ករណីអាជ្ញាធរឃុំពាមឆ្កោក ស្រុកជលគីរី លក់ទីតាំងមេទឹកឲ្យឈ្មួញធ្វើនេសាទល្មើសច្បាប់ ពលរដ្ឋសំណូមពរឲ្យអាជ្ញាធរឈប់ ព្រោះទីតាំងនេះជាស្រែពួកគាត់ ហេតុអ្វីទៅហ៊ានលក់ឲ្យឈ្មួញធ្វើនេសាទ និងយកលុយបែបនេះ ខណៈម្ចាស់មិនបានលុយនោះ ?

📍គេហទំព័រ ផែនដីថ្មី PDT (បុគ្គលិកប្រចាំការ) ☎️012 296 494

កំពង់ឆ្នាំ៖ករណីទំនាស់រវាងប្រជាពលរដ្ឋ នឹងអាជ្ញាធរឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដែលបានកើតឡើង ពាក់ព័ន្ធករណីការលក់មេទឹកមួយកន្លែង ស្ថិតនៅក្នុងភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំងទៅឲ្យឈ្មួញធ្វើនេសាទ ដែលធ្វើឲ្យប្រជាពលរដ្ឋជាម្ចាស់ស្រែនៅក្នុងទីតាំងមេទឹកខាងលើនេះ កើតទុក្ខមិនសុខចិត្តនិងសុំឲ្យអាជ្ញាធរ ជួយដោះស្រាយពីបញ្ហានេះ។ ជា ពិសេសអាជ្ញាធរខេត្តកំពង់ឆ្នាំង ក៏ដូចជាក្រសួងកសិកម្ម និងក្រសួងធនធានទឹក ត្រូវមើលពីការលំបាករបស់ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋបានឲ្យដឹងថា នៅចំណុចទីតាំងមេទឹកខាងលើនេះ ប្រជាពលរដ្ឋដែលជាម្ចាស់ស្រែចំនួន៥៥ គ្រួសារ ហើយរយៈពេលជាច្រើនឆ្នាំកន្លងមក ពួកគាត់បានលក់មេទឹកនេះទៅឲ្យឈ្មួញធ្វើការនេសាទ ដើម្បីយកប្រាក់មកសម្រាប់បូមទឹកបញ្ចូលស្រែ,ជួសជុលទំនប់និងប្រាក់មួយចំនួនទៀតសម្រាប់កសាងសមិទ្ធផលនានា នៅក្នុងភូមិ។ តែឆ្នាំទៅអាជ្ញាធរបានលក់មេទឹកនេះ ទៅឲ្យឈ្មួញ ដែលពួកគាត់ជាម្ចាស់ស្រែមិនបានដឹង ហើយប្រាក់ដែលបានមកពីការលក់មេទឹកនោះមិនដឹងថាអាជ្ញាធរយកទៅចាត់ចែងធ្វើអីនោះដែរ។ ចំណែកឆ្នាំនេះ មេទឹកខាងលើនេះរបស់ពួកគាត់ក៏ត្រូវបានអាជ្ញាធរធ្វើកិច្ចសន្យាលក់ទៅឲ្យឈ្មួញសម្រាប់រយៈពេល ៤ឆ្នាំជាបន្តទៀត ដែលធ្វើឲ្យពួកគាត់ជាម្ចាស់ស្រែ ពុំទទួលបានថវិកាសម្រាប់ចាត់ចែងទិញប្រេងបូមទឹកបញ្ចូលស្រែ,សម្រាប់ជួស ជុលទំនប់ និងកសាងសមិទ្ធផលនានាក្នុងភូមិនោះទេ។ ហេតុនេះហើយបានធ្វើឲ្យពួកគាត់មិនសុខចិត្ត ដោយបានស្នើសុំអាជ្ញាធរបញ្ចប់ការលក់ដូរ មេទឹកទៅឱ្យឈ្មួញចាប់ពីឆ្នាំនេះតទៅដោយទុកឲ្យពួកគាត់ដែលជាម្ចាស់ស្រែនិងប្រជាពលរដ្ឋក្នុងភូមិជាអ្នកចាត់ចែង គឺទុកមេ ទឹកនេះសម្រាប់បម្រើដល់ផលប្រយោជន៍រួមនៅក្នុងភូមិអន្លង់មេត្រីទាំងមូល សម្រាប់ឱ្យប្រជាព លរដ្ឋក្នុងភូមិធ្វើការនេសាទជាលក្ខណៈគ្រួសារវិញ។

លោក កែវ រិទ្ធី អនុប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រាប់ឱ្យដឹងផងដែរថា បើយោងតាមរបាយការណ៍បឋមរបស់ក្រុមការងាររបស់លោកដែលបានចុះដោះស្រាយករណីវិវាទខាងលើនេះ ជាមួយអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ករណីដែលបណ្ដាលឱ្យមានវិវាទនេះកើតឡើង គឺផ្ដើមឡើងចេញពីឈ្មួញបានដាក់របាំងស្បៃមុងព័ទ្ធជុំវិញ ទំនប់មេទឹកក្នុងដីស្រែរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ស្រែសម្រាប់ចាប់ត្រី នៅពេលទឹកស្រក។ ឃើញដូច្នេះពួកគាត់ដែលជាម្ចាស់ស្រែក៏បានរុះរើរបាំងនោះចេញពីដីរបស់ពួកគាត់ ប៉ុន្តែទើបតែរុះរើបានប្រមាណប្រវែងជា២ ទៅ៣ម៉ែត្រប៉ុណ្ណោះ ក៏មានទំនាស់រវាងអ្នកជួលនិងប្រជាពលរដ្ឋដែលជាម្ចាស់ស្រែតែម្ដង។

តាមរបាយការណ៍នោះក៏បានឲ្យដឹងទៀតថា នៅក្នុងថ្ងៃប្រជុំដោះស្រាយករណីវិវាទខាងលើនេះលោក កែវ ម៉េត មេឃុំពាមឆ្កោក បានផ្ដល់លទ្ធភាពដោយសុំឲ្យប្រជាពលរដ្ឋគិតជាថ្មី ដើម្បីមានកិច្ចព្រមព្រៀងថ្មីមួយ ក្នុងការបញ្ចប់បញ្ហា ដោយលោកសុំដកឃ្លាទៅពិភាក្សាជាមួយតំណាងមេទំនប់ម្នាក់ទៀត។ ហើយក្នុងនោះលោកមេឃុំ ក៏សំណូមពរឲ្យមន្ត្រីជំនាញរាយការណ៍ជូននាយខណ្ឌរដ្ឋបាលជលផលខេត្ត នៅពេលអាជ្ញាធរធ្វើការសម្របសម្រួលបញ្ចប់កិច្ចការ។ ហើយលោកមេឃុំ ក៏នឹងរាយការណ៍ជូននាយខណ្ឌ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅពេលក្រោយទៀត៕

 

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News