
ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។
ភ្នំពេញ៖គម្រោង “បេសកកម្មស្រាវជ្រាវបុរេប្រវត្តិសាស្ត្រកម្ពុជា-បារាំង” ក្រោមកិច្ចសហការរវាងក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងសារមន្ទីរជាតិប្រវត្តិសាស្ត្រធម្មជាតិ នៃសាធារណរដ្ឋបារាំង បានបង្ហាញលទ្ធផលនៃកម្មវិធីស្រាវជ្រាវនៅស្ថានីយបុរេប្រវត្តិសាស្ត្រល្អាងស្ពានចាប់ពីឆ្នាំ២០០៩រហូតដល់សព្វថ្ងៃ។ ក្រុមការងារស្រាវជ្រាវដឹកនាំដោយបណ្ឌិត ហេង សុផាឌី និងលោក Hubert Forestier សាស្ត្រាចារ្យនៃសារមន្ទីរជាតិប្រវត្តិសាស្ត្រធម្មជាតិ។ក្រុមការងារបានធ្វើកំណាយបានចំនួន១២លើកគិតចាប់តាំងពីឆ្នាំ២០០៩មក។
ប្រភពក្រសួងវប្បធម៌និងវិចិត្រកាលដែលបានបង្ហាញកាលពីថ្ងៃទី២៨ខែឧសភាបានបញ្ជាក់ថាតាមរយៈការស្រាវជ្រាវក្រុមការងារបានរកឃើញសំណល់ផ្សេងៗដែលបញ្ជាក់ពីសកម្មភាពនិងជីវភាពរស់នៅរបស់ក្រុមមនុស្សដូចជាឧបករណ៍ប្រើប្រាស់ធ្វើពីថ្មបំបែក ថ្មរំលីង កុលាភាជន៍ សំណល់ឆ្អឹងសត្វច្រើនប្រភេទ សំបកខ្យង គ្រំ គ្រឿងអលង្ការធ្វើពីថ្ម និងចង្កូមសត្វ និងផ្នូរសពចំនួនប្រាំមួយ។
ប្រភពដដែលបន្តថាលទ្ធផលបឋមដែលបានមកពីការសិក្សាវិភាគទៅលើស្រទាប់ដីរួមជាមួយវត្ថុផ្សេងៗប្រមូលបានពីកំណាយនៅស្ថានីយល្អាងស្ពាន បង្ហាញ ថា នៅទីនោះមានសកម្មភាពរបស់មនុស្សបីដំណាក់កាលខុសគ្នា ក្នុងរយៈពេលចន្លោះពី ៧១.០០០ឆ្នាំ ដល់ ៣០០ឆ្នាំ មុនសម័យបច្ចុប្បន្ន។
វប្បធម៌បីសំខាន់គឺ ថ្មរំលីង វប្បធម៌ហាវប៊ីនញៀន និងវប្បធម៌ថ្មបំបែកដែលចាស់ជាងវប្បធម៌ហាវប៊ីនញៀន។ កាលបរិច្ឆេទនៃវប្បធម៌ទាំងបីដែលទទួលបាននាពេលនេះ គឺធ្វើតាមបច្ចេកទេសវិភាគបែបវិទ្យាសាស្ត្ររួមមាន (វិទ្យុសកម្មកាបូន១៤, OSL និង U-Th) លើស្រទាប់ដីខុសៗគ្នាចាប់ពីផ្ទៃខាងលើដល់ជម្រៅប្រាំម៉ែត្រ។ ក្នុងជម្រៅដីប្រហែលប្រាំម៉ែត្រ គឺបង្ហាញពីភស្តុតាងនៃការតាំងទីរបស់ក្រុមមនុស្សសម័យថ្មបំបែក ដែលមានអាយុប្រហែល៧១.០០០ឆ្នាំមុន។ ក្រុមមនុស្សនៅក្នុងសម័យនេះគឺជាក្រុមពនេចរ រស់ដោយចាប់សត្វនិងប្រមូលអនុផលព្រៃឈើសម្រាប់ចិញ្ចឹមជីវិត ពួកគេយកល្អាងភ្នំជាជម្រក។
