ឃាត់ខ្លួនមន្ត្រីសាលាខេត្តពោធិ៍សាត់ ម្នាក់និងជាអតីតអភិបាលរងស្រុកវាលវែង ត្រូវបានសមត្ថកិច្ច ពីបទក្លែងបន្លំឯកសារសាធារណៈ

📍ការិយាល័យគ្រប់គ្រង(បុគ្គលិកប្រចាំការ) ☎️012 296 494
អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏ យើងខ្ញុំជួយណែនាំជូន

ពោធិ៍សាត់៖ លោក ឌី រឿង ហៅប្រុស ភេទប្រុស អាយុ៣៩ឆ្នាំ អតីតអភិបាលរងស្រុកវាលវែង បច្ចុប្បន្នជាមន្ត្រីសាលាខេត្តពោធិ៍សាត់ ត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្តពោធិ៍សាត់ ធ្វើការឃាត់ខ្លួន តាមដីកាបញ្ជាឱ្យចូលខ្លួន របស់សាលាដំបូងខេត្តពោធិ៍សាត់ លេខ១៥ អ.ក/២២ ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ដើម្បីសួរនាំ តាមបណ្តឹងរបស់ឈ្មោះ អ៊ុក សារ៉ែន ភេទប្រុស អាយុ៤២ឆ្នាំ ប្តឹងពីបទក្លែងបន្លំឯកសារសាធារណៈ។

លោក ឌី រឿង ហៅប្រុស ត្រូវបានឃាត់ខ្លួន នាវេលាម៉ោង ១២ និង៣០នាទីរសៀល ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២កន្លងទៅ នៅចំណុចមូលដ្ឋានអាវុធហត្ថស្រុកវាលវែង ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពពីកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ បានប្រាប់ឱ្យដឹងថា អតីតអភិបាលរងស្រុកវាលវែង មានឈ្មោះ ឌី រឿង ហៅប្រុស ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងជាមន្ត្រីរដ្ឋបាលសាលាខេត្តពោធិ៍សាត់។

ប្រភពបន្តថា ក្រោយធ្វើការឃាត់ខ្លួន ដើម្បីសួរនាំ នៅការិយាល័យជំនាញ នៃបញ្ជាការដ្ឋានអាវុធហត្ថខេត្តពោធិ៍សាត់ ជនសង្ស័យឈ្មោះ ឌី រឿង ហៅប្រុស បានឆ្លើយសារភាពថា ខ្លួនពិតជាបានក្លែងបន្លំឯកសារសាធារណៈ ដោយចុះហត្ថលេខាលើគំនូសប្លង់ បង្ហាញទីតាំងដីទំហំ១០៨ហិកតា នៅចំណុចអូរសួស្តី ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ ប្រគល់ឱ្យឈ្មោះ អ៊ុក សារ៉ែន កាន់កាប់ពិតប្រាកដមែន។ យ៉ាងណាមិញ ជនសង្ស័យក៏នៅមានជាប់ពាក់ព័ន្ធ ករណីប្រើប្រាស់ស្លាកលេខ (ខ.ភ.ម) សម្គាល់យានជំនិះក្លែងក្លាយ ប្រើប្រាស់ដោយគ្មានសិទ្ធិ នូវយានយន្ត ព័ណ៌ត្រេអ៉ី ខ.ភ.ម និងករណីប្រើប្រាស់យានយន្តចង្កូតស្តាំងមិនបានបំពេញកាតព្វកិច្ចពន្ធ និងអាករបញ្ញត្តិ ស្តីពីច្បាប់គយផងដែរ។

បច្ចុប្បន្នជនសង្ស័យ ឌី រឿង ហៅប្រុស ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធី កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ម្សិលមិញរួចរាល់ហើយដែរ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News