ឯកឧត្តមរដ្ឋមន្ដ្រី នេត្រ ភក្ត្រា ជំរុញឲ្យលើកកម្ពស់អក្សរភាសាជាតិ ក្នុងវិស័យសារព័ត៌មាន និងបណ្ដាញសង្គមផ្សេងៗ

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា បានជំរុញអ្នកសារព័ត៌មានឲ្យពង្រឹង និងប្រើប្រាស់​ភាសាអក្សរសាស្ដ្រជាតិ ក្នុងវិស័យសារព័ត៌មានឲ្យបានត្រឹមត្រូវ ជាពិសេសតាមបណ្ដាញសង្គមជាដើម ​ដើម្បីលើកតម្កើងអក្សរសាស្ដ្រជាតិខ្មែរ។

ការថ្លែងនេះរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងសិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដារប្រតិបត្តិរួមសម្រាប់វិជ្ជាជីវៈសារព័ត៌មាន នាព្រឹកថ្ងៃ​ទី១៩ ខែមេសា ឆ្នាំ២០២៤ នាទីស្តីការក្រសួង។

រដ្ឋមន្រ្តី នេត្រ ភក្ត្រា មានប្រសាសន៍ថា «កត្តានៃកម្រិតអក្សរសាស្ដ្រគឺសំខាន់ណាស់ ប្រសិនបើយើងសរសេរអក្សរខុសក៏គេមិនមើលដែរ ទោះបីអង្គភាពយើងខ្លាំងយ៉ាងណាក្តី។ ដែលការណ៍នេះក៏ត្រូវដាក់ក្នុងធម្មនុញ្ញ​​វិជ្ជាជីវៈ​សារ​ព័ត៌មាន ដែលត្រូវប្រកាន់ខ្ជាប់នូវអក្សរខ្មែរដើម្បីកុំឲ្យខុស»។

ជាមួយគ្នានេះ រដ្ឋមន្រ្តី នេត្រ ភក្ត្រា លើកឡើងថា ​បច្ចប្បន្ន ក្មេងៗជំនាន់នេះបានប្រើប្រាស់ភាសាខ្មែរដោយមានសំនៀងខ្មែរតែជាអក្សរឡាតាំងក្នុងបណ្ដាញសង្គមផ្សេងៗដែលនេះជាក្ដីបារម្ភមួយអាចនឹងបាត់បង់អត្តសញ្ញាណនាពេលអនាគត។ លោកថាដូច្នេះសម្រាប់អ្នកសារព័ត៌មានក៏មានតួនាទីអភិរក្សអក្សរសាស្ដ្រខ្មែរដែរ។

«សម្រាប់ខ្ញុំគឺខ្ញុំប្រកាន់ខ្ជាប់នូវអក្សរសាស្ដ្រ។ ដូចជាក្នុងហ្វេសប៊ុកខ្ញុំមិនសរសេរជាភាសាអង់គ្លេសនោះទេ។ ដែលកាលពីដំបូងៗមែន ប៉ុន្តែឥឡូវគឺអត់ទេ គឺប្រើតែភាសាខ្មែរមួយសុទ្ធ គឺដើម្បីលើកតម្កើងអក្សរសាស្ដ្រជាតិរបស់យើង»។ នេះជាប្រសាសន៍របស់ រដ្ឋមន្រ្តី នេត្រ ភក្ត្រា។

សូមជម្រាបជូនថា ក្រសួង​ព័ត៌មាន​​បាន​រៀបចំ​សិក្ខា​ខាងលើនេះឡើង ​ដើម្បី​ប្រមូល​ធាតុ​ចូល ​ហើយ​ឈាន​ទៅ​បង្កើត​«ធម្មនុញ្ញ​វិជ្ជាជីវៈ​សារ​ព័ត៌មាន» ស្របតាមបរិការណ៍បច្ចុប្បន្ន។​ ក្រសួង​អះអាង​ថា​ ធម្មនុញ្ញ​នេះ​នឹង​ពង្រឹង​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារ​ព័ត៌មាន​នៅ​កម្ពុជា៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News