មានការយកចិត្តទុក្ខដាក់ ក្រសួងកសិកម្ម នឹងរៀបចំពង្រីកស្តង់ដារគុណភាពបន្លែ ផ្លែឈើ និងស្រូវ អង្ករ ដើម្បីប្រជែងលើទីផ្សារ

សៀមរាប៖ ដើម្បីបង្កើនស្តង់ដារគុណភាពផលិតផល លើវិស័យកសិកម្ម សម្រាប់ប្រជែងលើទីផ្សារ ទាំងក្នុង និងក្រៅប្រទេស នៅថ្ងៃខាងមុខនេះ ក្រសួង នឹងរៀបចំស្ដង់ដារ សម្រាប់ផលិតផលកសិកម្មផ្សេងៗទៀត ក្នុងនេះមានដូចជា បន្លែ ផ្លែឈើ និងស្រូវ អង្ករ ជាដើម។

គួរបញ្ជាក់ថា នាពេលនេះ ក្រសួងកសិកម្ម និងអង្គការដៃគូ បានដាក់ឱ្យអនុវត្តស្ដង់ដារ គុណភាព ផលិតផលជលផលកម្ពុជា (CQS) ដែលជាស្តង់ដារមួយ កំពុងត្រូវបានដាក់ឱ្យ ប្រើប្រាស់ និងមានការចូលរួម កាន់តែច្រើនឡើង ពីសំណាក់ម្ចាស់សហគ្រាស ក៏ដូចជា សិប្បកម្មក្នុងប្រទេសកម្ពុជា។

ថ្លែងប្រាប់បណ្តាញសារព័ត៌មាន ពេលចុះទស្សនកិច្ច នៅសិប្បកម្មផលិតទឹកត្រី លាងឡេង នាពេលថ្មីៗមកនេះ នារាជធានីភ្នំពេញ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការរៀបចំឱ្យ មានបន្ថែម និងបន្តបន្ទាប់ នៃការអនុវត្តស្តង់ដារបស់ក្រសួងកសិកម្មនេះ ធ្វើឡើងដើម្បី ធានានូវ សុវត្ថិភាពចំណីអាហារ​និងពិសេសនោះ ក៏ដើម្បីប្រកួតប្រជែងទីផ្សារតែម្តង។

មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រូបនេះ បានថ្លែងថា វិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាព ផលិតផលជលផលកម្ពុជា (CQS) បានផ្តល់នូវផលប្រយោជន៍ជាច្រើន ដល់សហគ្រាសកែច្នៃ ខ្នាតតូច និងមធ្យម ដោយក្នុងនោះ ជួយកាត់បន្ថយការចំណាយ​ថ្លៃដើម​ជំរុញការកែច្នៃផលិតផល ឱ្យមានគុណភាពខ្ពស់ ប្រកបដោយស្ដង់ដារ បច្ចេកទេស ហើយនៅពេលដាក់លក់លើទីផ្សារ មានតម្លៃទ្វេដង ជាងផលិតផលកែច្នៃ ធម្មតា។

កញ្ញា អ៊ឹម រចនា បានលើកឡើងថា វិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផលិតផល ជលផលកម្ពុជា បានផ្តល់នូវផលប្រយោជន៍យ៉ាងច្រើន ដល់សុខមាលភាព របស់ បរិភោគ។ ប្រព័ន្ធមួយនេះ ជាស្ដង់ដារសម្រាប់ផ្ដល់ឱ្យដល់ សហគ្រាសកែច្នៃផលិតផល ដែលមានការធានា ដល់សុវត្ថិភាពចំណីអាហារ មានអនាម័យល្អ ដើម្បីធានាថា មិនមានហានិភ័យ ឬផលប៉ះពាល់ណាមួយ ដល់សុខភាព អ្នកបរិភោគជាដើម។

លោក ថោង រ៉ា អ្នកជំនាញផ្នែកម្ហូបអាហារថ្នាក់ជាតិ នៃគម្រោង CAPFISH-Capture របស់អង្គការយូនីដូ បានឱ្យដឹងថា ការនាំផលិតផលចេញទៅ សហគមន៍អឺរ៉ុប ពិតជាលំបាក និងត្រូវការភាពលម្អិតលម្អន់ច្រើន។ ភាគីពាក់ព័ន្ធ ក្នុងការជួយដល់សិប្បកម្ម និងសហគ្រាស ក្នុងការបញ្ជូនទៅលក់កាន់ទីផ្សារអឺរ៉ុប ភាគច្រើន មានអ្នកជំនាញ មកពីអង្គការយូនីដូ និងរដ្ឋបាលជលផល។ រាជរដ្ឋាភិបាល កម្ពុជា បានយកចិត្តទុកដាក់រឿងនេះមែនទែន។ ក្នុងការបញ្ជូនទៅកាន់ទីផ្សារ ប្រទេសទាំងនេះទៀតសោត ចាំបាច់ត្រូវគោរពទៅតាមលក្ខខណ្ឌទីផ្សារបស់គេ។ និយាយរួម ទាំងរាជរដ្ឋាភិបាល វិស័យឯកជន និងរួមទាំងអង្គការយូនីដូ យើងត្រូវរួមគ្នា ដើម្បីនាំនូវផលិតផលជលផលរបស់កម្ពុជាយើង ទៅកាន់ទីផ្សារអឺរ៉ុប។

បើតាម លោក ថោង រ៉ា បានឱ្យដឹងដែរថា បច្ចុប្បន្ន សហគ្រាសដែលទទួលបាន វិញ្ញាបនបត្រ CQS នៅកម្ពុជានេះ មានចំនួន ៨ ក្រុមហ៊ុន ក្នុងនេះមាន ៤ បានពេញ លេញ និង ៤ ទៀត មូលដ្ឋាន។ សម្រាប់ ៤ ដែលទទួលបានវិញ្ញាបនបត្រ CQS ពេញលេញ មានសហគ្រាសផលិតទឹកត្រី ២ នៅភ្នំពេញ ១កន្លែង និងអរិយក្សត្រ ១កន្លែង និងសិប្បកម្មផលិតត្រីងៀត នៅសៀមរាប ចំនួន ២ កន្លែង៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News