សេចក្ដីថ្លែងការណ៍រួមនោះ ចិនបានកោតសរសើរកម្ពុជាដែលបានបង្ក្រាបល្បែងស៊ីសងតាមអ៉ីនធឺណេតខុសច្បាប់ និងបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការសន្ដិសុខ និងតុលាការ ព្រមទាំងពន្លឿនការចុះហត្ថលេខាលើសន្ធិសញ្ញាទ្វេភាគីដើម្បីជំរុញការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។
ប្រទេសចិននិងកម្ពុជា កំពុងពន្លឿនការចរចាដើម្បីឱ្យសម្រេចបានការចុះហត្ថលេខាលើសន្ធិសញ្ញាទ្វេភាគី ស្ដីពីជំនួយផ្នែកច្បាប់ក្នុងសំណុំរឿងព្រហ្មទណ្ឌ ដើម្បីជំរុញការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមកម្ពុជា-ចិន ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។
ក្នុងសេចក្ដីថ្លែងការណ៍នោះសរសេរបន្ថែមថា៖ «ភាគីទាំងពីរនឹងពង្រឹងសុវត្ថិភាពរបស់ពលរដ្ឋកម្ពុជា និងចិននៅក្នុងប្រទេសរៀងៗខ្លួន ព្រមទាំងបង្កើនការការពារសុវត្ថិភាពនៃគម្រោងធំៗក្នុងក្របខណ្ឌនៃការអភិវឌ្ឍខ្សែក្រវ៉ាត់ និងផ្លូវ»។
មុនការមកដល់របស់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង មកកម្ពុជា២ថ្ងៃក្រសួងការបរទេសកម្ពុជាបានចេញសេចក្ដីបំភ្លឺមួយពីការចុះបង្ក្រាបមជ្ឈមណ្ឌលបោកប្រាស់អនឡាញមួយកន្លែងនៅភ្នំពេញ ដោយមានការចាប់ខ្លួនឧក្រិដ្ឋជនចិនមួយចំនួនផងដែរ ក្រោយការបង្ក្រាបពួកគេត្រូវបញ្ជូនទៅកាន់ប្រទេសចិនតាមនីតិវិធីច្បាប់របស់កម្ពុជា និងកិច្ចព្រមព្រៀង សន្ថិសញ្ញាបត្យាប័ន និងក្របខណ្ឌកិច្ចសហប្រតិបត្តិការសន្ដិសុខកម្ពុជា-ចិន៕