់ សាធារណៈ និងទី២-សន្យាថា មិនបន្តថតរូប រឺឡាយវិដេអូ ( Live Video ) ពីសកម្មភាពធ្វើពិធីផ្សេងៗ ធ្វើឱ្យប៉ះពាល់ដល់ប្រពៃណី ទំនៀមទំលាប់វប្បធម៌ខ្មែរទេ។
គ្រូបារមី ស សង្ហា បានប្រកាសសន្យា សុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ ក្នុងករណី ដែលរូបគេ នៅតែប្រព្រឹត្តកំហុសបន្តទៀត។
សូមរម្លឹកថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រសួងធម្មការ និងសាសនា តាមរយៈមន្ទីររាជធានីខេត្ត បានហៅគ្រូបារមី គ្រូអូមអាម មកអប់រំ ណែនាំ និងធ្វើកិច្ចសន្យាជាបន្តបន្ទាប់។ ក្នុងនោះ រួមមាន៖
១-លោក ម៉ម សាវិន នៅខេត្តសៀមរាប កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។
២-លោក ស៊ូ សេងហ៊ួ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។
៣-កញ្ញា សុខ នី នៅខេត្តក្រចេះ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
៤-លោក ប៉ាន់ វណ្ណៈ នៅខេត្តកំពត នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។
៥-លោក គឹន បុត្តា នៅខេត្តកំពង់ចាម នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤។
៦-លោក ស៊ីវ សុផល នៅរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤។
៧-លោក ញ៉ិប សុភិន នៅរាជធានីភ្នំពែញ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។
៨-លោក វ៉ាត វុធ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។
៩-អ្នកស្រី អេន ចរិយា ហៅ អ្នកគ្រូលី ជាម្ចាស់គណនីហ្វេសបុកឈ្មោះ “EN Chariya” និង “កំពូលម៉ូត” ដែលតាំងខ្លួនជាព្រះនាងឥន្ទ្រទេវីស្នងរូប ត្រូវបានប៉ូលិស នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កោះហៅឱ្យចូលបំភ្លឺ ហើយធ្វើកិច្ចសន្យា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣៕