
📍ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ) ☎️012 296 494
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ធ្វើទស្សនកិច្ចជាមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ហ្វាន វ៉ាន់ហុង រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នេះបេីតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។
អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា វៀតណាម ឱ្យបានរឹងមាំ និង រីកចម្រើន ធានាបាននូវ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៃប្រទេសទាំងពីរ ក៏ដូច ជាសម្រាប់តំបន់ទាំងមូល។ ក្នុងដំណើរទស្សនកិច្ចរយៈពេល បីថ្ងៃ លើកទី ១ ទៅសាធារណរដ្ឋសង្គម និយមវៀតណាម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ ខ្ពស់ ប្រធានរដ្ឋ និងនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