រឿងពុករលួយថ្មីមន្ត្រី៣៤រូប ប្ដឹងសុំដកប្រធានមន្ទីរសុរិយោដី ខេត្តបន្ទាយមានជ័យ លោក អាង ណារឹទ្ធ ចេញពីតំណែង អ្នកប្ដឹងរួមមាន៖ អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីទូទាំងខេត្ត អះអាងថា……

📍គេហទំព័រ ផែនដីថ្មី PDT (បុគ្គលិកប្រចាំការ) ☎️012 296 494

បន្ទាយមានជ័យ៖ ក្រុមមន្ត្រី ចំនួន ៣៤នាក់ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ដែលក្នុងនោះរួមមាន៖ អនុប្រធានមន្ទីរ ប្រធាន អនុប្រធាន ការិយាល័យ និងមន្ត្រីទូទាំងខេត្ត ក្នុងចំណោមមន្ត្រីក្របខ័ណ្ឌ ៤១ នាក់ បានប្តឹងដកលោក អាង ណារឹទ្ធ ចេញពីតំណែងជាប្រធានមន្ទីររបស់ខ្លួន ដោយលោកប្រធានមន្ទីររូបនេះ បានធ្វើអោយមន្ត្រីខ្លួន ជួបការលំបាកជាខ្លាំង ក្នុងការអនវត្តន៏ការងារ រួមនិងពុករលួយថែមទៀត។

យោងតាមឯកសារបណ្តឹង ដែលទើបបែកធ្លាយ ហើយសាមុី ដើមបណ្តឹង និងលោកប្រធានមន្ទីរ ដែលជាចុងបណ្តឹង ក៏ទទួលស្គាល់ដែលចុះថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២៣ បានអោយដឹងថា ខ្ញុំបាទ នាងខ្ញុំ ទាំងអស់គ្នា ជាមន្ត្រីរាជការនៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ សូមគោរពជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាទីគោរព ដ៏ខ្ពង់ខ្ពស់បំផុត ! តាមរយៈ ឯកឧត្ថម អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ ។


កម្មវត្ថុៈ សំណើសុំផ្លាស់ប្ដូរលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី រូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំបាទ–នាងខ្ញុំ សូមគោរពជម្រាបជូន ឯកឧត្ដម ឧបនាយករដ្ឋមន្តី មេត្តាជ្រាបដ៍ខ្ពង់ខ្ពស់ថាចាប់តាំងពីថ្ងៃប្រកាសចូលកាន់តំណែង (ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១១) របស់លោក អាំង ណារិទ្ធ ជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ រហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់លោក ប្រធានមន្ទីររូបនេះធ្វើឲ្យមន្ត្រីក្រោមឱវាទទាំងអស់ ជួបការ លំបាកជាខ្លាំង ក្នុងការអនុវត្តន៍ការងារ ដូចជា៖
–គ្មានភាពជាអ្នកដឹកនាំ គ្មានសាមគ្គីផ្ទៃក្នុង គ្មានសីលធម៌ គ្មានគុណធម៌ មានចរិតឆេវឆាវ ច្រឡោងខាម មានតែការគំរាមគំហែង សំដីអសុរោះ ប្រមាថមាក់ងាយអ្នកក្រោមឱវាទ ទាំងអស់ និងអែបអប សំដែងជាមួយអ្នកធំ ។
–ពុំមានទំនួលខុសត្រូវលើកិច្ចការងារ ដែលខ្លួនបញ្ជាឲ្យកូនចៅធ្វើ នៅពេលមានកំហុស បែរជាមិនទទួលខុស ហើយអត្តនោម័តិតែម្នាក់ឯង។
–កាត់ប្រាក់រង្វាន់មន្ត្រីក្របខ័ណ្ឌនៃមន្ទីរ ដែលបំរើការងារចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ ដោយនិយាយថា ពួកគាត់ចុះវាស់ មុខជាបានទទួលផលប្រយោជន៍ ពីប្រជាពលរដ្ឋ ធ្វើឲ្យប៉ះពាល់ដល់អារម្មរណ៍មន្ត្រី ក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ លើការងារចុះបញ្ជីដីធ្លី (ដំណើរការយឺតយ៉ាវ)។
