សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

ភ្នំពេញ៖តាមរយ:ផេកហ្វេសប៊ុករបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃ១៥កើត ខែពិសាខ​ ឆ្នាំជូត ទោស័ក ពស២៥៦៣ ដែលត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០នេះ គឺជាថ្ងៃបុណ្យវិសាខបូជា ដែលជាថ្ងៃសីលផងដែរ។ មិនថាតែនៅកម្ពុជាទេ គឺនៅថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោក ក៏បាននាំគ្នាប្រារព្ធពិធីបុណ្យសាសនា ដ៏សំខាន់ខាងលើនេះផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធី បុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការ និងសាធារ ណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀត ផង។

សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរបងប្អូនជនរួមជាតិ ព្រមទាំងពុទ្ឋបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយសូមបានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកការងារនេះផងដែរ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News