​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​

នៅ​ព្រឹក​ថ្ងៃ​សុក្រ ៦​កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព​។

​កិច្ចប្រជុំ​នេះ បាន​ពិនិត្យ និង​ពិភាក្សា​លើ​របៀបវារៈ​សំខាន់ៗ​មួយចំនួន​ដូច​ខាងក្រោម​៖
១៖ សេចក្តីព្រាង​គោលនយោបាយ​ជាតិ​លុបបំបាត់​ជំងឺអេដស៍ និង​ចីរភាព​កម្មវិធី​អេដស៍ សម្រាប់​ឆ្នាំ​២០២៣-២០២៨
២៖ សេចក្តីព្រាង​កម្មវិធី​វិនិយោគសាធារណៈ​៣​ឆ្នាំ​រំកិល​២០២៥-២០២៧​។​
៣៖ សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​។​
​កិច្ចប្រជុំ​ក៏​បាន​ពិភាក្សា​លើ​បញ្ហា​ផ្សេងៗ​ទៀត ពាក់ព័ន្ធ​នឹង​កិច្ចការ​ដឹកនាំ​រដ្ឋ​ទាំង​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ​។

​ជា​កិច្ច​ចាប់ផ្ដើម សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ការបោះឆ្នោត​ព្រឹទ្ធសភា នីតិកាល​ទី​៥ ដែល​បាន​ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដោយ​មាន​គណបក្ស ៤ ចូលរួម​ប្រកួតប្រជែង និង​មាន​អង្គ​បោះឆ្នោត​ចូលរួម​រហូត​ដល់ ៩៩,៨៦%​។ លទ្ធផល​នៃ​ការបោះឆ្នោត​ព្រឹទ្ធសភា បាន​បង្ហាញ​ពី​ភាពចាស់ទុំ​ផ្នែក នយោបាយ និង​វឌ្ឍនភាព​នៃ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ទៀតថា សកម្មភាព​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល ក្នុង​រយៈពេល​ជាង​៦​ខែ​កន្លងមកនេះ គឺ​យើង​បាន​ដាក់ចេញ​នូវ​កម្មវិធី​គោលនយោបាយ អាទិភាព​ចំនួន​៦ សម្រាប់​ចាប់ផ្តើម​អនុវត្ត​ភ្លាម ក្នុង​ឆ្នាំ​២០២៣​។ រាជរដ្ឋាភិបាល​បាន​ធ្វើ​ការពង្រីក​របប​សន្តិសុខ​សង្គម និង​មូលនិធិ​សមធម៌​សុខាភិបាល​ដល់​ប្រជាជន​សរុប ៦,៨ លាន​នាក់​។ ជាមួយគ្នា​នោះ​រាជរដ្ឋាភិបាល​ក៏​បាន​បង្កើន​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅ​ទូទាំង​ប្រទេស​។​

​សម្ដេច​ធិបតី​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា រាជរដ្ឋាភិបាល​ក៏​បាន​ធ្វើ​ស្ថាបនូបនីយកម្ម​កម្មវិធី​ជាតិ​ជំនួយ​សង្គម​សម្រាប់​គ្រួសារ​ក្រីក្រ​, ក្រុម​ជន​ងាយ​រងគ្រោះ​នៅ​ក្នុង​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នៅ​ក្នុង​គ្រា​មាន​វិបត្តិ​សេដ្ឋកិច្ច និង​គ្រា​មាន​អាសន្ន និង​ការជំរុញ​និង​លើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ផងដែរ​។ ក្នុងនោះ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏មាន ការរៀបចំ​យន្តការ​សម្របសម្រួល និង​កម្មវិធី​ហិរញ្ញប្បទាន សំដៅ​លើកស្ទួយ ផលិតកម្ម​, រក​ទីផ្សារ និង​រក្សា​លំនឹង​ថ្លៃ​កសិផល​សំខាន់ៗ ក្នុង​កម្រិត​សមរម្យ​។ ការ​ដាក់​ពង្រាយ​មន្ត្រី​បច្ចេកទេស​កសិកម្ម​នៅ​គ្រប់ ឃុំ សង្កាត់ សកម្មភាព​កសិកម្ម​នៅ​ទូទាំង​ប្រទេស សំដៅ​ធ្វើ​យ៉ាងណា​ជំរុញ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឲ្យ​កាន់តែ​រីកចម្រើន​ទំនុក​ទៀត​។

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ទទួលស្គាល់ថា ស្ថានភាព​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា មិន​ល្អ​ប្រសើរ​ពេក​ទេ ហើយ​ការជួប​ជាមួយ​វិនិយោគិន​កន្លងទៅ មិនមែន​ជួប​១​ថ្ងៃ​គាត់​ដាក់ទុន​នោះទេ យើង​ត្រូវ​ការសិក្សា​ទៅលើ​ផ្នែក​សំខាន់ៗ​ជាច្រើន​ទៀត ការធ្វើ​ឲ្យ​វិនិយោគិន​មាន​ទំនុកចិត្ត​មកលើ​យើង​។

