សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ ឯកឧត្ដម Chang Won Sam ប្រធាន​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ

រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​៥​កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២៤ ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្ដម Chang Won Sam ប្រធាន​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម Chang Won Sam បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​ឯកឧត្តម និង​សហការី បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​បាន​ជម្រាប​ផងដែរ​ថា កម្ពុជា​ជា​ប្រទេស​ទី​មួយ ដែល​ឯកឧត្តម​បាន​មក​បំពេញ​ទស្សនកិច្ច​ក្នុង​តំបន់​អាស៊ី ចាប់តាំងពី​ឯកឧត្តម​បំពេញ​តួនាទី​ជា​ប្រធាន KOICA កាលពី​ឆ្នាំ​២០២៣​។ ឯកឧត្តម​ប្រធាន ក៏​បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​សម្ដេច​ធិបតី ដែល​ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ខែ​សីហា ឆ្នាំ​២០២៣ កន្លងទៅនេះ​។ បន្ថែម​ពី​នេះ ឯកឧត្តម​ប្រធាន បាន​គោរព​ជម្រាបជូន​សម្តេច​ធិបតី​ថា ឯកឧត្តម​ធ្លាប់បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ម្តង​កាលពី​ឆ្នាំ​២០០៦ ហើយ​តាមរយៈ​ទស្សនកិច្ច​លើក​នេះ ឯកឧត្តម​បាន​កត់សម្គាល់ឃើញ​ពី​ការផ្លាស់ប្តូរ និង​ភាព​រីកចម្រើន​យ៉ាង​ខ្លាំងក្លា​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា ដែល​នេះ​បង្ហាញ​ពី​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ជា​ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ហើយ​ឯកឧត្តម មាន​ជំនឿ​ជា​ក់ថា ក្រោម​ការដឹកនាំ​របស់ សម្ដេច​ធិបតី ព្រះរាជាណាចក្រ​កម្ពុជា​នឹង​មាន​ការអភិវឌ្ឍ​រីកចម្រើន​បន្ថែម​ទៀត​ផង​ដែរ​។

​ឯកឧត្តម​ប្រធាន ក៏​បាន​គោរព​ជម្រាបជូន សម្តេច​ធិបតី ផងដែរ​ថា រដ្ឋាភិបាល​កូរ៉េ​បាន​ឈ្វេងយល់​យ៉ាងច្បាស់​អំពី​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​-​ដំណាក់កាល​ទី​១ ហើយ KOICA បាន​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការប្តេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​សំខាន់ៗ រួមមាន​៖ (១) ការប្តេជ្ញា​បន្ត​ផ្តល់​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​អភិវឌ្ឍន៍​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា (២) ការ​បន្ត​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) ដល់​កម្ពុជា និង (3) ការប្តេជ្ញា​យ៉ាង​មុតមាំ​ក្នុង​ការបន្ត​នូវ​កិច្ចសហប្រតិបត្តិការ តាមរយៈ​ការ​បន្ស៊ី​គ្នា​រវាង​កម្ម​វិធិ​អភិវឌ្ឍន៍ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ចូល​រួមចំណែក​ដល់​ការសម្រេចបាន​នូវ​គោលដៅ និង​ចក្ខុវិស័យ​របស់​កម្ពុជា​។ បន្ថែម​ពី​នេះ ឯកឧត្តម​ប្រធាន ក៏​បាន​បង្ហាញ​ពី​ការបន្ត​ជួយ​គាំទ្រ​ដល់​សកម្មភាព​បោសសម្អាត​មីន និង​បាន​សម្តែង​នូវ​ការកោតសរសើរ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​នៃ​អនុសញ្ញា​ស្តីពី​ការហាម​ការប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស (​អនុសញ្ញា​អូ​តា​វ៉ា​) នាពេល​ខាងមុខ​នេះ​ផង​ដែរ​។

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​ឯកឧត្ដម Chang Won Sam និង​សហការី ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា​និង​សាធារណរដ្ឋ​កូរ៉េ ព្រមទាំង​បាន​កោតសរសើរ​ចំពោះ​តួនាទី​យ៉ាង​សកម្ម​របស់ KOICA ក្នុង​ការកសាង និង​អភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​។ ទន្ទឹម​នោះ សម្តេច​ធិបតី ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ​របស់​សាធារណរដ្ឋ​កូរ៉េ​នៅ​ប្រទេស​កម្ពុជា ដែល​ជា​ការចូលរួមចំណែក​ក្នុង​ការអភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​ផង​ដែរ​។ បន្ថែម​ពី​នេះ សម្តេច​ធិបតី ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​នឹង​បន្ត​ការអភិវឌ្ឍ​នូវ​គោលនយោបាយ ដោយ​ឈរ​លើ​ស្មារតី​សង្គតិភាព និង​និរន្តរភាព ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​មុន ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​ឆ្នាំ​២០៥០ ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់ ដោយ​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​វិធាន​គន្លឹះ​ទាំង​៥ និង​គោលនយោបាយ​អាទិភាព​ទាំង​៦ ដោយ​ផ្តោត​លើ​ការអភិវឌ្ឍ​មូលធន​មនុស្ស ដែល​ជា​លក្ខខណ្ឌ​ចាំបាច់​មិន​អាច​ខ្វះ​បាន​សម្រាប់​ជំរុញ​ពិពិធ​កម្ម និង​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​បរិយាប័​ន្ន និង​ភាព​ធន់​។ ជាងនេះទៅទៀត សម្តេច​ធិបតី ក៏បាន​អរគុណ​ដល់​រដ្ឋាភិបាល​កូរ៉េ តាមរយៈ KOICA ដែល​បាន​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) នា​ពេលកន្លងមក និង​បន្ត​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) បន្ថែមទៀត ៕

 

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News