ករណីស្លាប់និងរបួសពេលប្រជ្រៀតគ្នាទៅយកអាំងប៉ាវនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា សុខ គង់ ឧបត្ថម្ភអ្នក​ស្លាប់​ម្នាក់១៥លានរៀល និងអ្នករបួស៤លានរៀល


ភ្នំពេញ ៖ករណីប្រជាពលរដ្ឋដែលប្រមូលផ្ដុំប្រជៀតគ្នានៅមុខផ្ទះអ្នកឧកញ៉ា សុខ គង់ ដើម្បីទទួលយកអាំងប៉ាវនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ បានជួបហេតុការណ៍ខ្យល់គដួលជាបន្ដបន្ទាប់ បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និង៦នាក់ផ្សេងទៀត កំពុងធ្វើការសង្គ្រោះ។ ផ្ទះអ្នកឧកញ៉ា សុខ គង់ ដែលប្រជាពលរដ្ឋនាំគ្នាទៅប្រជ្រៀតប្រមូលផ្ដុំនោះ មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

នៅទីតាំងកើតហេតុគេឃើញមានវត្តមានរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ច និងរថយន្ដសង្គ្រោះបន្ទាន់ ដើម្បីជួយអន្ដរាគមន៍សង្គ្រោះប្រជាពលរដ្ឋ និងសម្រួលចរាចរណ៍បំបែកនូវការជួបជុំនោះ។

បន្ទាប់ពីមានហេតុការណ៍ប្រជាពលរដ្ឋប្រជ្រៀតគ្នានៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដើម្បីចាំយកអាំងប៉ាវ​ និងបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភដល់សពម្នាក់ៗចំនួន៥លានរៀល និងអ្នករងរបួស ចំនួន២លានរៀល ព្រមក្តារមឈូស១ផងដែរ។

ថវិកាទាំងនេះត្រូវបានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនគ្រួសារជនរងគ្រោះក្នុងមន្ទីរពេទ្យនៅថ្ងៃនេះតែម្តង។ ចំណែកអ្នកឧកញ៉ា សុខ គង់ បានឧបត្ថម្ភដល់សពម្នាក់ៗចំនួន១០លានរៀល និងអ្នករងរបួសចំនួន២លានរៀល។

សូមជម្រាបផងដែរថា គិតត្រឹមម៉ោង១២​ និង៣០នាទី ចំនួន​អ្នកស្លាប់ពេលនាំគ្នាទៅប្រជ្រៀតយកអាំងប៉ាវ នៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បានកើនដល់៤នាក់ និងសង្គ្រោះ៥នាក់។ សម្រាប់អាំងប៉ាវម្នាក់ៗទទួលបានលុយ៤ម៉ឺនរៀល និងអង្ករ២គីឡូក្រាម៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News