ហាមដើររៃអង្គាសប្រាក់នៅតាមផ្លូវសាធារណៈ និងទីប្រជុំជននៅក្នុងឱកាសបុណ្យកឋិនទាន

ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា ហាមដើររៃអង្គាស នៅតាមផ្លូវសាធារណៈ និងទីប្រជុំជនជាដើម ដែលធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម និងកិត្តិយសព្រះពុទ្ធសាសនា នៅក្នុងឱកាសនៃការរៀបចំ បុណ្យកឋិនទាន ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃ ១រោច ែខអស្សុជ ដល់ថ្ងៃ ១៥ កើត ខែកត្តិក ត្រូវនឹងថ្ងៃទី ៣០ ខែតុលា ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ថ្ងៃពុធ៤កើត ខែអស្សុជឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ រាជធានីភ្នំពេញ

យោងតាមសេចក្ដីណែនាំរបស់ ក្រសួងធម្មការ និង សាសនា ចុះថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៣ ស្តីពីការរៀបចំបុណ្យកឋិនទាននោះ បានលើកឡើងថា បុណ្យកឋិនទាន ជាកាលទានមួយដ៏ថ្លៃថ្លា មានលក្ខណៈពិសេស នៅក្នុងព្រះពុទ្ធសាសនា ដែលក្នុងមួយ ឆ្នាំមានតែម្តង មានរយ:ពេលកំណត់តែ ២៩ ថ្ងៃ ដោយវត្តមួយ ទទួលបានតែអង្គកឋិន មួយ ជាទានមានផលានិសង្សច្រើន ជាទីជ្រះថ្លា និងចំណូលចិត្តរបស់ពុទ្ធបរិស័ទខ្មែរ ដែលតែងតែប្រារព្ធធ្វើឡើង រៀងរាល់ឆ្នាំ។ ក្រៅពីនេះ តាមរយៈកឋិនទានវត្តនីមួយៗ ក៏មានលទ្ធភាព អាចនឹងទទួលបាននូវសម្ភារៈ ថវិកា សម្រាប់បម្រើការកសាង ទីសេនាសនៈនៅក្នុងវត្ត មានព្រះវិហារ កុដិ សាលា និងជួយឧបត្ថម្ភ ដល់ការកសាង សមិទ្ធផលសង្គម និងវិស័យសង្គមកិច្ច ថែមទៀតផង។ ឆ្នាំនេះ កឋិនទាន នឹងប្រព្រឹត្តទៅ ពីថ្ងៃ ១រោច ែខអស្សុជ ដល់ថ្ងៃ ១៥ កើត ខែកត្តិក ត្រូវនឹងថ្ងៃទី ៣០ ខែតុលា ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ដើម្បីរៀបចំបុណ្យកឋិនទាន ឱ្យដំណើរការ និងប្រព្រឹត្តទៅ ស្របតាមទំនៀមទម្លាប់ និងប្រពៃណីព្រះពុទ្ធសាសនា ក្រសួងធម្មការ និងសាសនា សូមធ្វើការណែនាំដល់ គ្រប់មន្ទីរធម្មការ និងសាសនា រាជធានី ខេត្ត ដូចតទៅ៖

-ត្រូវយកចិត្តទុកដាក់បង្កលក្ខណ:ឱ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ ប្រារព្ធពិធី កឋិនទាន ស្របតាមពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញ្ញាត។
-គ្រប់វត្តអារាម ត្រូវរៀបចំសម្អាតទីតាំងវត្តអារាម ផ្លូវថ្នល់ បូជនីយដ្ឋាន ដោយតុបតែង លម្អ បំភ្លឺ ភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក ពាក្យអប់រំ និងពុទ្ធភាសិតនានាឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន។
-គ្រប់វត្តអារាមនីមួយៗ ប្រសិនបើទេយ្យវត្ថុ មានភោជនាហារ នំចំណីជាដើម លើសពីសេចក្តីត្រូវការ គួរចាត់ចែងរៀបចំជូនដល់ចាស់ព្រឹទ្ធាចារ្យ កុមារកំព្រា ជនពិការ និងជនងាយរងគ្រោះផ្សេងៗទៀត។

-ហាមដើររៃអង្គាស នៅតាមផ្លូវសាធារណៈ និងទីប្រជុំជនជាដើម ដែលធ្វើឱ្យបាត់ សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម និងកិត្តិយសព្រះពុទ្ធសាសនា។

សូមលោកប្រធានមន្ទីរធម្មការ និងសាសនារាជធានី ខេត្ត សហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ ព្រះមេគណ ព្រះអនុគណ និងព្រះចៅអធិការវត្ត អនុវត្តសេចក្ដី ណែនាំនេះ ឱ្យបានសម្រេចលទ្ធផលល្អប្រសើរ ស្របតាមប្រពៃណីជាតិដ៏រុងរឿង៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News