ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បើករថយន្តបុកក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ស្លា.ប់ រួចរត់គេចវេះខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល

📍ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ) ☎️012 296 494
មណ្ឌលគិរី ៖ លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទបានបើករថយន្តបុកក្មេងអាយុ៥ឆ្នាំម្នាក់ស្លា.ប់បង្កការភ្ញាក់ផ្អើលពេញខេត្ត។ ហេតុការណ៍លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បើករថយន្តបុកក្មេងនោះបានកើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្រុមពូទ្រង ភូមិពូហ្យាម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ។ តែអ្វីដែលគេចាប់អារម្មណ៍ហួសចិត្តនោះ គឺ លោកប្រធានមន្ទីររូបនោះមិននៅដោះស្រាយបញ្ហានៅនឹងកន្លែងកើតហេតុនោះទេបែរជាព្យាយាមគេចវេះខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។ ប៉ុន្តែទោះយ៉ាងណា ក៏ដោយ តាមរយៈភិនភាគរថយន្តនិងស្លាកលេខ ប្រជាជននៅ សែនមនោរម្យ បានស្គាល់ច្បាស់ណាស់ថា គឺ ជារថយន្តលោកយន់ សារោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី។
តាមមន្ត្រីនគរបាលចរាចរណ៍ស្រុកអូររាំងបានឱ្យដឹងថា នៅថ្ងៃកើតហេតុនោះ លោកយន់ សារ៉ោម បានធ្វើដំណើរដោយរថយន្តចេញពីក្រុងសែនមនោរម្យ បើករថយន្តពាក់ស្លាកលេខរដ្ឋ ២០-២-០១៥២ គោលដៅមកស្រុកអូររាំងនេះ។
តាមអ្នកភូមិនៅទីនោះនិយាយថា ក្មេងប្រុស អាយុ៥ឆ្នាំរងគ្រោះនោះកំពុងតែដើរនៅលើចិញ្ចើមផ្លូវ ក៏ត្រូវរថយន្តលោកយន់ សារ៉ោម បើកបំបុក ហើយក៏ជ្រុលចង្កូតទៅបុករថយន្តកាមរីស្វិត១គ្រឿងទៀតផងដែរ។
តាមភូមិដដែលបាននិយាយទៀតថា អ្នកបើកបររថយន្តពាក់ស្លាកលេខរដ្ឋនោះទំនងជាងងុយដេក ក៏ ជ្រុលទៅបុកតែម្តង។
ចំពោះក្មេងប្រុសរងគ្រោះ ឈ្មោះ ជីង អាន អាយុ៥ឆ្នាំ រស់នៅជាមួយឪពុកម្ដាយក្នុងក្រុមពូទ្រង ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ក្រោយកើតហេតុលោកយន់ សារ៉ោម ដែលជាអ្នកបើកបររថយន្តបង្កហេតុផ្ទាល់មិនបាននៅសួរនាំហេតុផល ឬ ជួបឪពុកម្ដាយក្មេងរងគ្រោះនោះដើម្បីដោះស្រាយឡើយ។ តែផ្ទុយទៅវិញលោកបានព្យាយាមជម្លៀសខ្លួនចេញពីកន្លែងកើតហេតុយ៉ាងលឿនបំផុតទៀតផង។

យ៉ាងណាក៏ដោយតាមរយៈភិនភាគរថយន្តទើបគេដឹងថា ជនបង្កហេតុ គឺ លោកយន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ជាជនលេចធ្លោម្នាក់លើបញ្ហារឿងអាស្រូវនៅក្នុងខេត្តមណ្ឌលគិរី ទាំងបញ្ហាក្រុមគ្រួសារ និងបញ្ហាសង្គមពាក់ព័ន្ធអំពើហិង្សារ និងបញ្ហាដីធ្លីជាច្រើនទៀតផង។

លោកមានបញ្ហាទំនាស់ដីធ្លីច្រើនកន្លែងជាមួយប្រជាពលរដ្ឋបងប្អូនជនជាតិភាគតិច, លោកមានរោងសិប្បកម្មនៅក្បែរតំបន់អភិរក្សភ្នំព្រិចជាពិសេសលោកមានវិបត្តិគ្រួសារដោយការលែងលះជាមួយភរិយា។
ឥឡូវរឿងមួយទៀតគឺករណីបើករថយន្តបុកក្មេងបណ្ដាលឱ្យស្លា.ប់រួចលោកគេចខ្លួនព្យាយាមមិនទទួលខុសត្រូវ។ បើទោះបីជាមានរឿងអាស្រូវច្រើនរុំព័ទ្ ធនិងការស្ដីបន្ទោសពីអភិបាលខេត្តយ៉ាងណាក្តី ក៏លោកយន់ សារ៉ោម នៅតែបន្តឈរជើងយ៉ាងរឹងមាំនៅក្នុងតួនាទីជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ដដែល។
មជ្ឈដ្ឋាននានាគេរង់ចាំមើលរឿងមួយនេះទៀតពាក់ព័ន្ធនឹងអាយុជីវិតក្មេង តើលោកយន់ សារ៉ោម មានជោគវាសនាយ៉ាងណា ឬ សងលុយរួចខ្លួនដោយមិនមានទោសអ្វីទេ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News