
ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលឹកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។
បន្ទាយមានជ័យ ៖ក្រោយបែកធ្លាយរឿងអាស្រូវករណីលោក យឹម សំណាង អភិបាលស្រុកភ្នំស្រុក និងមន្ត្រីនៅបានឃុបឃិតឲ្យគេចាក់ដីលុបបំបាត់ភស្តុតាង លើដីដែលកងកម្លាំងទាំង៣ កំពុងប្តឹងផ្តល់ និងចាក់លើដីរដ្ឋដែលលក់ឲ្យឯកជនផ្សេងទៀត ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងបើកការស៊ើបអង្កេតលើមន្ត្រី និងពលរដ្ឋពាក់ព័ន្ធ ដោយឡែកម្នាក់ៗ ជុំវិញរឿងអាស្រូវអភិបាលស្រុកភ្នំស្រុក លក់ដីរដ្ឋនៅអាងត្រពាំងថ្ម ។ នេះបើតាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹង នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ។
អភិបាលខេត្តបន្ទាយមានជ័យ អ៊ុំ រាត្រី បានឲ្យផ្នែករដ្ឋបាលចេញលិខិតកោះអញ្ជើញ មន្ត្រីជាអភិបាលរងស្រុក ប្រធានភូមិបាល មន្ត្រីពាក់ព័ន្ធនៅស្រុក មេឃុំ មេភូមិ ឈ្មួញ ពលរដ្ឋមួយចំនួន ដើម្បីចូលខ្លួនបំភ្លឺករណីទីតាំងដីទុក សម្រាប់ធ្វើប៉ុស្តិ៍ការពារសន្តិសុខសណ្តាប់ធ្នាប់ របស់កងកម្លាំងទាំង៣ (នគរបាល កងរាជអាវុធហត្ថ និងផ្នែកសឹករងស្រុក) និងដីរបស់ពលរដ្ឋនៅសងខាងផ្លូវ ឡើងអាងទំនប់អាងត្រពាំងថ្ម ស្ថិតនៅភូមិត្រពាំងថ្មកណ្តាល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ការបំភ្លឺនឹងធ្វើនៅសាលាខេត្តដាច់ដោយឡែកពីគ្នា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ខាងមុខ ។ ការកោះហៅនេះ បន្ទាប់ពីលោកអភិបាលខេត្ត បានដឹកនាំប្រជុំដោះស្រាយបាតុភាព នៃការផ្ទុះរឿងអាស្រូវ ដោយចោទប្រកាន់ថា លោក យឹម សំណាង អភិបាលស្រុកភ្នំស្រុក បានឃុបឃិតគ្នាលក់ដីរដ្ឋនៅអាងត្រពាំងថ្ម ក្នុងអំឡុងខែមីនា និងខែមេសា ឆ្នាំ២០២០ កន្លងមក ។

ក្រោយបែកធ្លាយរឿងអាស្រូវនេះទៅហើយ ក៏លោកអភិបាលស្រុកភ្នំស្រុក និងមន្ត្រីនៅបានឃុបឃិតឲ្យគេចាក់ដីលុបបំបាត់ភស្តុតាង លើដីដែលកងកម្លាំងទាំង៣ កំពុងប្តឹងផ្តល់ និងចាក់លើដីរដ្ឋដែលលក់ឲ្យឯកជនផ្សេងទៀត ។
លិខិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ លេខ២៦៦/ ២០សជណ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ចុះហត្ថលេខាដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបង្ហាញឲ្យដឹងថា ៖ បច្ចុប្បន្នរដ្ឋបាលខេត្តបន្ទាយមានជ័យ បានពិនិត្យឃើញថា មានការចាក់បំពេញអាចម៍ដី និងសាងសង់សំណង់លើទីតាំងដីរដ្ឋ នៅសងខាងផ្លូវឡើងទៅអាងត្រពាំងថ្ម ស្ថិតនៅភូមិត្រពាំងថ្មខាងជើង ភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ។ ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តស្នើលោកអភិបាលស្រុកភ្នំស្រុក ចាត់វិធានការទប់ស្កាត់ការចាក់បំពេញអាចម៍ដី ការសាងសង់សំណង់គ្រប់ប្រភេទ ដោយគ្មានលិខិតអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ច និងហាមបញ្ជាក់ទទួលស្គាល់រាល់ការទិញ លក់ដូរ ផ្ទេរសិទ្ធិគ្រប់ប្រភេទលើទីតាំងដីរដ្ឋ នៅសងខាងផ្លូវឡើងទៅអាងត្រពាំងថ្ម ។
