
ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។
សៀមរាប៖ករណីឧកញ៉ា មាស សត្យា ឈូសឆាយរំលោភបំពានលើដីគម្របព្រៃឈើរបស់រដ្ឋបានជាង១៥០ហិកតាដោយសុវត្ថិភាពទៅហើយ លើដីរដ្ឋ ស្ថិតក្នុងភូមិប្រិយ៍ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រង់ចំណុចខាង លិច ឬ ក្រោយវត្តប្រិយ៍ ប្រហែល៥០០ម៉ែត្រ ត្រូវគេដឹងថា មានការឃុបឃិតគ្នាជាប្រព័ន្ធដែលរួមមានមេភូមិ មេឃុំ និងលោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ក៏ទទួលរងការសង្ស័យថា ជាអ្នកបិទភ្នែក និងបើកដៃអោយឧកញ៉ា មាស សត្យា ឈូសឆាយរំលោភបំពានលើដីគម្របព្រៃឈើរបស់រដ្ឋបានជាង១៥០ហិកតានេះដែរ។ ហើយប្រសិនបើគ្មានការឃុបឃិតទេ ម្លេសពេលឧកញ៉ា មាស សត្យា ឈូសឆាយរំលោភបំពានលើដីគម្របព្រៃឈើរបស់រដ្ឋភ្លាមៗ ប្រាកដជាអាជ្ញាធរស្រុកចុះទៅហាមឃាតមិនខាន មិនម៉ែនបណ្ដោយអោយឈួសឆាយរហូតសឹងសម្រេចលទ្ធផល១០០% ទៅហើយ នៅពេលបែកធ្លាយរឿងទើបអភិបាលស្រុកបានចុះទៅហាមឃាតនោះទេ។

ក្រោយបែកធ្លាយរឿងនេះ គេឃើញលោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស ពីរថ្ងៃមុននេះបានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ ផ្អាកគម្រោងរីសត និងពុះដីឡូត៍លក់របស់ឧកញ៉ា មាស សត្យា ខណៈកំពុងដំណើរការដោយឈូសឆាយរំលោភបំពានលើដីគម្របព្រៃឈើរបស់រដ្ឋបានជាង១៥០ហិកតាដោយសុវត្ថិភាពទៅហើយ គ្មានសុំច្បាប់មួយសសៃសោះ ឈូសក្លាយជាដីវាលរហោស្ថានទៅហើយ ទើបម្ចាស់ស្រុកស្ទុះទៅបិទ ។ លោកបញ្ជាក់ថា ទីតាំងរីសតនិងពុះជាដីឡូត៍លក់របស់ឧកញ៉ា មាស សត្យា លើដីរដ្ឋ ស្ថិតក្នុងភូមិប្រិយ៍ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រង់ចំណុចខាង លិច ឬ ក្រោយវត្តប្រិយ៍ ប្រហែល៥០០ម៉ែត្រ ។

សូមបញ្ជាក់ថា បច្ចុប្បន្នលោកឧកញ៉ា មាស សត្យាបានដាក់ពង្រាយគ្រឿងចក្រប្រមាណជិត២០គ្រឿង មកធ្វើសកម្មភាពឈូសឆាយដីព្រៃយ៉ាងគគ្រឹកគគ្រេង ឡើងហុយដីសំពោង ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធមានសមត្ថកិច្ច ជាពិសេសខាងរដ្ឋបាលស្រុក ហាក់ធ្វើមិនដឹងរឿងអីសោះ ។
តំណាងប្រជាពលរដ្ឋក្នុងភូមិប្រិយ៍ បានលួចខ្សឹបប្រាប់ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះថា ដីព្រៃដែលលោកឧកញ៉ាកំពុងឈូសឆាយដីរបស់រដ្ឋនោះ កាលពីមុនមក មិនមានប្រជាជនណាម្នាក់ហ៊ាន ថ្លើមធំហ៊ានទៅកាប់គាស់ដើមឈើ ឬធ្វើស្រែចំការឡើយ សូម្បីពួកគាត់ដែលរស់នៅក្នុងភូមិ-ឃុំ ជាប់នឹងដីព្រៃរដ្ឋខាងលើនេះក៏ដោយ ព្រោះតំបន់នេះ ជាតំបន់ហាមឃាត់របស់រដ្ឋបាលព្រៃឈើ ។

