ភ្នំពេញ៖នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ទម្រង់ផែនការប្រត្តិបត្តិការថ្មី សម្រាប់អនុវត្ត ក្នុងឆ្នាំ២០២៤តទៅ ដែលទម្រង់ផែនការថ្មីនេះ គឺជាលទ្ធផលស្នាដៃ រៀបចំចងក្រងឡើង ដោយលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញផ្ទាល់ តាមរយៈការច្របាច់បញ្ចូលគ្នា នូវចំណេះដឹង ដែលលោក បានរៀនសូត្រនៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី បូករួមនឹងបទពិសោធន៍ជាក់ស្តែងដែលធ្លាប់ជួបកន្លងមក។
លោកវរសេនីយ៍ឯក សៀ ទីន បានធ្វើបទបង្ហាញនូវផែនការប្រត្តិបត្តិការថ្មីឆ្នាំ២០២៤ ជូនដល់អង្គពិធីទាំងមូលបានយល់ដឹងជ្រួតជ្រាបគ្រប់ៗគ្នា តាមរយៈទ្រឹស្តីផ្សាភ្ជាប់ជាមួយលំហាត់អនុវត្តជាក់ស្តែង ដែលផែនការថ្មីនេះ នឹងជួយសម្រួលក្នុងកិច្ចការងារប្រតិបត្តិការ ចូលរួមការពារ សន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ជាតិ អន្តរជាតិ សំខាន់ៗ អង្គប្រជុំផ្សេងៗ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ ឲ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ជាពិសេសយុទ្ធសាស្ត្រទប់ស្កាត់និងជួយសង្គ្រោះ ក្នុងហ្វូងមហាជន នៅពេលមានព្រឹត្តិការភ្ញាក់ផ្អើលផ្សេងៗកើតឡើង។
លោកវរសេនីយ៍ឯក សៀ ទីន បានធ្វើបទបង្ហាញរួចមក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបើកកិច្ចពិភាក្សា និងឯកភាពតាមខ្លឹមសារនៃផែនការប្រត្តិបត្តិការស្តង់ដាថ្មីនេះទាំងស្រុង នឹងត្រៀមដាក់ឲ្យអនុវត្តគ្រប់កាលៈទេសៈទាំងអស់ ទៅតាមស្ថានភាពជាក់ស្តែងចាប់ពីពេលនេះតទៅ៕