សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ លើកទឹកចិត្ត​ឱ្យ​វិស័យ​រដ្ឋ ឯកជន និង​គ្រប់​ភាគី​ពាក់ព័ន្ធ ធ្វើការ​រួមដៃគ្នា​ក្នុងការ​លើ​កម្ពស់​វិស័យ​សុខាភិបាល នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន ធានា​បាន​ការលើកកម្ពស់​សុខភាព និង​សុខុមាលភាព​ជូន​ប្រជាជន​ទូទាំង​ប្រទេស​

នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​សុខាភិបាល​លើក​ទី ៤៣ ស្តី​ពី​សមិទ្ធផល​សុខាភិបាល​ឆ្នាំ ២០២៣ និង​ទិសដៅ​ការងារ​ឆ្នាំ ២០២៤ នៅ​សណ្ឋាគារ សូហ្វីតែ​ល ក្នុង​រាជធានី​ភ្នំពេញ ។​

​នៅក្នុង​ពិធី​ដ៏​អធិកអធម​នោះ សម្តេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាល​ទី ៧ នៃ​រដ្ឋសភា បាន​ដាក់ចេញ យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ ដោយ​បាន​កំណត់​បញ្ច​កោណ​យុទ្ធសាស្ត្រ​ទី​១ គឺ «​ការអភិវឌ្ឍ​មូលធន​មនុស្ស​» ដែល​ជា​លក្ខខណ្ឌ​ចាំបាច់​មិន​អាច​ខ្វះ​បាន​សម្រាប់​ជំរុញ​ពិពិធ​កម្ម និង កំណើន​សេដ្ឋកិច្ច​ប្រកបដោយ បរិយាប័​ន្ន និង ភាព​ធន់ ។

​មូលធន​មនុស្ស មាន​សុខភាព​ល្អ និង​គុណភាព​ខ្ពស់ គឺជា​ទ្រព្យសកម្ម​របស់​ជាតិ​ដ៏​មានតម្លៃ និង​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចជាតិ ។ «​ការលើកកម្ពស់​សុខភាព និង សុខុមាលភាព​ប្រជាជន​» គឺជា​អាទិភាព​មួយ​ក្នុងចំណោម​អាទិភាព​ទាំង ៥ របស់​រាជរដ្ឋាភិបាល សម្រាប់​ការអភិវឌ្ឍ​មូលធន​មនុស្ស ដោយ​មាន​គោលដៅ​យុទ្ធសាស្ត្រ​ផ្តោតលើ​ការបន្ត​កាត់បន្ថយ​អត្រា​ឈឺ និង​ស្លាប់​បណ្តាលមកពី​ជំងឺមិនឆ្លង​ចម្បងៗ និង​ការលើកកម្ពស់​សុខភាព​បន្ត​ពូជ សុខភាព​ទារក កុមារ និង​មាតា ។ ដើម្បី​ឈាន​ទៅ​សម្រេច​ឱ្យបាន​នូវ​គោលដៅ​យុទ្ធសាស្ត្រ​នេះ រាជរដ្ឋាភិបាល​បាន​ដាក់ឱ្យ​អនុវត្ត​ភ្លាមៗ​នូវ​កម្មវិធី​គោលនយោបាយ​អាទិភាព​ទី ១ ក្នុងចំណោម​កម្មវិធី​គោលនយោបាយ​អាទិភាព​ទាំង​ប្រាំមួយ គឺ​ការផ្តល់​ការថែទាំ​សុខភាព​ឆ្ពោះ​ទៅ​ការ​គ្របដណ្តប់​សុខភាព​ជា​សកល ។

​ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល​បាន​ដាក់ឱ្យ​អនុវត្ត​វិធានការ​គន្លឹះ​ក្នុង​វិស័យ​សុខាភិបាល ក្នុង​គោលដៅ​លើកកម្ពស់​គុណភាព​សេវា​សុខាភិបាល និង​ពង្រឹង​សមត្ថភាព​ក្នុង​ការផ្តល់​សេវា​សុខភាព​បឋម​នៅ​មូលដ្ឋាន ដោយ​ផ្តោត​ជា​ចម្បង​លើ​៖ ទី​១. ការពង្រឹង​សមត្ថភាព​ផ្តល់​សេវា​នៅ​មណ្ឌល​សុខភាព និង មន្ទីរពេទ្យបង្អែក​, ទី​២. ការអភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន​សុខាភិបាល​គ្រប់​លំដាប់ថ្នាក់ ក្នុង​ការគ្រប់គ្រង​ធនធានមនុស្ស ហិរញ្ញវត្ថុ ការងារ​និយតកម្ម និង ការឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​សុខភាព​សាធារណៈ និង​គ្រោះអាសន្ន​សុខភាព ព្រមទាំង​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​កិច្ចដំណើរការ​មុខងារ​ស្ថាប័ន​។

