ឈ្មួញថ្លើមធំហ៊ានប្រើគ្រឿងចក្រច្រើនគ្រឿង សម្រុកជីកដី ធ្វើព្រំដីរំលោភ យកព្រៃលិចទឹករដ្ឋខ្ទងរយហិចតា នៅឃុំប្រាសាទ សង្ស័យមន្ត្រីមានអំណាចធំនៅស្រុកស្អាង ចូលដៃជើង

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

កណ្តាល៖ ក្រុមឈ្មួញបានដាក់គ្រឿងចក្រអេស្កាវ៉ាទ័រជាច្រើនគ្រឿង ធ្វើសកម្មភាពជីកលើកក្រវ៉ាត់ព្រំដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងអនាធិបតេយ្យនៅក្នុងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ខណៈលោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង និងនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល រួមនិងមន្ត្រីពាក់ពន្ធជាច្រើនទៀត មិនយកភ្នែកមើល បង្កការសង្ស័យថា ត្រូវដង ត្រូវផ្លែទទួលបានលាភពីក្រុមឈ្មួញ ជាថ្មូនិងការបិទភ្នែក។

ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ចាប់តាំងពីពាក់កណ្តាលខែមេសាឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ ឈ្មួញបានប្រើគ្រឿងចក្រច្រើនគ្រឿងធ្វើសកម្មភាពកាយដីធ្វើព្រំដី ដើម្បីរំលោភយកដីព្រៃលិចរបស់រដ្ឋទៅធ្វើជាកម្មសិទ្ធិដោយឥតអៀនខ្មាស់ពលរដ្ឋក្រីក្រខ្លះដែលសុខចិត្តអត់ដីធ្វើស្រែចំការ ប៉ុន្តែមិនហ៊ានរំលោភយកដីរដ្ឋនោះឡើយ។ ចំពោះម្ចាស់គ្រឿងចក្រឈួសឆាយអោយឈ្មួញ ដើម្បីរំលោភយកដីរដ្ឋទាំងនេះ ត្រូវបានគេស្គាល់មានម្ចាស់ឈ្មោះ តូ , ឈ្មោះ តាំង ឡឺយ , ឈ្មោះ តាំង ម៉េង និងឈ្មោះ ហុក ឡេង ។ ចំណែកឈ្មួញដែលប្រើដុល្លា ជួលគ្រឿងចក្រ និងទិញក្បាលមន្ត្រីពុករលួយមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ។

ករណីឈ្មួញថ្លើមធំនេះ បើទោះបីប្រជាពលរដ្ឋ បានរាយការណ៍ទៅអាជ្ញាធរឃុំ និងស្រុក យ៉ាងណាក៏ដោយ ក៏អាជ្ញាធរឃុំ ស្រុក មិនអើពើនោះទេ។ បង្កធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងឃុំប្រាសាទ បានរិះគន់អាជ្ញាធរស្រុកស្អាង យ៉ាងចាស់ដៃ និងសម្ដែងសង្ស័យថា មានការឃុបឃិតពីលោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង និងនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល រួមនិងមន្ត្រីថ្នាក់ខេត្តខ្លះទើមឈ្មួញហ៊ានផ្លើមធំទៅកើត។

ប្រជាពលរដ្ឋ បាននិយាយប្រាប់សារព័ត៌មានឱ្យដឹងថា អ្នកទាំង៤រូបនេះតែងតែយកគ្រឿងចក្រមកស៊ីឈ្នួលជីកទំនប់ក្រវ៉ាត់ព្រំដីឲ្យឈ្មួញខុសច្បាប់ ហើយត្រូវបានប្រជាពលរដ្ឋដាក់ការសង្ស័យថា អាជ្ញាធរបានបើកដៃឲ្យឈ្មួញ ទើបឈ្មួញអាចជួលម្ចាស់គ្រឿងចក្រធ្វើសកម្មភាព ជីកទំនប់ក្រវ៉ាត់ព្រំយកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបាននោះ ។

ទាក់ទងករណីនេះ គេហទំព័រ ផែនដីថ្មី ពុំអាចសុំការបំភ្លឺពីលោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង បានទេ។ ប៉ុន្តែកន្លងមកលោកបានប្រាប់អ្នកកាសែតថា ចាំចុះទៅមើល ហើយជាក់ស្តែងមករហូតដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ នេះ លោកមិនបានដឹកនាំកម្លាំងចុះបង្ក្រាបនៅឡើយទេ។ រឿងនេះបានបង្កការសង្ស័យ ថា មានការឃុបឃិតកាន់តែខ្លាំង ប្រសិនបើគ្មានការឃុបឃិតទេ អស់លោកប្រហែលជាមិននៅដេកដួលល្មួលផ្សំគ្រិត ងើបមិនរួចបែបនេះទេ។

ប្រជាពលរដ្ឋរិះគន់ថា បើសិនជាអាជ្ញាធរមិនបើកដៃក្រុមឈ្មួញមិនអាច ធ្វើសកម្មភាពយកគ្រឿងចក្រជីកទំនប់ក្រវ៉ាត់ព្រំរំលោភយកដីរដ្ឋធ្វើជាកម្មសិទ្ធិយ៉ាងអនាធិបតេយ្យ និងបានបង្កឲ្យកើតមានទំនាស់ដីធ្លីមិនចេះចប់នោះដែរ ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News