ប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះបង្ហើបឱ្យដឹងថា សព្វថ្ងៃមានក្រុមហ៊ុនចំនួន២បានទទួលការអនុញ្ញាតឱ្យនាំផេះលាយបេតុង(fly ash)ចូលពីប្រទេសវៀតណាម ដើម្បីបំពេញតំរូវការប្រើប្រាស់វិស័យសំណង់ក្នុងស្រុក។ តាមខ្លឹមសារចែងក្នុងលិខិតអនុញ្ញាតក្រសួងបរិស្ថានបានរឹតបន្តឹងលើស្តង់ដា សុវត្ថិភាពដូចជាការដឹកជញ្ជូនត្រូវប្រើសាឡង់បិទជិត និងការស្តុកទុកជាដើម។
ប៉ុន្តែបើតាមការពិនិត្យជាក់ស្ដែង ឃើញមានការនាំចូលមិនបានអនុវត្តតាមលក្ខខ័ណ្ឌសុវត្ថិភាពរបស់ក្រសួងបរិស្ថាននោះទេ។ ក្រុមសារព័ត៌មានយើងបានសាកសួទៅមន្ត្រីគយមេមាត់ច្រកក្អមសំណរលោកហាក់មានការស្ទាក់ស្ទើក្នុងការបកស្រាយករណីនេះ។ មន្ត្រីម្នាក់ដែលប្រចាំកានៅច្រកព្រំដែនក្អមសំណរ សូមមិនបញ្ចេញឈ្មោះបានខ្សិបថា មានការត្រូវរូវគ្នាជាប្រព័ន្ធពីលើដល់ក្រោមបើកឱ្យឈ្មួញនាំសាឡង់អីវ៉ាន់ធំៗចូល ដោយពុំមានឯកសារគ្រប់គ្រាន់។ ក្នុងនោះក៏មានសាឡង់ដឹកផេះ ផ្លាយអះ(fly ash)ខុសស្តង់ដារបស់ក្រសួងបរិស្ថាន ត្រូវ បានមេច្រកអនុញ្ញាតនាំចូលដោយមិនខ្វល់ពីហានិភ័យដែលអាចកើតមានឡើងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ទឹកទន្លេនិងជីវចម្រុះក្នុងទន្លេឡើយ។
សូមបញ្ជាក់ថា ក្រុមហ៊ុន២ដែលទទួលបានការអនុញ្ញាតនាំផេះ(fly ash)ពីក្រសួងបរិស្ថានរួមមាន ១. ក្រុមហ៊ុន Fly Ash Trading Co., Ltd និង ក្រុមហ៊ុន Infinite Technology Co., Ltd ។ បើតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករ មន្ត្រីម្នាក់ដែលសូមមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៤ មកមានតែក្រុមហ៊ុន Infinite Technology មួយប៉ុណ្ណោះដែលមានឯកសារនាំចូលក្នុងប្រព័ន្ធគយ។
ថ្មីៗនេះក្រុមអ្នកកាសែត បានទៅពិនិត្យទីតាំងផែរបស់ក្រុមហ៊ុន Fly Ash Trading ដែលបោះទីតាំង នៅក្នុងស្រុកពញាឮ ខេត្តកណ្ដាល ជិតស្ពានព្រែកក្តាម ឃើញមានសាឡង់ដឹកផេះ ( fly ash) ធំៗ ២គ្រឿងចតនៅ មុខផែនៃផ្ទៃទន្លេសាប ដោយមិនញញើតនិងសំណាញ់ច្បាប់ទោះបីសាឡង់នោះទុកក្នុងលំហទន្លេសាបយ៉ាងក្តី ឃើញថាសាឡង់ទាំងនោះមិនមានលក្ខខ័ណ្ឌត្រឹមត្រូវ ដូចដែលក្រសួងបរិស្ថានបានស្នើឡើងនោះឡើយ។ គេសង្កេតឃើញសាឡង់នោះចតនៅជិតស្ថានីយ៍ផលិតទឹក សម្រាប់ចែកចាយឲ្យប្រជាពលរដ្ឋនៅរាជធានីភ្នំពេញប្រើប្រាស់។ ប្រការនេះគឺជាហានិភ័យយ៉ាងខ្លាំង។