​នៅថ្ងៃនេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​ប្រាប់​សារព័ត៌មាន​បរទេស ដែល​ចង់ដឹង​ពី​ទំហំ​វិនិយោគ ឲ្យ​ឆែក​ជាមួយ CDC ហើយ​បើ​ចង់​ដឹង​អំពី​ពាណិជ្ជកម្ម ត្រូវ​ទាក់ទង​ទៅ​ក្រសួង​ពាណិជ្ជកម្ម​។ សម្តេច​ធិបតី បាន​ថ្លែងថា រាជរដ្ឋាភិបាល បាន​ដាក់ចេញ​នូវ​វិធានការ​គន្លឹះ​ចំនួន​៥ ដើម្បី​ជំរុញ និង​បង្កើន​ល្បឿន​បន្ថែម លើ​កិច្ច​ការ​កែទម្រង់​មួយចំនួន ក្នុង​គោលដៅ​កែលម្អ និង​ឈាន​ទៅ​កសាង​សមត្ថភាព និង​យន្តការ​ស្ថាប័ន​រឹងមាំ​រួមមាន​៖
១- វិធានការ​គន្លឹះ ក្នុង​ការកែទម្រង់​វិស័យ​រដ្ឋបាល​សាធារណៈ
២-​វិធានការ​គន្លឹះ ក្នុង​ការកែទម្រង់​វិស័យ​អប់រំ
៣-​វិធានការ​គន្លឹះ ក្នុង​ការកែទម្រង់​វិស័យ​សុខាភិបាល
៤-​វិធានការ​គន្លឹះ​ក្នុង​ការលើកកម្ពស់​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព
៥-​វិធានការ​គន្លឹះ​ក្នុង​ការពង្រឹង និង​លើកកម្ពស់​គុណភាព និង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធយុត្តិធម៌​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​ទៀតថា រយៈពេល​៦​ខែ​មកនេះ ក្រោយ​បង្កើត​រដ្ឋាភិបាល​ថ្មី មាន​គម្រោង​ថ្មី​១៧៣​គម្រោង​បាន​ចុះបញ្ជី​វិនិយោគ​នៅ CDC​។ ក្នុង​ចំណោម​អ្នក​ដែល​បាន​ជួប​សម្តេច​រាប់រយ​កន្ល​ង​មក មាន​មួយ​ចំនួន​ជ្រើសរើស​កម្ពុជា​សម្រាប់​វិនិយោគ និង​មួយចំនួនទៀត​មិនទាន់​សម្រេច​ចិត្ត​ជ្រើសរើស​កម្ពុជា​នៅឡើយ​ទេ ហើយ​អ្នក​ដែល​ជ្រើសរើស​មាន ១៧៣​គម្រោង​។​

​សម្ដេច​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា រយៈពេល​៦​ខែ​មកនេះ មាន​ទុន​វិនិយោគ​៤១៥០​លាន​ដុល្លារ នៅក្នុង​ប្រទេស​កម្ពុជា​។ ក្នុង​ចំណោម​គម្រោង​វិនិយោគ​នៅ​កម្ពុជា ១៧៣​គម្រោង​នេះ បាន​បង្កើត​ការងារ​ប្រមាណ​ជាង​១៧​ម៉ឺន​កន្លែង​។ សម្តេច​បាន​មានប្រសាសន៍​បញ្ជាក់​ថា រយៈពេល​៦​ខែ នៃ​ការដើរ​ទាក់​ម៉ូយ មិនមែន​ទាក់​បានតែ​ខ្យល់​ទេ គឺ​ទាក់​បាន​គម្រោង​ទាំង​នេះ​ដែរ​។ រយៈពេល ៦​ខែ​មកនេះ រោងចក្រ​សហគ្រាស​សរុប​ដែល​បាន​បើក​ថ្មី​មាន​៣៣១៣ ក្នុងនោះ​មាន​វិស័យ​កាត់ដេរ ១៦៤​រោងចក្រ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ក្នុង​រយៈពេល​៦​ខែ​មកនេះ កម្ពុជា​នាំ​ចេញ​បាន​ក្នុង​ទំហំ​ទឹកប្រាក់ ១១,៨​ពាន់​លាន​ដុល្លារ បើ​ប្របៀប​នឹង​រយៈពេល​ដូចគ្នា គឺ​មាន​កំណើន​ជាង ១,៦​ពាន់​លាន​ដុល្លារ ដែល​បង្ហាញ​ថា សេដ្ឋកិច្ច​យើង​មាន​កំណើន​ជា​បន្តបន្ទាប់​៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News