
ក្នុងលិខិតរំលែកមរណទុក្ខ ជូនចំពោះលោកយាយ តាក់ ឆេង និងក្រុមគ្រួសារ បានលើកឡើងថា តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្នុងនាមផ្ទាល់លោកស្រី ភឿង សកុណា មាន សេចក្តីរន្ធត់ក្ដុកក្ដួល និងក្រៀមក្រំជាទីបំផុតចំពោះមរណភាពរបស់ ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ មរតក មនុស្សរស់ដែលបានទទួលមរណភាព នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១២:៥០នាទីរសៀល ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ។
លោករដ្ឋមន្ដ្រី ភឿង សកុណា បានថ្លែងថា ក្នុងឱកាសដ៏សែនវិយោគរកទីបំផុតគ្មាននេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខ អាឡោះអាល័យ និង ក្តីសង្វេគជាពន្លឹកជាមួយ លោកយាយ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ។
យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះជាមួយ លោកយាយ ព្រមទាំង ក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ សូមបានទៅកាន់ សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