–នៅពេលមានកំហឹង បោះសំណុំឯកសារចោលនៅចំពោះមុខមន្ត្រី។ –ថវិកាដែលទទួលបានពីការចុះបញ្ជីដីរដ្ឋនៅដែនព្រៃលិចទឹក តំប៉ន់៣ នៃទន្លេសាប ក្នុងភូមិសាស្ត្រក្នុងខេត្តបន្ទាយមានជ័យ​ធ្វើការបែងចែកក្នុងឯកសារ ចុះហត្ថលេខា បើកថវិកា មន្ត្រីខ្លះត្រូវបានចំនួន ៧ លានរៀល ជាក់ស្ដែង កាត់នៅសល់ត្រឹមតែ ៣ លានរៀល និងមន្ត្រីខ្លះទៀត ជាក់ស្ដែងបានតែ ២ លានរៀល ប៉ុណ្ណោះ ។
–តម្រូវឪ្យប្រជាពលរដ្ឋ បង់លុយចំនួន ៥០ ដុល្លារ លើការចុះហត្ថលេខាបញ្ជាក់ថតចម្លង ត្រឹមត្រូវលើទម្រង់បែបបទ ប្រមូលទិន្នន័យក្បាលដី ក្នុង១ក្បាលដី ដែលត្រូវយកទៅ បង់ពន្ធប្រថាប់ត្រា នៅសាខាពន្ធដារខេត្ត តម្រូវឲ្យប្រជាពលរដ្ឋបង់លុយ ចំនួន ១០០ ដុល្លារលើការចុះហត្ថលេខា ចេញ្ជដីកាអមលើកទី២ ជំនួសដីកាអមលើកទី១ ដែលអស់ សុពលភាព ។
–ពុំមានការលើកចិត្តដល់មន្ត្រីរាជការ ដែលបំរើការងារក្នុងមន្ទីរ មានតែការស្តីបន្ទោស និងចាប់កំហុស ឲ្យមន្រ្តីដឹកសំណុំឯកសារដែលមានផលប្រយោជន៍ យកទៅចុះ ហត្ថលេខា នៅពេលចុះបេសកកម្មក្រៅខេត្ត ទាំងដែលខ្លួនផ្ទេរសិទ្ធិ ជូនអនុប្រធានមន្ទីររួចហើយ ហើយមោទនភាពថា ខ្លួនសកម្មនឹងការងារ ។
–ការបំបែកក្បាលដីពីក្នុងតំបន់វិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ តម្រូវឲ្យ ម្ចាស់បុរី ឬម្ចាស់ដីឡូតិ៍ ជួបចរចារឿងផលប្រយោជន៍ផ្ទាល់ខ្លួន ជាមុនសិន ទើបធ្វើអាច បំបែកក្បាលដីបាន ។ ប្រសិនបើចរចាគ្នាមិនត្រូវទេ មិនអនុញ្ញាតឲ្យបំបែកក្បាលដីឡើយ។ ជាក់ស្ដែង ប្រធានមន្ទីររូបនេះ ទទួលបានដីពីការបំបែកដឺឡូតិ៍ ចំនួន ៧ ក្បាលដី មានលេខៈ ៩០០២១៧–៣៤៧០, ០១០៦០៧០៦១៩, ០១១០០៣០៥ ៦១៩៤,០១១០០៣០៥ ៦១៩៥, ០១០៦០២:១–២១៥០, ០១០៦០២០១–២១៤៩, ០១០៩០៥០៦០០០៨ ដែលធ្វើឱ្យមហាជន ដើរនិយាយបរិហារពេញខេត្ត និងធ្វើឲ្យ ប៉ះពាល់កិត្តិយសដល់មន្ទីរ ក៏ដូចជាក្រសួងផងដែរ។
–ការដោះស្រាយទំនាស់ដីធ្លី បែរជាទទួលបានចំណែកដី ពីការដោះស្រាយទៅវិញ ធ្វើឲ្យភាគី និងមហាជន អស់ជំនឿលើការដោះស្រាយនិងប៉ះពាល់ដល់គោលនយោបាយ របស់រាជរដ្ឋាភិបាល ជាក់ស្តែង លោកប្រធានមន្ទីររូបនេះ ទទួលបានដីចំនួន ៥ក្បាលដី មានលេខៈ០១០៤០៥០៥ ០៣១៥,០១០៩០៥១៣១០៨១, ១០៩០១៣១០៤២, ០៩០៥១៣១០៤៣, ០១០៩០៥១៣–១៦៨៥ ដែលផ្ទុយពីអនុសាសន៍របស់សម្តេច តេជោហ៊ុន សែន បានលើកឡើងថា ការដោះស្រាយទំនាស់ កុំឲ្យមានផល់ប្រយោជន៍
ក្នុងនោះ
–ការអនុវត្តន៍មីតិវិធីលើការសុំប្តូរប្រភេទ នៃការប្រើប្រាស់ជី និងការស្នើសុំបង្រួម ក្បាលដីមានលក្ខណ:ដាច់ដោយដុំខុសពីការណែនាំដែលមាន នៅក្នុងសៀវភៅកម្រង ឯកសារ ស្តីពីការផ្តល់សេវាសាធារណ: របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ប្រើប្រាស់មន្ត្រីស្ម័ត្រចិត្ត រត់ការកាន់ឯកសារប្លង់ដី និងប្លង់សំណង់ បម្រើឲ្យ ផលប្រយោជន៍ផ្ទាល់ខ្លួនពាក់ស្រោមមុខថ្នាក់ដឹកនាំ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មកអួត គំរាមគំហែងដល់មន្ត្រីក្រោមឱវាទ ចាត់ទុកកូនចៅជាសត្រូវ។
