និស្សិតឆ្នើមកម្ពុជា ៧រូប ជាប់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សានៅប្រទេសបារាំង

📍ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី|PDT-News.com (បុគ្គលិកប្រចាំការ) ☎️Tel/tegram 012 296 494

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យនិស្សិតឆ្នើមកម្ពុជាចំនួន៧រូបជួបសម្ដែងការគួរសម និងផ្តល់អនុសាសន៍ដល់ពួកគេមុននិស្សិតទាំងនោះត្រូវទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសបារាំង។

កិច្ចសំណេះសំណាលរវាងលោកបណ្ឌិតសភាចារ្យ ​ឧបនាយករដ្ឋមន្ត្រី ជាមួយនិស្សិតឆ្នើមកម្ពុជាទាំង៧រូបនេះ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។
និស្សិតជ័យលាភីអាហារូបករណ៍ AFD-EDC- EC, IDEX និង GS@UGA ចំនួន៧រូបមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាត្រូវបានជ្រើសរើសដោយសាកលវិទ្យាល័យ Université Grenoble Alpesនៃសាធារណរដ្ឋបារាំងផ្តល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើមុខជំនាញ Smart Grids and Buildings និង Mobile Autonomous and Robotic Systems។ ក្នុងនោះនិស្សិត៦រូបជ្រើសរើសយកជំនាញ Smart Grids and Buildings និងនិស្សិត១រូបរើសយកជំនាញ Mobile Autonomous and Robotic Systems។

នៅក្នុងជំនួបជាមួយក្រុមនិស្សិតឆ្នើមទាំង៧រូបលោកបណ្ឌិតសភាចារ្យ ​ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកសូមចូលរួមអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់។

ក្នុងគ្រានោះដែរ លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់និស្សិតអាហារូបករណ៍ទាំងអស់ត្រូវប្រឹងប្រែងយកចិត្តទុកដាក់ផ្ដោតលើការសិក្សាទាំងទ្រឹស្តី និងការអនុវត្ត តស៊ូព្យាយាមរៀនសូត្រឱ្យបានពូកែ និងចាប់យកជំនាញឱ្យបានច្បាស់លាស់ ត្រូវមានភាពអត់ធ្មត់ក្នុងការរស់នៅ ពិសេសត្រូវយកចិត្តទុកដាក់លើរបបអាហារ ចេះគ្រប់គ្រងហិរញ្ញវត្ថុ និងពេលវេលាឱ្យបានល្អ។

ជាមួយគ្នានោះ លោកបណ្ឌិតសភាចារ្យ ​ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់និស្សិតទាំងអស់ត្រូវចេះសហការជួយយកអាសារគ្នាក្នុងគ្រាលំបាកទាំងក្នុងការរស់នៅ និងការរៀនសូត្រ ពិសេសត្រូវខិតខំប្រឹងកសាងសមត្ថភាពដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យទៅជាអ្នកជំនាញច្បាស់លាស់ក្នុងអាជីព៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News