សូមរំលឹកដែរថា កន្លងមក ដល់ថ្ងៃនេះ នៅតែមានករណីដូចដែលខេត្ត បានហាមដូចខាងលើ ដែលមើលទៅលោកអភិបាលស្រុកភ្នំស្រុក និងរដ្ឋបាលស្រុកនេះ មិនត្រឹមតែមិនទទួលស្គាល់កំហុសរបស់ខ្លួន ដែលប្រើល្បិចកលជាក្រុមបន្លំលក់ដីរដ្ឋ របស់អាជ្ញាធរដែនដី និងដីរដ្ឋនៃក្រសួងធនធានទឹក ទៅឲ្យឯកជនប៉ុណ្ណោះទេ ។ ប៉ុន្តែនៅថែមទាំងធ្វើជាខ្នងបង្អែក ឲ្យអ្នកឃុបឃិតក្នុងរត់ការធ្វើប័ណ្ណសម្គាល់កម្មសិទ្ធិលើអចលនវត្ថុ (ប្លង់រឹង) និងឲ្យមានចលនាចាក់ដីបំពេញលើបឹងត្រាវ បឹងកំប្លោក បឹងឈូកជាដីរដ្ឋនៅទីតាំងខាងលើថែមទៀត។

សកម្មភាពខុសច្បាប់ខាងលើ បានផុលផុសខ្លាំងនៅក្នុងទូទាំងខេត្ត និងប្រទេសបានជាប់ដៃបាននិងកំពុងធ្វើយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត១៩។ សូមរំលឹកដែរថា ដីរដ្ឋ៣ទីតាំងនៅជាប់អាងត្រពាំងថ្ម ដែលត្រូវបានលោក យឹម សំណាង អភិបាលស្រុកភ្នំស្រុក និងមន្ត្រី ព្រមទាំងឈ្មួញ រត់ការឃុបឃិតគ្នាលក់ ផ្ទេរ ដោះដូរមាន៣ ៖ ប្រភេទទី១ ដីនោះស្ថិតនៅជាប់ខាងត្បូងផ្លូវចូលអាងត្រពាំងថ្ម និងក៏ជាប់នឹងរោង ខ្ចូសលក់អាហាររមណីយដ្ឋានអាងត្រពាំងថ្ម ហើយត្រូវបានចែកជារបបអង្គភាពរដ្ឋ៣ស្ថាប័ន ( នគរបាល អាវុធហត្ថ និងយោធា) មានទំហំទទឹង៣៦ម៉ែត្រ បណ្តាយជិត១០០ម៉ែតត្រ ឬប្រមាណ៥.៥៧៣ម៉ែត្រក្រឡា។ លក់ក្នុងតម្លៃ១ម៉ែត្រ ដើរគុណជម្រៅ១០០ម៉ែត្រ តម្លៃ៣.៥០០ទៅ៤.០០០ដុល្លារ ។ ទី២ -ដីជាប់-ក ខាងកើតនៃស្ពានទី១ទំនប់អាងត្រពាំងថ្ម ដែលដោះដូរឲ្យឯកជនធ្វើហាងអាហារយីហោ យៀត និមល ទំហំជាង៣០ម៉ែត្រគុណ៥០ម៉ែត្រ ។ និងទី៣ ក៏មានការផ្ទេរកម្មសិទ្ធិដីធ្លី ពីក្នុងនោះ២កន្លែងទៀត ក៏ត្រូវបានផ្ទេរកម្មសិទ្ធិផងដែរ ។ គឺដីរបស់ឈ្មោះ សាវ៉ង់ យាយថឺង ១កន្លែងដែលកំពុងចាក់ដី និងដីរបស់ឈ្មោះ រតន៍ ដែលកំពុងសាងសង់ហាងកាហ្វេកុងតឺន័រ ។ ដី១កន្លែងៗ មានទំហំទទឹងជាង៣០ម៉ែត្រ បណ្តោយជាង១០០ម៉ែត្រ ។
ចំពោះដីទីតាំងទី១ ខាងលើ បើយោងលិខិតរដ្ឋបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ៖ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារស្រុកដែល រួមមានលោក សុក រឹទ្ធី អភិបាលរងស្រុក លោក តាំង ផាន ប្រធានភូមិបាលស្រុក លោកឃុត ឃួន មេឃុំប៉ោយចារ និងមន្ត្រីអាជ្ញាធរ និងជំនាញបានចុះអង្កេតវាស់វែងដីលំនៅឋាន របស់ឈ្មោះ ស៊ិប ប៊ុនធូ អាយុ៥២ឆ្នាំ និងប្រពន្ធឈ្មោះ ឃាង ឆៃ អាយុ៤៦ឆ្នាំ លំនៅភូមិ-សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ គឺផ្ទេរកម្មសិទ្ធិកាន់កាប់ដីលំនៅដ្ឋាន ពីឈ្មោះ តោ ប៊ុនហ៊ាន ភេទប្រុស អាយុ៦៤ឆ្នាំ និងឈ្មោះ ផាំង កែវឡៃ អាយុ៦៤ឆ្នាំ ជាប្រពន្ធនៅភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុកនោះ ។ អំពីការផ្ទេរកម្មសិទ្ធិនេះ មន្ត្រីនៃអង្គភាពខាងលើ ក៏ដូចពលរដ្ឋបានបញ្ជាក់ថា ៖ នេះជាដីរដ្ឋ មិនមែនដីរបស់ពលរដ្ឋឈ្មោះ តោ ប៊ុនហ៊ាន និងប្រពន្ធឈ្មោះ ផាំង កែវឡៃ ទៀតទេ ។
ផ្តើមចេញពីសកម្មភាពខាងលើនេះ ក្រសួងធនធានទឹក និងឧតុនិយម មានការព្រួយបារម្ភជាខ្លាំងចំពោះបញ្ហាដែលអាចកើតឡើងដល់លទ្ធភាពនៃការរំដោះទឹក និងបង្កជាគ្រោះមហន្តរាយទឹកជំនន់ ដោយសារចំណីមាត់ច្រាំងទន្លេ ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ ឬតំបន់ផ្ទៃរងទឹកភ្លៀងមួយចំនួនត្រូវបានរំលោភចាក់ដីលុប និងការសាងសង់បិទផ្លូវទឹក នានា ដោយពុំស្របតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន។
ចំពោះករណីខាងលើនេះ ឯកឧត្តមរដ្ឋមន្ត្រី សូមឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានីខេត្ត មានវិធានការសមស្របដើម្បីជួយទប់ស្កាត់ការរំលោភ និងចាក់ដីលុប៕
