ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹក ថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីសាសនាខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ ដែលប្រារព្ធធ្វើឡើងនៅ ព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។
សូមជម្រាបថា ថ្ងៃទី ២៩ខែតុលា ឆ្នាំ ២០២៤ ស្អែកនេះ គឺជាខួប២០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
គម្រប់ខួប២០ឆ្នាំនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំស្ថាប័នធំៗរបស់ជាតិ បានផ្ញើសារលិខិតថ្វាយព្រះពរថ្វាយព្រះអង្គជាបន្តបន្ទាប់ ក្នុងនោះ ថ្នាក់ដឹកនាំព្រឹទ្ធសភា សមាជិកព្រឹទ្ធសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាទាំងអស់ បានបួងសួងដល់ព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិីយានី ជាពិសេសដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋជាទីសក្ការៈ សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំនូវព្រះរាជសព្វសាធុការពរជ័យ ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គព្រះប្រកបដោយព្រះពុទ្ធពរ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