សង្ស័យឃុបឃិតគ្នា៖គម្រោងអភិវឌ្ឍន៏ឃុំ ជាច្រើនខេត្តកំពង់ស្ពឺ មិនដាក់ដេញថ្លៃ ដោយប្រែទៅចចារថ្លៃស្ងាត់ៗ ការចំណាយថវិកាជាតិដល់រាប់ពាន់លានរៀល ថ្លៃ ថោក ស្រេចលើបបូម៉ាត់គេ តើជឿថា គ្មានអំពើពុករលួយដែរ ឬ ទេ ?

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

កំពង់ស្ពឺ៖តាមប្រភពបានរាយការណ៏ថា នៅឆ្នាំ២០២០នេះ នៅឃុំអមលាំង មានគម្រោងសាងសងស្ពាន និងផ្លូវ។ សម្រាប់ឃុំយ៉ាអង្គ គម្រោងធ្វើទំនប់ទឹក ។ចំណែក ឃុំតាសាល ស្រុក ឱរ៉ាល់ មានគម្រោងធ្វើសំណង់ទ្វាទឹក ដែលជាការចំណាយថវិកាជាតិដោយទទួលបានការយល់ព្រមពីក្រសួងមហាផ្ទៃ និងមានថវិកាចំណាយសរុបជាង១០០០លានរៀល ប៉ុន្តែគម្រោងខាងលើ ពុំត្រូវអាជ្ញាធរ ធ្វើការដាក់ដេញថ្លៃជាសាធារណៈនោះទេ ។ ផ្ទុយទៅវិញលោក ចិន សាម៉េត នាយកទីចាត់ការផែនការ និងវិនិយោគ នៃរដ្ឋបាលខេត្តកំពង់ស្ពឺ បានសហការជាមួយមេឃុំទាំងបី ប្ដូពីការដេញថ្លៃ ទៅជាការចចារថ្លៃ ដោយប្រគល់គម្រោងនេះអោយទៅក្រុមហ៊ុន ដែលគេសង្ស័យថា ជាក្រុមហ៊ុនរបស់សាច់ឈាម ឬ បក្ខពួកមន្ត្រីសាលាខេត្តជាអ្នកទទួលការក្នុងការអនុវត្តន៏គម្រោង ក្រោមល្បិចថា គម្រោងចាំបាច់ទៅវិញ។

ចំពោះតម្លៃចំណាយថវិកាជាតិ ក្នុងការសាងសងនេះ គឺ វាស្ថិតនៅក្រោមបបូម៉ាត់របស់លោក ចិន សាម៉េត នាយកទីចាត់ការផែនការ និងវិនិយោគ និងមេឃុំទាំងបីខាងលើ់ ថា ថ្លៃ ឬ ថោក តាមចិត្តរបស់ពួកគាត់តែប៉ុណ្ណោះ។ ការមិនដាក់ដេញថ្លៃបែបនេះ គឺ តម្លៃគម្រោងមិនអាចចុះថ្លៃបានច្រើនដូចការដេញថ្លៃសាធារណៈទេ ការចចារថ្លៃអាចបញ្ជុះថ្លៃតិចជាងតម្លៃគម្រោងបានយ៉ាងច្រើនគេធ្វើការបញ្ចុះត្រឹម ១ឬ២% តែប៉ុណ្ណោះ។

ករណីភាពមិនប្រក្រតីជុំវិញ គម្រោងអភិវឌ្ឍន៏ ឃុំចំនួនបី នៅឃុំអមលាំង ឃុំយ៉ាអង្គ ស្រុកថ្ពង និងឃុំតាសាល ស្រុក ឱរ៉ាល់ ឆ្នាំ២០២០ ដែលចំណាយថវិកាជាតិខ្ទង់ជាង១០០០លានរៀល ដោយគេសង្ស័យថា មន្ត្រីពាក់ព័ន្ធបានត្រូវរ៉ូវគ្នាមិនធ្វើការដាកដេញថ្លៃជាសាធារណៈនោះទេ។ ហើយនៅពេលនេះគម្រោងខាងលើ ត្រូវក្រុមហ៊ុនបានចាប់អនុវត្តន៏បានខ្ទង់៥០% ផងដែរ។

ប្រភពបានបន្តថា គម្រោងអភិវឌ្ឍន៏ឃុំ កន្លងទៅនៅពេលមានការដាក់ដេញថ្លៃ គឺ ឃុំខ្លះបញ្ជុះតម្លៃបានដល់៥០ ឬ ៦០% ដែលជាចំណេញសម្រាប់យ៉ាងច្រើនរដ្ឋ ប៉ុន្តែបើធ្វើតាមការចចារថ្លៃ គឺវាមិនអាចចុះថ្លៃច្រើន គឺ គេធ្វើការបញ្ចុះតិចតួច ដើម្បីជាល្បិចថា ពួកគេធ្វើការល្អ ចេះចចារថ្លៃសល់លុយខ្លះពីចំណាយទាំងនេះ។

ប្រភពបានរាយការណ៏ថា នៅក្នុងខេត្តកំពង់ស្ពឺ ចាប់តាំងពីឆ្នាំ២០១៨ មក គឺមានគម្រោងអភិវឌ្ឍន៏ ឃុំ សង្កាត់ជាច្រើនមិនត្រូវបានដាក់ធ្វើការដេញថ្លៃទេ។ ករណីនេះបាននាំអោយរដ្ឋខាតបង់ថវិកាយ៉ាងធ្ងន់ធ្ង ប៉ុន្តែអ្នកដែលចំណេញ គឺ ក្រុមមន្ត្រីដែលមានសិទ្ធិអំណាចក្នុងការសម្រេចមិនដាក់ដេញថ្លៃនេះឯង។ ហើយរឿងមិនដាក់ដេញថ្លៃនេះ ត្រូវបានគេដឹងថា គេកំពុងត្រៀមធ្វើនៅឃុំ សង្កាត់ជាច្រើនទៀត។

ករណីនេះ សូមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ មេត្តាចាត់វិធានស្រាវជ្រាវ និងមានចំណាត់ការផ្លូវច្បាប់ ដូចរឿងមន្ត្រីទីចាត់ការផែនការ និងវិនិយោគ នៃរដ្ឋបាលរាជធានីភ្នំពេញ ផង។

ទាក់ទងព័ត៌មាននេះ លោក ចិន សាម៉េត នាយកទីចាត់ការផែនការ និងវិនិយោគ នៃរដ្ឋបាលខេត្តកំពង់ស្ពឺ បាននិយាយថា រឿងមិនដាក់ដេញថ្លៃខាងលើនេះ គឺដោយសារមេឃុំ គាត់ស្នើរសុំ ថា ជាគម្រោងចាំបាច់ខ្លាចដាក់ដេញថ្លៃជាសាធារណៈទៅអនុវត្តន៏គម្រោងមិនទាន់នាំអោយខកពេលវេលា៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News