
ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។
សៀមរាប ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ ក្រុងសៀមរាបបានបំបែកសំណុំរឿងករណីឃាតកម្មវាយសម្លាប់បងថ្លៃរបស់ខ្លួនបាន កាលពីជាង១ឆ្នាំមុន ក្រោយរត់ទៅសម្ងំលាក់ខ្លួននៅខេត្តពោធិ៍សាត់ រួចនាំយកមកដាក់គុកនៅខេត្តសៀមរាបវិញ ។
ហេតុការណ៍ចាប់ខ្លួនប្អូនថ្លៃសម្លាប់បងថ្លៃនោះធ្វើឡើង នាថ្ងៃទី១៦ ខែសីហា នៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងនាំយកមកស្នងការដ្ឋាននគរបាលខេត្ត សៀមរាបវិញ ដើម្បីយកទៅធ្វើត្រាប់ ។

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាបបានប្រាប់នៅវេលាម៉ោង១១ថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ មានស្ត្រីឈ្មោះ សុគុណ វីឡា អាយុ៣៩ឆ្នាំ រស់នៅភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប បានមករាយការណ៍ថា ខ្លួនបានបាត់ប្តីឈ្មោះ ញ៉ាង វណ្ណនី អាយុ៤៣ឆ្នាំ តាំងពីខែឧសភា ឆ្នាំ២០ ១៩ ដោយមិនដឹងជាទៅទីណា ។
ក្រោយពីទទួលដំណឹងពីប្រពន្ធរបស់ជនសង្ស័យរួចមក កម្លាំងនគរបាលក្រុងសៀមរាបក៏បានជួយស្រាវជ្រាវ និងប្រកាសស្វែងរកឱ្យផងដែរ ។ លុះដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ លោកនាយប៉ុស្តិ៍សង្កាត់សំបួរ ក៏បានរាយការណ៍មកដែរថា នៅភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប មានធុំក្លិនស្អុយចេញពីពំនូកដីនៅរោងផ្ទះបាយ ឈ្មោះ ញ៉ាង វណ្ណនី(ស្ត្រីបាត់ប្តី) ។
ករណីនេះ លោកអធិការក្រុងបានឱ្យលោកវរសេនីយ៍ទោ នួន ស័ក្តិចំរើនរិទ្ធ អធិការរង ផ្នែកព្រហ្មទណ្ឌ ឱ្យដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ និងបានជីកគាស់ទើបដឹងថា ជាសាកសពរបស់មនុស្ស ។ លោកបន្ថែមទៀតថា ក្រោយពេលធ្វើកោសល្យពិច្ឆ័យទៅលើដងខ្លួនសាកសព រួចមកទើបដឹងថា ពិតជាមានមនុស្សស្លាប់ ដោយអំពើឃាតកម្ម ដែលជនរងគ្រោះ ឈ្មោះ ញ៉ាង វណ្ណនី ភេទប្រុស អាយុ៤៣ឆ្នាំ ជាប្តីរបស់ឈ្មោះ សុគុណ វីឡា ដែលបានបាត់ខ្លួនក្នុងកំឡុងខែឧសភា ឆ្នាំ២០១៩ កន្លងទៅនោះពិតមែន ។
លោក បានបញ្ជាក់ទៀតថា បន្ទាប់ពីបានបើកការស្រាវជ្រាវ នឹងបំភ្លឺសាក្សីនៅជុំវិញកន្លែងកើតហេតុ រួចមកកម្លាំងយើង បានកំណត់មុខសញ្ញាជន សង្ស័យ គឺមានឈ្មោះ សុគុណ ច័ន្ទតារា ភេទប្រុស អាយុ៣២ឆ្នាំ ដែលត្រូវជាប្អូន បង្កើតរបស់ឈ្មោះ សុគុណ វីឡា នឹងត្រូវជាប្អូនថ្លៃជនរងគ្រោះ ពិតមែន ។ លោកបានបញ្ជាក់បន្ថែមទៀតថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយសម្លាប់ជនរងគ្រោះឈ្មោះ ញ៉ាង វណ្ណនី (ត្រូវជាបងថ្លៃ)នឹងចបកាប់ ចំលលាដ៍ក្បាលចំនួន២កន្លែង វាយដៃឱ្យបាក់ រួចអូសយកសពទៅកប់នៅខាងក្រោយផ្ទះពិតមែន ។
មូលហេតុ មានទំនាស់ពេលផឹកស៊ី បណ្តាលឱ្យក្លាយជាគំនុំ ។ ជនសង្ស័យត្រូវបាននគរបាលក្រុងសៀមរាបនាំខ្លួនមកក្រុងសៀមរាបវិញ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០នេះ ហើយនាំទៅកន្លែងកើតហេតុ និងបានធ្វើការហូតវត្ថុតាងបានមួយចំនួន រួចបញ្ជូនទៅតុលាការ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ និងត្រូវបានតុលាការសំរេចឱ្យឃុំខ្លួន តាមដីកាលេខ១០៦៦/២០២០ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុង រៀបចំបញ្ជូនខ្លួនទៅកាន់ពន្ធនាគារខេត្ត តាមបទបញ្ជារបស់លោកចៅក្រមស៊ើបសួរ ៕