ប្រភពពីកម្មករម្នាក់ដែលធ្វើការក្នុងផែនោះបានប្រាប់ថាក្រុមហ៊ុននេះនាំចូលផេះក្នុង១ខែ ពី៣ទៅ៤សាឡង់ហើយសាឡង់និមួយៗមានចំណុះពី១៥០០តោនទៅ ២០០០តោនចែកចាយទៅក្នុងទីផ្សារទូទាំងប្រទេស។
ជាទូទៅគេសង្កេតឃើញថា សាឡង់ដឹកផេះចូលខុសស្តង់ដា,ខុសពីគោលការណ៍របស់ក្រសួងបរិស្ថានហើយអត់មានឯកសារនាំចូលក្នុងប្រព័ន្ធគយ តែក្រុមហ៊ុននៅតែអាចនាំ ចូល៣ទៅ៤សាឡង់រាល់ខែ ដែលបរិមាណលក់អាចចូលខ្ទង់តោនតោនរៀងរាល់ខែ។ ដូច្នេះសូមខាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករជួយពិនិត្យមើលមេច្រកក្អមសំណរផង ហេតុអីសាឡង់ដឹកផេះចូលដឹករាប់ពាន់តោនបែរជាគ្មានឯកសារនាំចូលក្នុងប្រព័ន្ធគយទៅវិញ បើពិតមែនដូចគេថានោះ។ តើរដ្ឋខាតពន្ធប៉ុន្មាននេះគ្រាន់តែទំនិញ១មុខផង ចុះទំនិញរាប់រយមុខផ្សេង ទៀតយ៉ាងណាដែរ។
ប្រភពដដែលបញ្ជាក់ផងដែរថា សព្វថ្ងៃមានក្រុមហ៊ុន ២ ដែលទទួលបានលិខិតអនុញ្ញាតនាំចូល fly ash នេះគឺក្រុមហ៊ុន fly ash trading Co., Ltd និងក្រុមហ៊ុន Infinite technology Co.,Ltdហើយ តើសព្វថ្ងៃក្រុម ហ៊ុនទាំង២បានអនុវត្តតាមបទដ្ឋានសុវត្ថិភាពរបស់ក្រសួងបរិស្ថាន ដែរឬទេ? បើតាមភស្តុតាងដែលអ្នក សារព័ត៌មានបានចុះទៅយកផ្ទាល់នៅទីតាំងផែរបស់ក្រុមហ៊ុន fly ash trading ថ្មីៗនេះ ឃើញថា ក្រុមហ៊ុននៅបន្តនាំចូលដោយប្រើសាឡង់បើកឃ្លប់ដដែល តើករណីនេះយ៉ាងមិចដែរ ?
ម្យ៉ាងទៀតបើតាមប្រភពសុំមិនបញ្ចេញឈ្មោះពីទីចាត់កាគយនិងរដ្ឋាករ ឃើញថាក្រុមហ៊ុន fly ash trading ពុំបានរត់ឯកសារនាំចូលតាំងពីខែកក្កដាមកម្លេះ តែក្រុមហ៊ុននៅតែមានសាឡង់ចូលនិងចែកចាយ fly ash ចូលទីផ្សារដដែល តើករណីនេះយ៉ាងមិចដែរ?
អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំបំភ្លឺជុំវិញព័ត៌មានខាង លើនេះបើសិនជាមានចំណុចណាមួយ បានផ្សាយទៅវាខុសនឹងការពិត សូមទំនាក់ទំនងការិយាល័យនិពន្ធ។ ព័ត៌មានយើងខ្ញុំ គ្រាន់តែចង់ផ្សព្វផ្សាយព័ត៌មានពិត ឃើញទិដ្ឋភាពច្បាប់ៗដោយមិនសំដៅរិះគន់បុគ្គលឬស្ថាប័នពាក់ព័ន្ធចំពោះការធ្វេសប្រហែសលើការវាយតម្លៃគុណសម្បត្តិរបស់មន្រ្តីជាសមត្ថកិច្ចណាមួយឡើយ ហើយក៏មិនអាចកាត់សេចក្តីថាករណីខាងលើនេះវាទៅជាយ៉ាងណាដែរ៕