
📍ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី|PDT-News.com (បុគ្គលិកប្រចាំការ) ☎️Tel/tegram 012 296 494
ត្បូងឃ្មុំ៖ រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម លោក ប៊ុន ហ៊ាន បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាមួយមន្ត្រីបច្ចេកទេសនាយកដ្ឋានវិស្វកម្ម និងលោកអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានចុះពិនិត្យគម្រោងស្តារឡើងវិញទំនប់អាងទឹកកណ្តេរ ស្ថិតក្នុងឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
លោករដ្ឋលេខាធិការ ប៊ុន ហ៊ាន ក្នុងឱកាសនេះ បានបញ្ជាក់ឱ្យដឹងថា ការស្តារឡើងវិញទំនប់អាងទឹកកណ្តេរ គឺដើម្បីបង្កើនបរិមាណស្តុកទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការងារស្រោចស្រពដំណាំកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋប្រមាណ ២៧៤គ្រួសារ ក្នុងភូមិចំនួន៣ នៃឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

លោករដ្ឋលេខាធិការ ជាមួយគ្នានេះដែរ ក៏បានណែនាំដល់ក្រុមការងារអនុវត្តគម្រោងរបស់នាយកដ្ឋានវិស្វកម្ម ត្រូវបន្តយកចិត្តទុកដាក់លើគុណភាព សោភណភាព ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមធ្វើការគ្រប់គ្រងសមិទ្ធផលនេះឱ្យមានសុវត្ថិភាព និងប្រើប្រាស់បានត្រឹមត្រូវយូរអង្វែង។

បើតាមក្រសួង ការងារសំខាន់ៗនៃគម្រោងស្តារឡើងវិញទំនប់អាងទឹកកណ្តេរ រួមមាន ជួសជុលដីទំនប់ និងក្រាលដីក្រួសក្រហមលើខ្នងទំនប់ប្រវែង ៧.៤០០ម៉ែត្រ និង សាងសំណង់បង្ហៀរចំនួន ១កន្លែង ប្រវែង ១០០ម៉ែត្រ។ បើគិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៩៥%។

ទំនប់អាងទឹកកណ្តេរបានទទួលប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងពីទន្លេមេគង្គ មានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ៩ហិកតា ស្រូវប្រាំងលើកទី១ចំនួន ៧១៥ហិកតា ស្រូវប្រាំងលើកទី២ ចំនួន ៧១៥ហិកតា និងផ្ទៃដីដំណាំរួមផ្សំចំនួន ៦២៣ហិកតា៕