
📍ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី|PDT-News.com (បុគ្គលិកប្រចាំការ) ☎️Tel/tegram 012 296 494
ភ្នំពេញ៖ ប្រធានរដ្ឋ នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម បានថ្លែងថា ប្រទេសកម្ពុជានិងវៀតណាមបានឆ្លងកាត់នូវការលំបាកជាច្រេីនដូចគ្នាប៉ុន្តែប្រទេសទាំងនៅតែអាចឆ្លងកាត់បាន ពិសេសប្រទេសកម្ពុជាមានការផ្លាស់ប្តូរនិងអភិវឌ្ឍន៍ខ្លាំងលេីវិស័យអប់រំគួរឱ្យកត់សម្គាល់។
ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម លេីកឡេីងបែបនេះ ក្នុងឱកាសដែលលោកអញ្ជេីញធ្វេីបាឋកថានៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងឱកាសនេះ ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមរូបនេះ បានចាត់ទុកការអប់រំជាកូនសោសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិហេីយកត្តាសន្តិភាពរឹតតែសំខាន់។
លោក តូ ឡឹម ទន្ទឹមគ្នានេះ កោតសរសេីរចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងពង្រឹងនិងពង្រីកវិស័យអប់រំរបស់កម្ពុជាឱ្យកាន់តែរីចម្រេីនតាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
លោក តូ ឡឹម ជាមួយគ្នានេះដែរក៏បានបញ្ជក់ថា បច្ចុប្បន្ននេះមាននិស្សតកម្ពុជាកំពុងសិក្សានៅប្រទេសវៀតណាមចំនួន៣ពាន់នាក់ ក្នុងនោះក៏មានកិច្ចសហការលេីការអប់រំនៃខេត្តជាប់ព្រំដែនរវាងប្រទេសទាំងពីរផងដែរ។
លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ប្រទេសវៀតណាមស្វាគមន៍ជានិច្ចចំពោះវត្តមាននិស្សិតកម្ពុជា ពិសេសនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លោក តូ ឡឹម ប្រធានរដ្ឋនៃសាធារណសង្គមនិយមវៀតណាម ក្នុងគ្រានេះដែរបានស្នេីដល់រាជរដ្ឋាភិបាលកម្ពុជា និងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជំរុញឱ្យមានវត្តមានដេប៉ាតឺម៉ង់ភាសាវៀតណាមនៅក្នុងសាលកវិទ្យាល័យវ័យចំណាស់នេះផងដែរ៕