សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្ដេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ៥​រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​សព​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្ដេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​យាង​ចូល​ទិវង្គត វេលា​ម៉ោង​១៧:៤០​នាទី​ល្ងាច កាលពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ក្នុង​ព្រះ​ជន្មាយុ​៩៣​ព្រះវស្សា ដោយ​ព្រះ​ជរា​ពាធ​។​

​សម្ដេច​តេជោ ហ៊ុន សែន ពិតជា​មាន​សេចក្តី​ក្រៀមក្រំ​ក្ដុល​ក្តួល ជា​អនេក​ចំពោះ​ការយាង​ចូល​ទិវង្គត​របស់​សម្ដេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ព្រះអង្គ​បាន​បូជា​ព្រះកាយ​ក្នុង​មួយ​ព្រះជន្ម​របស់​ព្រះអង្គ​ឧទ្ទិស​ដើម្បី​ព្រះពុទ្ធសាសនា​បាន​គង់វង្ស និង​ចម្រើន​រុងរឿង​ពុទ្ធបរិស័ទ​ចូលរួម​គោរព​ប្រតិបត្តិ​តាម​គន្លង​ឱវាទ ហើយ​ព្រះអង្គ​បាន​បន្សល់ទុក​នូវ​ស្នា​ព្រហស្ថ​ជាច្រើន ទាំង​ពុទ្ធចក្រ និង​អាណាចក្រ​។

​សូម​ឧទ្ទិស​ថ្វាយ​ព្រះរាជ​កុសល​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​សម្ដេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស បាន​យាង​ទៅ​កាន់​ឋាន​ព្រះ​បរមសុខ​ជានិច្ច​និរន្តរ៍​កុំបី​ឃ្លៀង ឃ្លាត​ឡើយ​៕

 

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News