ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី បាន​បញ្ជាក់​ពី​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​គឺ មិនមែន​ធ្វើបាប​អ្នកក្រ​ទេ​,,

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

ភ្នំពេញ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ នេះ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​គោលដៅ​នានា​ក្នុងការ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​។​
ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រើប្រាស់​កម្លាំង​នគរបាល​ជាង​មួយ​ពាន់​នាក់ ចេញ​ប្រតិបត្តិ​ការអនុវត្ត​រឹតបន្តឹង​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ថ្ងៃទី​១ ខែឧសភា នៅក្នុង​រាជធានី​ភ្នំពេញ​។
​ការចុះអនុវត្ត នៅក្នុង​រាជធានី​ភ្នំពេញ​នេះ គឺមាន​រហូតដល់​ទៅ​៤៧​គោលដៅ អនុវត្ត​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​សំដៅ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាច​ណ៍​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​១ ខែឧសភា ថា ការដែល​សមត្ថកិច្ច​ផាកពិន័យ​អ្នក​ល្មើសច្បាប់​ចរាចរណ៍ គឺ​ក្នុង​មួយ​គោលដៅ ឃាត់​ម៉ូតូ​បាន​ពី​៤០​ទៅ​៥០​ម៉ូតូ ហើយ​ម៉ូតូ​ដែល​ល្មើស គឺ​ភាគច្រើន​មិន​ពាក់មួក​សុវត្ថិភាព និង​រថយន្ត​មួយគ្រឿង​ទៅ​ពីរ​គ្រឿង គឺ​មិន​ពាក់​ខ្សែក្រវាត់​។ នៅក្នុង​ការផាកពិន័យ​នេះ​មិនឃើញ​មានការ​តវ៉ា​ប្រឆាំង​ជាមួយ​សមត្ថកិច្ច​ទេ និង​បាន​ព្រមព្រៀង​ក្នុង​ការបង់​ផាកពិន័យ​តាមច្បាប់​កំណត់​។​នៅតាម​គោល​ខ្លះ​ឃាត់​អ្នកជិះ​ល្មើសច្បាប់​ចរាចរណ៍​មាន​ចំនួន​តិច​ដែរ​ទេ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​បញ្ជាក់ថា នៅក្នុង​ការអនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ គឺ​ពិនិត្យឃើញថា មាន​ប្រជាពលរដ្ឋ​មួយចំនួន​ជិះ​គេច​ពី​គោលដៅ​ត្រួតពិនិត្យ​ដោយសារតែ​ផ្លូវ​មាន​ច្រើន ហើយ​សមត្ថកិច្ច​មិនអាច​ដាក់​គ្រប់​ផ្លូវ​វ​បានទេ​។ ប៉ុន្តែ​ទោះបីជា​ប្រជាពលរដ្ឋ​មួយចំនួន​ជិះ​គេច​យ៉ាងណាក៏ដោយ ក៏​ជាការ​មួយ​ដែល​ឲ្យ​សញ្ញា​ថា កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ពង្រឹង​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​។ ដូច្នេះ​គាត់​អាច​គិតថា នៅពេល​ខាងមុខ​គាត់​នឹង​ត្រៀមលក្ខណៈ​ដើម្បី​កុំ​ឲ្យ​ខុសច្បាប់​។​ជា​សញ្ញា​មួយ​ដាស់តឿន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន នៅពេល​ធ្វើដំណើរ​នៅខាងមុខ​ទៀត​។​

​ជាមួយគ្នានេះ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​និង​អ្នក​ដែល​ប្រើប្រាស់​ផ្លូវ​សាធារណៈ​ទាំងអស់ ទាំង​អ្នកតូច​អ្នកធំ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ត្រូវតែ​ចូលរួម​គោរព​ច្បាប់ ដើម្បី​ជួយ​សង្គម​មានការ​ឯកភាព​គ្នា​គោរព​ច្បាប់​ចរាចរណ៍​ដើម្បី​ការពារ​អាយុជីវិត កុំ​ឲ្យ​ខាត​ទ្រព្យ​ផ្ទាល់ខ្លួន គ្រួសារ មិន​ឲ្យ​មានការ​បាត់បង់​នូវ​ប្រយោជន៍​របស់​បុគ្គ​ល ឬក៏​ក្រុមគ្រួសារ​របស់គាត់​។ លោកស្នងការ​បានបញ្ជាក់​ថា “​កុំ​គិតថា ការ​ផាក​ច្រើន​ធ្វើបាប​អ្នកក្រ​កំពុងតែ​កើត​ជំងឺ​កូ​វីដ​១៩ នាំគ្នា​ផាក​យកលុយ​ច្រើន គឺ​មិនមែន​ទេ​។ ការងារ​ច្បាប់​នេះ គេ​ធ្វើ​តាំងពី​យូរ​មកហើយ មិនមែន​ទើប​កើត​ជំងឺ​កូ​វីដ​១៩ បានធ្វើ​ទេ គឺ​ធ្វើ​មុន​កូ​វីដ​១៩​។ ប៉ុន្តែ​ដល់ពេល​វា​ចេញ វា​ចេញ​នៅក្នុង​ដំណាក់កាល​នឹង​ហើយ​យើង​អនុវត្ត មិនមែន​ដើម្បី​បង្កើន​ប្រាក់​ផាកពិន័យ​យកមកចែក​គ្នា​ជា​បុគ្គល ជា​ក្រុម​ទេ​។ ដូច្នេះ​បើ​បងប្អូន​ទាំងអស់គ្នា​គោរព​វាច​ប់​ហើយ មិនមាន​អ្នកណា​ទៅ​ផាក​ទេ​។ បើ​យើង​នាំគ្នា​គោរព​ច្បាប់​ទាំងអស់គ្នា អត់​មាន​អ្នកណា​ធ្វើ​អី​ទេ ហើយ​ប៉ូលិស​ក៏​មិនសូវ​រវល់ ហើយ​បងប្អូន​ក៏​មិន​អស់​លុយ ។​

​លោក​បន្តថា​យើង​មើលទៅ​ឃើញ​រូបភាព​មួយ​ឃើញថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ចូលរួម​ក្នុង​ការគោរព​ច្បាប់ នេះ​ជា​ទិដ្ឋភាព​មួយ​ដ៏​ល្អ​”​។​

​សូមបញ្ជាក់ថា ការអនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក អ្នកបើកបរ​ល្មើសច្បាប់​ចរាចរណ៍​រង​និង​ផាកពិន័យ​ទឹកប្រាក់​ពី​៣​ដង​ដល់​ទៅ​៥​ដង​ទៅតាម​បទល្មើស​។ ការផាកពិន័យ​គឺ​មិន​ធ្វើ​នៅ​កន្លែង​អនុវត្ត​នោះឡើយ​បញ្ជូន​យានយន្ត​ល្មើស​ទៅ​កន្លែងធ្វើការ​របស់​សម​ត្ថ​កិច្ច​នៅ​ជិត​បំផុត​និង​រក្សាទុក​០៣​ថ្ងៃ​ទើប​ឱ្យ​ម្ចាស់​ចូលខ្លួន​ទៅ​បង់ប្រាក់​ពិន័យ​តាមផ្លូវ​ច្បាប់​៕

 

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News