តំណាងប្រជាពលរដ្ឋបានបញ្ជាក់ថា ពួកគាត់មានអារម្មណ៍មិនសប្បាយចិត្ត ដោយលើកហេតុផលថា ក្នុងរយ:កាលកន្លងមកពួកគាត់ទទួលរងនូវការចាប់ចងពីសមត្ថកិច្ច រហូតដល់តុលាការ ដោយសារតែការកាប់ឆ្ការដីព្រៃតិចតួចយកមកធ្វើស្រែចំការដើម្បីយកមកចិញ្ចឹមជីវិត ព្រោះមិនដឹងថា ជាគម្របព្រៃឈើរបស់រដ្ឋឡើយ ។
តំណាងពលរដ្ឋបានបន្ថែមទៀតថា ចំពោះលោកឧកញ៉ា មាស សត្យា ហេតុអីបានមកដាក់គ្រឿងចក្រឈូសឆាយឡើងហុយសំពោងលាន់ឮយ៉ាងកក្រើកអីស្រួលម្ល៉េះមិន ឃើញមានសមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធ ណាម្នាក់ហ៊ានចេញមុខរារាំងលោកឧកញ៉ានោះដូចពួកគាត់ធ្លាប់រងគ្រោះទេ ? ព្រោះពួកខ្ញុំជាពលរដ្ឋ បានត្រឹមតែឆ្ងល់ប៉ុណ្ណោះ ចង់ ឱ្យស្ថាប័នច្បាប់អនុវត្តដោយកុំមើលម្ខាងជាពលរដ្ឋ ហើយម្ខាងជាឧកញ៉ាឱ្យសោះ ។
ចំណែកលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បាននិយាយប្រាប់អ្នកកាសែតក្នុងស្រុកមួយតាមទូរស័ព្ទថា គម្រោងដីពុះឡូត៍នៅក្នុងស្រុកបន្ទាយស្រី គឺម៉ាង គ្មានច្បាប់ទាំងអស់ ។ ទោះបីម្ចាស់ពុះឡូត៍ហើយក៏ដោយ តែអាជ្ញាធរស្រុកមិនអាចកាត់ឈ្មោះឱ្យបាននោះឡើយ ព្រោះស្រុកបន្ទាយស្រី មានច្បាប់ត្រឹមត្រូវមិនចេះតែស៊ីញ៉េឱ្យធ្វើស្រេចតែចិត្តអ្នកណាទេ ។ លោកបានបញ្ជាក់ថា ចំពោះគម្រោងដីឡូត៍និងរីសតរបស់ឧកញ៉ា មាស សត្យា នោះមិនមានការសុំច្បាប់ពីអាជ្ញាធរស្រុកទេ ។

ប្រហែល លោកឧកញ៉ា សុំច្បាប់ទៅថ្នាក់លើក៏មិនដឹង ព្រោះខាងស្រុកមានសិទ្ធិអនុ ញ្ញាតច្បាប់ បានត្រឹមតែលើទំហំដី៥០០០ម៉ែត្រការ៉េប៉ុណ្ណោះ មិនអាចលើសពីនោះបានទេ ប្រសិនបើដីនេះមានលិខិតកាន់កាប់ យើងមិនអាចហាមឃាត់ការឈូសឆាយរៀបចំគម្រោងរបស់គេបានទេ ។ ប៉ុន្តែបើគេបោះបង្គោលពុះជាឡូត៍ដាក់ស្លាកលក់ ឬសាងសង់អ្វីមួយ ដោយគ្មានច្បាប់យើងត្រូវចុះទៅហាមឃាត់ជាបន្ទាន់ ។
ជុំវិញករណីខាងលើនេះដែរ លោកឧកញ៉ាមាស សត្យា បានប្រាប់តាមទូរសព្ទ័ថា ទីតាំងដីរបស់លោកកំពុងរត់ច្បាប់រៀបចំធ្វើចម្រោះទឹកស្អាតជាមុនសិន បន្ទាប់មកពេលមាន ច្បាប់ លោកធ្វើរីសត និងពុះជាឡូត៍លក់ ។ លោកបន្តថា ដីរបស់លោកមានលិខិតកាន់ កាប់ត្រឹម ត្រូវ ហើយចំពោះរឿងជាប់គម្របព្រៃឈើនោះ លោកមិនដែលដឹងទេ ព្រោះមិនមានជាប់អ្វីឡើយ ដូច្នេះលោកនៅតែបន្តធ្វើដដែល ។
តាមការបញ្ជាក់របស់ លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានប្រាប់តាមទូរស័ព្ទនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះថា ដីដែលលោកឧកញ៉ា មាស សត្យា កំពុងឈូសឆាយ គឺជាគម្របព្រៃឈើរបស់រដ្ឋទាំងអស់ ពេលនេះមន្ត្រីយើង និងនាយសង្កាត់រដ្ឋបាលព្រៃឈើកំពុងចុះត្រួតពិនិត្យជាក់ស្តែងហើយ ។ ប៉ុន្តែលោកធ្លាប់បញ្ជាក់ថា ជនណា ដែលរំលោភកាន់កាប់ដីព្រៃរបស់រដ្ឋត្រូវតែអនុវត្តតាមច្បាប់ ។

ពលរដ្ឋក្នុងស្រុកបន្ទាយស្រីរំពឹងថា ទីតាំងដីដែលលោកឧកញ៉ា មាស សត្យា កំពុងឈូសឆាយអាចនិងផ្អាកសកម្មភាព ហើយអនុវត្តតាមផ្លូវច្បាប់ជាក់ជាមិនខាន ព្រោះមិនមែនដីឯកជនទេ គឺជាព្រៃរបស់រដ្ឋបាលព្រៃឈើកាន់កាប់ គ្មានបុគ្គលណាថ្លើម ពាសមេឃបានទេសម័យនេះ ។
មហាជនរង់ចាំមើលតើ អាជ្ញាធរខេត្តសៀមរាម ចាត់វិធានការមានប្រសិទ្ធភាពកម្រិតណាជាមួយឧកញ៉ា រំលោភបំពានដីរដ្ឋនេះ។ ព្រោះរឿងនេះធំណាស់ ហេតុអីបានលោកឧកញ៉ា មាស សត្យា ហ៊ានប្រឆាំងនិងផ្គើនអនុសាសន៏ សម្ដេចតេជោ ហ៊ានឈូសឆាយរំលោភយកដីរដ្ឋ១៥០ហិកតានៅភូមិប្រិយ៍ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធទេ លោកឧកញ៉ា មាស សត្យា មិនអាចធ្វើតាមចិត្តម្នាក់ឯងបានរហូតជិតសម្រេចលទ្ធផល១០០%នោះឡើយ។ ដូច្នេះសូមសម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ មេត្តាពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់៕