ឯ.ឧ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រំលឹកប្រយោគមួយឃ្លាថា ជំនឿទុកចិត្ត ដែលបានមកពីប្រជាជន ត្រូវការពេលវេលាយូរអង្វែង ហើយត្រូវកសាងជាប្រចាំ

ភ្នំពេញ ៖ ឯ.ឧ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង នៅក្នុងកិច្ចប្រជុំសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំតម្រង់ទិស សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ នាព្រឹកថ្ងៃទី១​ ខែមីនា ឆ្នាំ២០២៤ បានរំលឹកប្រយោគមួយឃ្លាថា «ជំនឿទុកចិត្តដែលបានមកពីប្រជាជន ត្រូវការពេលវេលាយូរអង្វែង ហើយត្រូវកសាងជាប្រចាំ»។

ឯ.ឧ ឧបនាយករដ្ឋមន្ត្រី ថ្លែងបែបនេះក្នុងគោលបំណងផ្តល់ជាអនុសាសន៍ជូនដល់ សមាជិក សមាជិកា អង្គប្រជុំទាំងអស់គ្នាឱ្យបន្តភារកិច្ចដ៏សកម្ម លើការប្រឡងជ្រើសរើសមន្ត្រីរាជការ។

ឯ.ឧ ឧបនាយករដ្ឋមន្ត្រី បានបន្តថា អ្វីដែលក្រុមការងារបាន និងកំពុងធ្វើនៅពេលនេះ បានផ្តល់ទំនុកចិត្ដដល់សាធារណជន ឱ្យជឿជាក់ទៅលើប្រព័ន្ធប្រឡងប្រជែងជ្រើសរើសមន្ត្រី ស្របតាមគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ជាពិសេសការធានាបានការផ្តល់ភាពស្មើៗគ្នា ដើម្បីក្លាយខ្លួនជាមន្ត្រីរាជការ។

ឯ.ឧ ឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកផងដែរថា រាជរដ្ឋាភិបាល បានដាក់ចេញនូវនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល​រួចមកហើយ។ តួនាទីដែលត្រូវធ្វើនៅពេលនេះ គឺអនុលោមនិយាមនីតិវិធី ដើម្បីសម្រេចបាននូវចក្ខុវិស័យកំណែទម្រង់រដ្ឋបាលសាធារណៈ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណនៃរាជរដ្ឋាភិបាល អាណត្តិទី៧។

សូមជម្រាបផងដែរថា ៖ កិច្ចប្រជុំនាពេលនេះ ជាកិច្ចប្រជុំលើកចុងក្រោយ មុនពេលឈាងទៅដល់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ចំនួន៣ ក្រសួង ស្ថាប័ន រួមមាន អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ ដែលនឹងប្រព្រឹត្តទៅ ៣ថ្ងៃជាប់គ្នា គឺថ្ងៃទី៣ ទី៤ និងទី៥ ខែមីនា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងនៅសាលាភូមិន្ទរដ្ឋបាល៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News