រឿងពុករលួយប្រធានមន្ទីរសង្គមកិច្ចខេត្តឧត្តរមានជ័យ លោក ចូវ សង្អៀប បន្លំស៊ីលុយចំណាយ ទិញអង្ករ មី ត្រីខ ជួយអ្នកក្រីក្រ មួយឆ្នាំៗ ជិត៤០០លានរៀល ស្មើ៨០ភាគរយ លុយចំណាយសរុប

គេហទំព័រ ផែនដីថ្មី PDT (បុគ្គលិកប្រចាំការ) ☎️012 296 494

ឧត្តរមានជ័យ៖តាមសេចក្ដីរាយការណ៏ពីខេត្តឧត្តរមានជ័យ បានឲ្យដឹងថា លោក ចូវ សង្អៀប ប្រធានមន្ទីរសង្គមកិច្ច ខេត្តឧត្តរមានជ័យ នៅក្នុងពេលបីឆ្នាំចុងក្រោយនេះ រូបលោកកំពុងជិះសេះលែងដៃ និងពុករលួយកាន់តែខ្លាំងឡើងៗ លើសពេលលោកបានឡើងតំណែងជាប្រធានមន្ទីរមុនដំបូងទៀត។ ការប្រព្រិត្តិអំពើពុករលួយរបស់លោកប្រធាន ចូវ សង្អៀប គឺបានប្រើល្បិចកេងបន្លំយកលុយរដ្ឋ ធ្វើមានបានផ្ទាល់ខ្លួន ក្នុងមួយឆ្នាំៗ អស់ថវិការដ្ឋ ខ្ទង់៤០០លានរៀល លើប្រាក់ចំណាយសរុបខ្ទង់ជាង៤៩០លានរៀល តាមរយៈកឹបកេងលុយចំណាយទិញអំណោយ អង្ករ មី ត្រីខកំប៉ុង ទិញម៉ុង ភួយ កន្ទេល សម្រាប់ចែកជូនទៅបងប្អូនប្រជាពលរដ្ឋក្រីក្រ កុមាកំព្រា ស្រ្តីមេម៉ាយ និងចាស់ជរាគ្មានទីពឹងនោះ។

ប្រភពបានប្រាប់ថា មន្ទីរសង្គមកិច្ច ខេត្តឧត្តរមានជ័យ ដែលមានលោក ចូវ សង្អៀប ជាប្រធានមន្ទីរ ក្នុងមួយឆ្នាំៗ គឺ បានចំណាយថវិការដ្ឋ សម្រាប់ចំណាយលើខ្ទង់នេះ អស់ប្រាក់ជាង៤៩០លានរៀល ប៉ុន្តែការចំណាយពិត លើប្រាក់សរុបជាង៤៩០លានរៀលនោះ ត្រូវបានគេប៉ាន់ប្រមាណ ថា អស់ត្រឹមខ្ទង់ជាង៩០លានរៀល ស្មើជាង២០ភាគរយ នៃ ប្រាក់ចំណាយសរុបតែប៉ុណ្ណោះ ។

ប្រភពបានបន្តថា ចំពោះមូលហេតុដែលលោកប្រធានមន្ទីរ ចូវ សង្អៀប អាចពុករលួយបាន ដោយប្រើស្នៀតលទ្ធកម្មចង់ម៉ុង បក្ឋពួក តម្លៃទំនិញថ្លៃកប់មេឃ និងបញ្ជីរទិញទំនិញច្រើន (អង្ករ មី ត្រីខកំប៉ុង ទិញម៉ុង ភួយ កន្ទេល ) ប៉ុន្តែពេលគេយកអំណោយទៅចែកបងប្អូនប្រជាពលរដ្ឋក្រីក្រ កុមាកំព្រា ស្រ្តីមេម៉ាយ និងចាស់ជរាគ្មានទីពឹង មានចំនួនមនុស្សពិតមួយផ្នែកតូចបានទទួល និងថតរូបទុកឯកសារផង។ ចំណែកមនុស្សដែលមានតែឈ្មោះក្នុងបញ្ជីរទទួលអំណោយ ប៉ុន្តែមិនបានទទួលអំណោយ មានចំនួនច្រើន។ ដូច្នេះទើបគេអាច កឹបកេងលុយរដ្ឋ យកធ្វើមានបានផ្ទាល់ខ្លួននោះកើត។ បើស្ថាប័នថ្នាក់ជាតិចង់ស្រាវជ្រាវរឿងនេះ ពិតមើលបញ្ជីរឈ្មោះអ្នកទទួលអំណោយ និងចុះសាក់សួរដល់មូលដ្ឋាន គឺ រកឃើញយ៉ាងងាយស្រួល។

ប្រភពបានបន្តថា មន្ទីរសង្គមកិច្ចខេត្តឧត្តរមានជ័យ ក្នុងមួយឆ្នាំៗចំណាយថវិការដ្ឋ លើផ្នែកទិញទំនិញ និងសំណង់ សរុបខ្ទង់១០០០ លានរៀល លើស ឬ ខ្វះតិចតួច ប៉ុន្តែប្រាក់ជាងពាក់កណ្ដាល នៃ ប្រាក់ចំណាយសរុបក្លាយជាផលប្រយោជន៏របស់លោកប្រធានមន្ទីរ ចូវ សង្អៀប ទៅវិញ។ ក្រៅអំពីរឿងខាងលើ លោកប្រធានមន្ទីរ ចូវ សង្អៀប នៅមានរឿងពុករលួយជាច្រើនទៀត ពោល គឺ ចាប់តាំងពីរូបលោកបានទទួលតំណែងឡើងជាប្រធានមន្ទីរ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ មក៥ឆ្នាំនេះមានច្រើនណាស់។ ប៉ុន្តែដោយពេលវេលា ការសសេរមានកម្រិត សូមលោកអ្នករងចាំអាន នៅលើកក្រោយទៀត។

ទាក់ទងព័ត៌មានខាងលើនេះនៅរសៀលថ្ងៃទី០៧ ធ្នូ ឆ្នាំ២០២៣ គេហទំព័រ ផែនដីថ្មី មិនអាចរកការបំភ្លឺពីរ ចូវ សង្អៀប ប្រធានមន្ទីរសង្គមកិច្ចខេត្តឧត្តរមានជ័យ បាននោះឡើយ។ អង្គភាពយើងខ្ញុំ រងចាំទទួលយកការបំភ្លឺពីរ ចូវ សង្អៀប ប្រធានមន្ទីរសង្គមកិច្ចខេត្តឧត្តរមានជ័យ គ្រប់ពេល៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News