បន្ទាប់មកមានក្រុមមនុស្សមួយក្រុមទៀត ក៏ជាក្រុមអ្នកប្រមាញ់និងប្រមូលអនុផលព្រៃឈើដែរ ហើយជាទូទៅអ្នកស្រាវជ្រាវចាត់ទុកជាក្រុមមនុស្សស្ថិតក្នុងវប្បធម៌មួយឈ្មោះ “ហាវប៊ីញៀន”។ មនុស្សក្រុមនេះ ក៏ជាក្រុមពនេចរ ហើយពួកគេក៏យកល្អាងភ្នំជាជម្រកដូចក្រុមមុនដែរ។ ភស្តុតាងរបស់ក្រុមនេះនៅល្អាងស្ពាន គឺនៅក្នុងស្រទាប់ដីមានអាយុចន្លោះពី១១.០០០ឆ្នាំមុនដល់ ៥.០០០ឆ្នាំមុន។
ភស្តុតាងទាំងនោះរួមមានសំណល់ឆ្អឹងសត្វច្រើនសន្ធឹកសន្ធាប់របស់សត្វប្រភេទផ្សេងៗ រួមជាមួយឧបករណ៍ថ្មបំបែកផលិតពីដុំក្រួសយកចេញពីបាតស្ទឹង ដែលជាលក្ខណៈពិសេសរបស់ឧបករណ៍ថ្មនៃវប្បធម៌ហាវប៊ីញៀន។ វត្ថុទាំងអស់នេះភាគច្រើនរកឃើញក្នុងជម្រៅដីចាប់ពី ២៥សង់ទីម៉ែត្ររហូតដល់ ១,២០ម៉ែត្រ។ លុះក្រោយមកទៀត មានមនុស្សមួយក្រុមផ្សេងទៀត ដែលជាក្រុមរស់នៅក្នុងបរិបទនៃសម័យកាលមួយថ្មី គេហៅជាទូទៅថា “សម័យថ្មរំលីងឬនវសិលា”។ មនុស្សរស់នៅក្នុងសម័យកាលនេះ គឺជាសង្គមមនុស្សចេះធ្វើកសិកម្ម និងផ្សាំសត្វ តែក៏មិនបោះបង់ទម្លាប់បរបាញ់និងប្រមូលអនុផលព្រៃឈើដែរ តែពួកគេមិនរស់នៅក្នុងល្អាងភ្នំដូចក្រុមមុនៗឡើយ ហើយក៏មិនមែនធ្វើពនេចរដូចក្រុមមុនដែរ។
មនុស្សនៅក្នុងសម័យថ្មរំលីង រស់នៅតាមទីទំនាបក្បែរមាត់ទឹក មានផ្ទះនិងភូមិករអចិន្ត្រៃយ៍ ចេះ ផលិតកុលាលភាជន៍និងប្រើប្រាស់ពូថៅថ្មរំលីង និងឧបករណ៍ផ្សេងៗទៀត។
ប្រភពដដែលបញ្ជាក់ថាករណីនៅល្អាងស្ពាន មនុស្សនៅក្នុងសម័យថ្មរំលីង បានយកល្អាងភ្នំធ្វើជាទីបញ្ចុះសព ព្រោះយើងបានរកឃើញផ្នូរសពចំនួនប្រាំមួយ ដែលផ្នូរនីមួយៗសុទ្ធតែមានវត្ថុប្រើប្រាស់កប់ជាមួយ ដូចជាកុលាលភាជន៍ ពូថៅថ្ម និងផ្នូរខ្លះទៀតមានគ្រឿងអលង្ការទៀតផង។ ផ្នូរទាំងប្រាំមួយដែលបានរកឃើញមានអាយុប្រហាក់ប្រហែលគ្នាគឺចន្លោះពី៣.៣១០ទៅ៣.៣៥០ឆ្នាំមុន៕