​លើសពីនេះ ដើម្បី​ធានា​បាន​កម្រិត​នៃ​ចំណេះដឹង​ច្បាស់លាស់​របស់​ធនធាន​មនុស្ស​ដែល​បាន​បណ្តុះបណ្តាល សម្តេច​ធិបតី បាន​ប្រកាស​ប្រគល់​សិទ្ធិ​ឱ្យ​ក្រសួង​សុខាភិបាល​ទទួល​ខុសត្រូវ មាន​ជាអាទិ៍ ការបើក​-​បិទ​គ្រឹះស្ថានសិក្សា អនុម័ត​លើ​កម្មវិធីសិក្សា​ថ្នាក់ជាតិ គ្រប់គ្រង​ការប្រលង​ចូល​-​ចេញ​ថ្នាក់ជាតិ ការចុះហត្ថលេខា​លើ​សញ្ញាបត្រ ការបញ្ជាក់​ភាពត្រឹមត្រូវ និង​សមមូល​លើ​វិញ្ញាបនបត្រ​ក្នុង​វិស័យ​សុខាភិបាល​, និង ទី​៣. ការកសាង​ភាពជា​ដៃគូ​រឹងមាំ​រវាង​វិស័យ​សុខាភិបាល​សាធារណៈ និង​ឯកជន ដើម្បី​ធានា​ឱ្យ​ប្រជាជន​ទទួលបាន​សេវា​ថែទាំ​សុខភាព​មាន​គុណភាព សុវត្ថិភាព និង ប្រសិទ្ធភាព​ខ្ពស់ ។

​ទន្ទឹមនេះ សម្តេច​ធិបតី ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា រាជរដ្ឋាភិបាល នឹង​បន្ត​ខិតខំ​ព្យាយាម​ពង្រីក​សមិទ្ធផល​វិជ្ជមាន និង​កាត់បន្ថយ​នូវ​សមិទ្ធផល​អវិជ្ជមាន​ទាំងទ្បាយ ដោយ​ក្នុង​នោះ សម្តេច​ធិបតី​បាន​លើកទឹកចិត្ត​ឱ្យ​វិស័យ​រដ្ឋ ឯកជន និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ធ្វើការ​រួមគ្នា ដេ​ី​ម្បី​លើ​កម្ពស់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត ធានា​បាន​ការលើកកម្ពស់​សុខភាព និង​សុខុមាលភាព​ជូន​ប្រជាជន​ទូទាំង​ប្រទេស ។​

​ជា​ចុងក្រោយ សម្តេច​មហា​បវរ​ធិបតី បាន​ធ្វើ​ការកោតសរសើ​រ ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​សុខាភិបាល​គ្រប់​លំដាប់ថ្នាក់ ជាពិសេស គ្រូពេទ្យ និង​បុគ្គលិក​សុខាភិបាល នៅ​តាម​ប៉ុស្តិ៍​សុខភាព មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក​គ្រប់​កម្រិត និង​មន្ទីរពេទ្យ​ជាតិ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ និង​ភារកិច្ច​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​លះបង់​ខ្ពស់ ក្នុង​ការបម្រើ និង​ផ្តល់​សេវា​សុខាភិបាល​ជូន​ប្រជាជន ។

​ទន្ទឹមនឹងនេះ សម្តេច​ធីបតី ក៍​បាន​កោត​សរសេីរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដៃគូ​អភិវឌ្ឍន៍​ជាតិ​-​អន្តរជាតិ អង្គការ​មិនមែន​រដ្ឋាភិបាល វិស័យ​ឯកជន អ្នកស្ម័គ្រចិត្ត​ការងារ​សុខភាព​តាម​ភូមិ​-​ឃុំ ដែល​បាន និង​កំពុង​ចូលរួម​ក្នុងការ​បង្កើន​សមត្ថភាព​ផ្តល់​សេវា​ថែទាំ​សុខភាព និង​ការអភិវឌ្ឍ​វិស័យ​សុខាភិបាល​របស់​កម្ពុជា ជាពិសេស ការខិតខំ​ប្រឹងប្រែង​រួមគ្នា នា​ពេលកន្លងមក ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ដោយ​ជោគជ័យ ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News