អស់រយៈ ៤ ឆ្នាំកន្លងមក ទោះជាមន្ត្រីគ្រប់រូបខិតខំបំពេញការងារ អស់ពីសមត្ថភាព រៀងៗខ្លួនហើយ ក៏នៅតែខុសបន្ទោសរហូតដែលបណ្ដាលឲ្យមន្ត្រីសព្វថ្ងៃ បាក់ទឹកចិត្ត ក្នុងការបំពេញការងារ និងពុំអាចតស៊ូទ្រាំ ចំពោះទង្វើទាំង របស់បុគ្គលរូបនេះ លែងបានតទៅទៀត។ ហេតុដូច្នេះហើយ ទើបខ្ញុំបាទ–នាងខ្ញុំ សម្រេចចិត្តគោរពស្នើសុំ ឯកឧត្ថម ឧបនាយក រដ្ឋមន្រ្តី មេត្តាធ្វើការផ្លាស់ប្ដូរលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម​សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ។
សូមរំឡឹកថា ក្រោយបែកធ្លាយឯកសារពាក្យបណ្តឹងនោះ នៅម៉ោង ១០ ព្រឹក ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកប្រធានមន្ទីរ អាង ណារឺទ្ធ បានកោះប្រជុំបន្ទាន់មួយ នៅសាលប្រជុំមន្ទីរ។ ពេលចាប់ផ្តើមនេះ លោកប្រធានមន្ទីរ អាង ណារឺទ្ធ បញ្ជាក់ថា នេះជាការប្រជុំចុងក្រោយរបស់ខ្ញុំហើយ។ ខ្ញុំមានការសោកស្តាយ ដែលត្រូវកូនចៅមួយមន្ទីរ ធ្វើស្នាមមេដៃ ប្តឹងខ្ញុំបែបនេះ ។ ខ្ញុំក្បាលមួយ មកពីភ្នំពេញ ថា មកខំធ្វើការ ហើយខំស្រឡាញ់ទុកចិត្ត មន្ត្រីកូនចៅណាស់។ ខ្ញុំបានសុំលោកចៅហ្វាយខេត្ត ហើយថា សុំប្រឹងធ្វើការចុះបញ្ជីដីធ្លី ៣ឆ្នាំទៀត អោយចប់ ។ ខ្ញុំនឹងវិលទៅភ្នំពេញវិញហើយ។ ប៉ុន្តែហេតុអី ខ្ញុំខុសអី បានជា បងប្អូន កូនក្មួយមន្ត្រីមិនស្រឡាញ់ខ្ញុំ ផ្តិតមេដៃដកខ្ញុំ បែបនេះ “។
នៅក្នុងអង្គប្រជុំលោកប្រធានមន្ទីរ អាង ណារឹទ្ធ បានប្រើសម្ដីគំរាមថាៈ ” បើបងប្អូនមិនស្រឡាញ់ខ្ញុំហើយ ទោះខ្ញុំនៅបន្ត ក៏គ្មាន ន័យអីដែរ …។ ឥឡូវ ខ្ញុំរកឃើញហើយមេខ្លោង ហើយ សូមអោយចេញសារភាពមក ខ្ញុំមិនយកទោសពៃរ៍អីទេ។ ស្អែក (សប្តាហ័ក្រោយ នាខែធ្នូ) ប្រតិភូក្រសួង នឹងចុះមកធ្វើការ ហើយ “។
លោកប្រធានមន្ទីរ អាង ណារឹទ្ធ បន្តថាៈ “ខ្ញុំនឹងធ្វើបញ្ជីផ្តាច់ប្រាក់ឧបត្ថម្ភ មន្ត្រីកិច្ចសន្យា មន្ត្រីស្ម័គ្រចិត្ត ហើយ លែងធ្វើការចុះបញ្ជីដីធ្លី ទៀតទេ …”.។រួចហើយលោកក៏ងើប ហើយដើរចេញពីកៅអី អធិបតី ដោយមិនបានបិទអង្គប្រជុំ និងនិយាយថា លានោះឡើយ ។
ជុំវិញករណីខាងលើនេះ គេហទំព័រ ផែនដីថ្មី PDT-NEWS នៅរសៀលថ្ងៃទី៣០ វិច្ឆិការ ឆ្នាំ២០២៣ មិនអាចសុំការបំភ្លឺពីលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បាន។
ចំណែកមន្ត្រីមន្ត្រីមន្ទីរ បានប្រាប់អ្នកកាសែតក្នុងស្រុក ឲ្យដឹងនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ២០២៣ ថា ប្រតិភូអធិការកិច្ចមួយ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចុះស្រាវ ​ជ្រាវ អង្កេតអធិការកិច្ច និងដោះស្រាយករណីនេះ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News